ភ្នំពេញៈ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ឱ្យ​អ្នក​នាំចេញ​នាំចូល​ពោតក្រហម​ត្រូវគោរព​តាម​លក្ខខណ្ឌ​តម្រូវ​ថ្មី​របស់​ប្រទេស​ថៃ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ដែល​អាច​កើតឡើង​ជាយថាហេតុ​ពាក់ព័ន្ធ​នឹង​ការគោរព​ទៅតាម​អនុលោមភាព។

សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ២៨ ខែកក្កដា​នេះ ឱ្យដឹងថា យោងតាម​លិខិត​លេខ AC:0914/1629 ចុះ​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ របស់​នាយកដ្ឋាន​កសិកម្ម​ថៃ​ស្តីពី​កានាំចូល​គ្រាប់ពោត​ពី​ប្រទេស​កម្ពុជា​ ទៅ​ប្រទេស​ថៃ​ ដែល​ដាក់​លក្ខខណ្ឌ​ថ្មី​សម្រាប់​ការនាំចេញ​គ្រាប់ពោត​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ ​អនុវត្ត​ចាប់ពី​ឆ្នាំ ២០២១ តទៅ។

សេចក្តី​ជូនដំណឹង​បន្តថា សម្រាប់​បណ្តា​ក្រុមហ៊ុន​ដែលមាន​បំណង និង​កំពុង​នាំចេញ​គ្រាប់ពោត​ទាំងអស់​ត្រូវ​អនុវត្តតាម​បណ្តា​លក្ខខណ្ឌ​ថ្មី រួមមាន​ត្រូវមាន​លិខិត​អនុញ្ញាត​នាំចូល (Importpermit) ពី​នាយកដ្ឋាន​កសិកម្ម​ថៃ​ជាមុន មុននឹង​នាំចេញ។ គ្រាប់ពោត​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ប្រទេស​ថៃ​តាម​ផ្លូវគោក ឬ​ផ្លូវ​សមុទ្រ។

គ្រាប់ពោត​ត្រូវតែ​ធានាថា ស្អាត​ល្អ និង​គ្មាន​សមាសភាព​ចង្រៃ​រស់​គ្មាន​រោគសញ្ញា​ និង​ភ្នាក់ងារ​ចម្លង ការវេចខ្ចប់​គ្រាប់ពោត​ត្រូវតែ​ស្អាត​ជានិច្ច និង​ជាការ​វេចខ្ចប់​ថ្មី​ហើយ​គ្រាប់ពោត​ត្រូវធ្វើ​ធូបនកម្ម​មុននឹង​នាំចេញ​ដោយ​ប្រើប្រាស់​ថ្នាំ Methyl Bromide។

លិខិត​បាន​បន្តថា គ្រាប់ពោត​ត្រូវ​ដឹក​តាម​កុងតឺន័រ ឬ​រថយន្ត​ដឹកទំនិញតូច។ នៅក្នុង​ករណី​ដឹកជញ្ជូន​តាម​រថយន្ត​ដឹកទំនិញ​តូចៗ​ត្រូវ​បិទ​ជិត។ ប្រសិនបើ​រថយន្ត​ដឹកទំនិញ​តូចៗ​បើកចំហ​នោះ ត្រូវ​គ្រប​ទាំងស្រុង​ដោយ​សំពត់​តង់​សម្រាប់​សន្តិសុខ​ភូតគាម​អនាម័យ។

អ្នកស្រី ម៉ុក សារីដា ប្រធាន​ក្រុមហ៊ុន MJ អ្នក​នាំចេញ​កសិផល​ទៅ​ប្រទេស​ថៃ និង​វៀតណាម​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា អ្នកស្រី​មិនទាន់​ទទួលបាន​ដំណឹង​អំពី​ការដាក់​លក្ខខណ្ឌ​ថ្មី​នៃ​ការនាំចេញ​ពោតក្រហម​ទៅ​ប្រទេស​ថៃ​ទេ ព្រោះ​ការរឹតបន្តឹង​តាម​ព្រំដែន​ធ្វើឱ្យ​អ្នកស្រី​ផ្អាក​ការនាំចេញ​ពោតក្រហម។

អ្នកស្រី​បានឱ្យដឹងថា ការនាំចេញ​ពោតក្រហម​របស់​ក្រុមហ៊ុន​អ្នកស្រី​ទៅ​ប្រទេស​ថៃ ​នា​មុនពេល​វិបត្តិ​កូវីដ ១៩ គឺ​តែងតែ​គោរព​តាម​ការណែនាំ​របស់​ភាគី​ថៃ​ទាំង​ការដឹកជញ្ជូន និង​ស្តង់ដា​ជាច្រើន​ទៀត។

អ្នកស្រី​ប្រាប់ថា៖ «ក្នុងអំឡុង​ពេល​ការរីករាលដាល​ជំងឺ​កូវីដ​ខ្ញុំ​បាន​ផ្អាក​ការបញ្ជាទិញ​ពី​កសិករ អ៊ីចឹង​ខ្ញុំ​មិនទាន់​ដឹង​ដំណឹង​នេះ​ទេ ប៉ុន្តែ​បើ​ស្ថានភាព​កូវីដ ១៩ មាន​ភាពល្អប្រសើរ និង​បើក​ច្រកព្រំដែន​ឡើងវិញ ខ្ញុំ​នឹង​ចាប់​នាំចេញ​ពោតក្រហម​ក៏ដូចជា កសិផល​ផ្សេងទៀត​ទៅ​ថៃ​ឡើងវិញ»។

បើតាម​សេចក្តី​ជូនដំណឹង​ដដែល​នេះ​មុនពេល​លើកដាក់​ទំនិញ មន្ត្រី​ភូតគាម​អនាម័យ​កម្ពុជា​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ ដើម្បី​ធានាបាន​ថា កុងតឺន័រ​ដឹកជញ្ជូន​ទំនិញ ឬរថយន្ត​ដឹកទំនិញ​តូចៗ​ត្រូវតែ​ស្អាត​គ្មាន​ភ្ជាប់​មកជាមួយ​ដី ដីខ្សាច់ និង​បំណែក​រុក្ខជាតិ​កខ្វក់ ឬ​កម្មវត្ថុ​ផ្សេងទៀត​ដែល​ចម្លង​មក​ជាមួយ​នូវ​សមាសភាព​ចង្រៃ។

នៅពេល​ទំនិញ​ទៅដល់​ច្រកព្រំដែន មន្ត្រី​ភូតគាម​អនាម័យ​ប្រទេស​ថៃ​នឹងធ្វើ​ការត្រួតពិនិត្យ ប្រសិនបើ​រកឃើញថា​ ទំនិញ​ទាំងនោះ មិនមាន​អនុលោមភាព​តាម​លក្ខខណ្ឌ​តម្រូវ​ខាងលើ​ទំនិញ​ទាំងនោះ​នឹងត្រូវ​បញ្ជូន​ត្រឡប់មកវិញ ឬ​កម្ទេចចោល ឬ​ធ្វើ​ប្រព្រឹត្តិកម្ម​តាម​ស្ថានភាព​ជាក់ស្តែង។

របាយការណ៍​ក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១ កម្ពុជា​នាំចេញ​គ្រាប់ពោត​សរុប ១៤០ ៦៦៩,១៣ តោន កើន ១៧៦,៤៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។ ក្នុងនោះ​នាំទៅ​ប្រទេស​វៀតណាម​​ មាន​ចំនួន ៩៧ ៥៨០ តោន ថៃ ៤២ ៣៥០ តោន កោះ​តៃវ៉ាន់ ៦៧៦ ១៣ តោន បង់​ក្លាដែស ៤២ តោន និង​ប្រទេស​កូរ៉េ ២១ តោន៕ LA