ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា​ទទួលបាន​ចំណូល​ពី​ពន្ធគយ និង​ពន្ធដារ​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៧ ខែ ដើមឆ្នាំ ២០២១ នេះ។

លោក ហ៊ុន សែន បាន​ថ្លែង​ដូចនេះ​ក្នុងឱកាស​ផ្សាយ​បន្ត​ផ្ទាល់​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ ១៩ ដល់​កុមារ និង​យុវវ័យ​ពី​អាយុ ១២ ឆ្នាំ ដល់ ១៨ ឆ្នាំ​នៅ​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១។

លោក​ថ្លែង​ទៀតថា ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០២១ នេះ ការប្រមូល​ចំណូល​ពន្ធដារ និង​ចំណូល​ពន្ធគយ (មិន​គិតពី​ចំណូល​សារពើពន្ធ) បាន​ចំនួន ៣ ០៦១ លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​ពន្ធដារ​មាន​ចំនួន ១៧១៦ លាន​ដុល្លារ​ស្មើនឹង ៧៦,៥៥ ភាគរយ​នៃ​ផែនការ និង​ចំណូល​ពន្ធគយ​បាន​ចំនួន ១ ៣៤៥ លាន ស្មើនឹង ៥៦,៩ ភាគរយ​នៃ​ផែនការ។

លោក​លើកឡើងថា៖ «យើង​នៅសល់​ពេល ៥ ខែ​ទៀត យ៉ាងហោចណាស់​ក៏​យើង​ប្រមូល​ចំណូល​បាន ២ ពាន់​លាន​ទៀត​ដែរ អ៊ីចឹង​ក្នុង ១ ឆ្នាំ យើង​ទទួលបាន​ចំណូល​ប្រមាណ ៥ ពាន់​លាន​ដុល្លារ ហើយ​ជា​មធ្យម​យើង​ទទួលបាន​ប្រមាណ ៤០០ លាន​ដុល្លារ​ក្នុង ១ ខែ។ បើ​ទោះបី​ប្រាក់ខែ​មន្ត្រីរាជការ​មិន​បាន​ដំឡើង ក៏​ការបើក​ប្រាក់ខែ​ក្នុង ១ ខែ ២ ដង​ដដែល ហើយ​ចូល-ឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំ​ឧបត្ថម្ភ កុំ​គិតថា រាជរដ្ឋាភិបាល​នេះ​កញ្ជើ-ធ្លុះ មិនមែន​កញ្ជើធ្លុះ​ទេ»។

លោក​អះអាងថា ចំណែក​ប្រភព​ចំណូល​ទី ២ របស់​កម្ពុជា​បានមកពី​ការសន្សំ​ចំនួន​ជាង ៣ ពាន់​លាន​ដុល្លារ​ទៀត​តាំងពី​មុនពេល​មាន​ជំងឺ​កូវីដ ១៩ មកដល់។ លោក​បញ្ជាក់ថា៖ «យើង​ទទួលស្គាល់​រហូតមកដល់​ពេលនេះ​យើង​បាន​ចាយ​អស់ ១ ភាគ ៣ ទៅហើយ បានសេចក្តីថា​យើង​បាន​ចាយ​អស់​ជាង ១ ពាន់​លាន​ដុល្លារ។ ឥឡូវ​យើង​នៅសល់​សាច់ប្រាក់​ប្រមាណ ២ ពាន់​លាន​ដុល្លារ ដោយ​យើង​មិនបាន​រំខាន​ដល់​ប្រាក់ ២០ ពាន់​លាន​ដុល្លារ និង​មាស​រាប់សិប​តោន​ដែលជា​ប្រាក់​បម្រុង​អន្តរជាតិ​នោះទេ»។

លោក​ឱ្យដឹងទៀតថា ប្រាក់​ចំណូល​ទាំងនេះ មួយផ្នែក​យកទៅ​ប្រើប្រាស់​លើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ និង​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​នានា ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​អគ្គិសនី។

លោក​ថ្លែងថា៖ «យើង​មិន​គ្រាន់តែ​ចាយ​ទៅលើ​ការប្រយុទ្ធប្រឆាំង​កូវីដ ១៩ នោះទេ សូម្បីតែ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​យើង​នៅ​បន្ត​ចាយ​ជាក់ស្តែង​កូវីដ ២៩ នៅតែ​បន្ត​រីករាលដាល យើង​នៅតែ​បន្តធ្វើ​ផ្លូវថ្នល់​នៅ​ព្រះសីហនុ និង​ផ្លូវ ៣៨ ខ្សែ​នៅ​ខេត្តសៀមរាប។ រហូតមកដល់​ពេលនេះ យើង​មិនទាន់​ស្នើសុំ​ទៅ​ម្ចាស់ជំនួយ​នូវ​ការផ្អាក​ការសង​ប្រាក់កម្ចី​នោះទេ យើង​នៅតែ​បន្ត​សង​គេ​ដដែល​នាពេលនេះ»។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា វាយនភណ្ឌ និង​សម្លៀកបំពាក់ គឺជា​ទីផ្សារ​កើនឡើង​រហ័ស ដោយសារ​កំណើន​របស់​ប្រជាជន និង​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​កើន​ជា​បន្តបន្ទាប់។

ទោះបីយ៉ាងណា ទីផ្សារ​លក់រាយ​បាន​ផ្លាស់ប្តូរ​ពី «ការផលិត​ក្នុង​ចំនួន​ច្រើន» ទៅជា «ក្រុមតូចៗ​ដែល​មាន​វដ្ដ​ជីវិត​រយៈពេល​ខ្លី ការផលិត​ម៉ូដ​ទាន់សម័យ​រហ័ស» និង​ស្ថិតក្រោម​សម្ពាធ​របស់​អតិថិជន ព្រមទាំង​ការកើនឡើង​ការទិញ​ទំនិញ​តាម​អនឡាញ​ជាដើម។

លោក​បន្ថែមថា៖ «នៅ​ឆ្នាំនេះ​យើង​សំណាង​ដោយ​ទទួលបាន​ការបញ្ជាទិញ​មួយចំនួន​ពី​ប្រទេស​មីយ៉ាន់ម៉ា។ យើង​នឹងមាន​កំណើន​កាន់តែច្រើន បើ​មិន​មានការ​ផ្ទុះឡើង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ»។

ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ សម្រេចបាន ១៧ ២១៥,៣៧ លាន​ដុល្លារ កើនឡើង ១៦,៧២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម៕ LA