The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ដាក់ចេញ​វិធានការ​រឹតបន្តឹង​ការនាំចូល​ទំនិញ​បង្កក​គ្រប់​ប្រភេទ




កម្ពុជា​ដាក់ចេញ​វិធានការ​រឹតបន្តឹង​ការនាំចូល​ទំនិញ​បង្កក​គ្រប់​ប្រភេទ

Content image - Phnom Penh Post
សាច់បង្កកលក់ក្នុងផ្សារមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ហុង មិនា

កម្ពុជា​ដាក់ចេញ​វិធានការ​រឹតបន្តឹង​ការនាំចូល​ទំនិញ​បង្កក​គ្រប់​ប្រភេទ

ភ្នំពេញៈ ប្រទេស​កម្ពុជា​បានដាក់​ចេញ​វិធាន​ការបន្ថែម​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​សាច់​បង្កក​ និង​ទំនិញ​បង្កកផ្សេងៗ​ទៀត​ ដែលមាន​ប្រភពពី​ប្រទេស​កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​កូវីដ ១៩ ដែល​វិធានការ​នេះ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ តទៅ។

ការចេញ​វិធានការ​បន្ថែម​នេះ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ដុត​កម្ទេច​សាច់​ក្របី​ចំនួន ៣ កុងតឺន័រ​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ ១៩ កាលពី​ថ្មីៗ​នេះ។

លិខិត​ចុះហត្ថលេខា​ដោយ​លោក គុណ ញឹម ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ កម្ពុជា​បាន​ផ្សាយ​នៅ​ថ្ងៃទី ៣០ ខែកក្កដា​នេះ​បញ្ជាក់ថា ដោយ​ពិនិត្យឃើញ​នូវ​ហានិភ័យ​នៃ​វីរុស​កូវីដ ១៩ អាច​ឆ្លង​រាលដាល​តាមរយៈ​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត​នាំ​ចូលមក​កម្ពុជា​​ដែល​មាន​ប្រភព​មកពី​ប្រទេស​កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​ ១៩ អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​កម្ពុជា​កំណត់​បណ្តោះអាសន្ន​នូវ​វិធានការ​បន្ថែម រួមមាន អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ ឬ​លិខិត​បញ្ជាក់​បន្ថែមថា​គ្មាន​វីរុស​កូវីដ ១៩ លើ​សាច់​បង្កក​ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើម​កំណើត​ទំនិញ និង​ការតម្រូវ​ឱ្យ​យក​សំណាក​សាច់​បង្កក​នាំចូល​មកពី​ប្រទេស​ឥណ្ឌា​ទៅធ្វើ​តេស្ត​រក​វីរុស​កូវីដ ១៩ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

លិខិត​បន្ថែមទៀត​ថា៖ «អនុវត្ត​ប្រព្រឹត្តកម្ម​ក្នុង​ចំណុច ១ តាម​គោលការណ៍​គ្រប់គ្រង​ហានិភ័យ ចំពោះ​ទំនិញ​បង្កក​នាំ​ចូលមក​កម្ពុជា​ពី​ប្រទេស​ផ្សេងទៀត​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​វីរុស​កូវីដ ១៩ ពិសេស​វីរុស​ប្រភេទ​បំប្លែង​ថ្មី Delta នៅ​មុនពេល​អនុញ្ញាត​ឱ្យ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ។

ចំពោះ​ទំនិញ​ត្រជាក់​ និង​បង្កក​នាំចូល​ពី​ប្រទេស​ជិតខាង​ដែល​កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ ត្រូវយក​សំណាក​ជា​លក្ខណៈ​ចោះៗ​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ ១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា។ បន្ថែម​លើ​នេះ ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅលើ​គ្រប់​សម្បក វេចខ្ចប់​នៃ​ទំនិញ​ទាំងនោះ»។

លិខិត​នេះ​បានឱ្យដឹងថា នាយកដ្ឋាន​សវនកម្ម​គយ និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ត្រូវ​សហការ​រៀបចំ​ និង​ធ្វើ​បច្ចុប្បន្នភាព​ឱ្យបាន​ទាន់ពេលវេលា​នូវ​បញ្ជី​ឈ្មោះ​ប្រទេស​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​វីរុស​កូវីដ ១៩ ជាពិសេស វីរុស​ប្រភេទ​បំប្លែង​ថ្មី Delta ព្រមទាំង​ត្រូវ​កំណត់​យន្តការ​នៃ​ការជ្រើសរើស​ដោយចោះៗ​តាមរយៈ​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម​គយ​នូវ​កុងតឺន័រ​ដែល​ត្រូវយក​សំណាក​ទំនិញ​ធ្វើតេស្ត​រក​វីរុស​កូវីដ១៩។

«នៅពេល​មាន​ករណី​តម្រូវឱ្យ​ដក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូរីដ ១៩ អង្គភាព​គយ​ និង​រដ្ឋាករ​បំពេញបែបបទ​នៅ​មាត់ច្រក​នាំចូល​ត្រូវ​ជូនដំណឹង និង​អញ្ជើញ​ម្ចាស់​ទំនិញ​ចូលរួម​ក្នុង​ដំណើរការ​ដក​សំណាក​ទៅធ្វើ​តេស្ត​រក​វីរុស​កូវីដ ១៩ ដោយ​ការចំណាយ​ជា​បន្ទុក​របស់​ម្ចាស់​ទំនិញ និង​ស្នើសុំ​កិច្ច​សហការ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងទៀត​តាម​បទប្បញ្ញត្តិ​ជា​ធរមាន​ដើម្បី​ចាត់ចែង​ការងារ​ដក​សំណាក​ទៅធ្វើ​តេស្ត​រក​វីរុស​កូវីដ ១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា ហើយ​ដឹកនាំ​សម្របសម្រួល និង​ធ្វើ​កំណត់ហេតុ​ស្តីពី​ការដក​សំណាក​ទៅធ្វើ​តេស្ត​រក​វីរុស​កូវីដ ១៩»។ នេះ​បើ​យោងតាម​លិខិត​ខាងលើ។

លិខិត​នេះ​បានបង្ហាញ​ទៀតថា ផ្អែកលើ​គោលការណ៍​គ្រប់គ្រង​ហានិភ័យ​ចំពោះ​ប្រភេទ​ទំនិញ​ឆាប់​ខូចគុណភាព ដូចជា​មុខទំនិញ​ក្លាស្សេ ជាដើម ដែលជា​កម្មវត្ថុ​នៃ​ការធ្វើ​តេស្ត​រក​វីរុស​កូវីដ ១៩ អាច​អនុគ្រោះ​ឱ្យ​ម្ចាស់​ទំនិញ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​បាន បន្ទាប់ពី​ដកយក​សំណាក​រួច ប៉ុន្តែ​មិនអាច​ផ្គត់ផ្គង់​ចូល​ទីផ្សារ ឬ​អ្នកប្រើប្រាស់​បានឡើយ​លុះត្រាតែ​ទទួលបាន​លទ្ធផល«អវិជ្ជមាន​វីរុស​កូវីដ ១៩»៕

អត្ថបទគួរចាប់អារម្មណ៍