ទីក្រុងហាណូយៈ ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​របស់​វៀតណាម រួមមាន Viettel, VNPT, Mobifone, CMC, FPT, Vietnamobile និង SCTV បានចេញ​ប្រកាស​រួមគ្នា​ផ្តល់នូវ​កញ្ចប់​ជំនួយ​រួមគ្នា​ដែលមាន​តម្លៃ ១០ ០០០ ពាន់​លាន​ដុង (៤៣៥ លាន​ដុល្លារ​អាមេរិក) សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ប្រទេស។

កញ្ចប់​ដែល​នឹងដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី ៥ ខែសីហា​ និង​បញ្ចប់​នៅ​ខែវិច្ឆិកា​នឹង​បង្កើនល្បឿន​ទ្វេដង​នៃ​សេវាកម្ម​ខ្សែកាប​អ៊ីនធឺណែត​សម្រាប់​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់។ ក្រុមហ៊ុន​ទូរគមនាគមន៍​ក៏​នឹង​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​នូវ​ទិន្នន័យ ៥០ ភាគរយ​នៃ​ទិន្នន័យ​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ ដោយ​មិន​គិតថ្លៃ​បន្ថែម ខណៈពេល​ដែល​កាត់បន្ថយ​ថ្លៃដើម​ពាក់កណ្តាល​នៃ​កញ្ចប់​ទិន្នន័យ​ពេញនិយម​បំផុត។

រាល់​ការចូល​ទៅកាន់​គេហទំព័រ​ដែលមាន​ព័ត៌មាន​ជំងឺ​កូវីដ ១៩ ដូចជា​ក្រសួងសុខាភិបាល​ និង​គេហទំព័រ Bluezone ដែល​តាមដាន​ និង​រាយការណ៍​មេរោគ​នឹង​មិន​គិតថ្លៃ​ទេ។ អ្នកប្រើប្រាស់​ទូរសព្ទ័​នៅក្នុង​តំបន់​ដែលមាន​គម្លាត​សង្គម​មាន​ប្រសិទ្ធិភាព​ក្រោម​ការណែនាំ​របស់​រដ្ឋាភិបាល​នឹង​ទទួលបាន​ការហៅ​ទូរស័ព្ទ​តាម​បណ្តាញ​ដូចគ្នា​រយៈពេល ៥០ នាទី​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​គិតថ្លៃ។

ក្រុមហ៊ុន​ទូរគមនាគមន៍​បាន​និយាយថា​ពួកគេ​ចង់​ធ្វើឱ្យមាន​ភាពងាយស្រួល​តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​មនុស្ស​ធ្វើការ​ និង​សិក្សា​ពី​ផ្ទះ​ ដោយសារ​វិធានការណ៍​ឃ្លាតឆ្ងាយ​ពី​សង្គម​ដែល​តឹងរ៉ឹង​ជាង​មុន​ដែលមាន​នៅតាម​តំបន់​ជាច្រើន​នៃ​ប្រទេស​វៀតណាម។

លើសពីនេះ​ក្រុមហ៊ុន Viettel, VNPT និង Mobifone នឹងចូលរួម​ចំណែក​ចំនួន ៥ ០០០ ដុង ពី​កញ្ចប់​ទិន្នន័យ​នីមួយៗ​ដែល​អតិថិជន​បាន​ទិញ​ ឬ​ពង្រីក​ដល់​មូលនិធិ​ជាតិ​សម្រាប់​ប្រយុទ្ធ​ និង​ការពារ​ជំងឺ​កូវីដ ១៩។

ចាប់តាំងពី​ដើមឆ្នាំ ២០២០ មក​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​វៀតណាម​បានដាក់​ចេញ​នូវ​ការបញ្ចុះតម្លៃ​ជាច្រើន​កញ្ចប់​ជំនួយ​ និង​យុទ្ធនាការ​យល់ដឹង​អំពី​ជំងឺ​កូវីដ ១៩ ដែលមាន​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ​ក្រុមហ៊ុនធំៗ បី​គឺ​ Viettel, VNPT និង Mobifone បានរួម​ចំណែក​ជាង ៩០០ លាន​ដុល្លារ៕