ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) ដែល​ជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ អះអាង​ថា ខ្លួន​បាន​ត្រៀម​កញ្ចប់​ឥណទាន​មួយចំនួនធំ​សម្រាប់​ផ្តល់​ជា​ទុន​បង្វិល​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ និង​អ្នក​នាំចេញ​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​នា​រដូវ​ប្រមូលផល​ស្រូវ​ឆ្នាំ ២០២១ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ។

ចាប់ពី​ឆ្នាំ ២០១៦ រហូតដល់​ពេលបច្ចុប្បន្ន​នេះ ARDB បាន​ផ្តល់​ឥណទាន​យ៉ាងសកម្ម​ ដើម្បី​ផ្តល់​ជា​ទុន​បង្វិល​ដល់​បណ្តា​រោង​ម៉ាស៊ីនកិនស្រូវ​ក្រុមហ៊ុន​កែច្នៃ​ និង​អ្នក​នាំចេញ​អង្ករ ដើម្បី​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​ក្នុង​ឆ្នាំ ២០២១ នេះ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ផ្សាយ​កាលពី​ចុងខែ​កក្កដា​កន្លង​មក។

ARDB បាន​ត្រៀម​ថវិកា​មួយចំនួនធំ​សម្រាប់​បន្ត​ផ្តល់​ឥណទាន​ដល់​បណ្តា​រោងម៉ាស៊ីន​កិនស្រូវ​ និង​ក្រុមហ៊ុន​នាំចេញ​អង្ករ។

ARDB បានឱ្យដឹងថា៖ «ក្រោម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ យើង​បាននិងកំពុង​ផ្តល់​ឥណទាន​ជា​ទុន​បង្វិល​គាំទ្រ​ដល់​បណ្តា​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​កិន​កែច្នៃ និង​ក្រុមហ៊ុននាំចេញ​អង្ករ ដើម្បី​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​គ្រប់​រដូវ​ប្រមូលផល​ដោយ​ទទួលយក​សន្និធិ​ស្រូវ​អង្ករ ជា​វត្ថុ​ធានា​បំណុល ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល»។

លោក កៅ ថាច អគ្គនាយក ARDB កាលពី​ថ្ងៃ​ចន្ទ ភ្នំពេញ ប៉ុស្តិ៍ មិនអាច​ទាក់ទង​បាន​នោះទេ។

ទោះបីយ៉ាងណា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹងថា តម្លៃ​ស្រូវ​ធ្លាក់ចុះ​ស្របពេល​នឹង​តម្លៃ​អង្ករ​លើ​ទីផ្សារ​អន្តរជាតិ​ក៏បាន​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់ ប៉ុន្តែ​សមាជិក​របស់​សហព័ន្ធ​ទិញស្រូវ​ទៅតាម​តម្លៃ​ទីផ្សារ​ដោយ​ពុំ​បញ្ចុះតម្លៃ​ស្រូវ​នោះទេ។ នេះ​បើតាម លោក សុង សារ៉ន ប្រធាន​សហព័ន្ធ ស្រូវ​អង្ករ​កម្ពុជា។

លោក​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​ធនាគារ​ ARDB ដែល​បញ្ចេញ​ថវិកា​សម្រាប់​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​ការប្រមូល​ទិញស្រូវ​ប្រាំង​ពី​បងប្អូន​ប្រជាកសិករ​ក្នុងពេល​ប្រមូល​ផល​ស្រូវ​រដូវប្រាំង»។

លោក​អះអាងថា នាពេលនេះ តម្លៃ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង។ តម្លៃ​អង្ករ​ក្នុង​រដូវប្រាំង​ដែល​នាំ​ចេញទៅ​ប្រទេស​ថៃ និង​វៀតណាម​គឺមាន​តម្លៃ​ជាង ៣៨០ ដុល្លារ​ក្នុង ១ តោន​ប៉ុណ្ណោះ។ តម្លៃ​នេះ​បាន​ចុះ​ពី ៥៦០ ដុល្លារ​ក្នុង ១ តោន ដូចនេះ រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​នាំចេញ​ក៏​ទិញស្រូវ​ទៅតាម​តម្លៃ​ទីផ្សារ​នោះដែរ។

លោក​ថា៖ «យើង​ឃើញថា តម្លៃ​ស្រូវ​មានការ​ធ្លាក់ចុះ​ដោយសារ​ក្នុង​យន្តការ​ទីផ្សារ​ស្រូវ​យើង​មិនអាច​ធ្វើការ​ឧបត្ថម្ភ​ធន​តម្លៃ​ឱ្យលើស​ទីផ្សារ​បានទេ។ យើង​ត្រូវ​គិត​ឡើងវិញ​ថា តើ​កសិករ​គួរ​បញ្ចុះ​ថ្លៃដើម​អ្វីខ្លះ? ឬក៏​គួរ​បង្កើន​ផលិតភាព​របស់គាត់​ជាជាង​យើង​បង្កើន​តម្លៃលើស​ទីផ្សារ​ដែលមាន»។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signature of Asia ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​លោក​មាន​ផែនការ​ទិញស្រូវ ១០ ០០០ តោន​នៅក្នុង​ឆ្នាំនេះ​ដោយ​រំពឹងថា ថវិកា​មួយចំនួន​នឹង​កម្ចី ARDB។

ចាប់តាំងពី​ឆ្នាំ ២០១៦ រហូតមកដល់​បច្ចុប្បន្ន​ ARDB បានទទួល​កញ្ចប់​ថវិកា​ក្រោម​កម្មវិធី​ពិសេស​ពី​រាជរដ្ឋាភិបាល ចំនួន ៨០ លាន​ដុល្លារ​ដោយ​មិនទាន់​រាប់បញ្ចូល​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល​ ARDB ទើប​ទទួលបាន​សម្រាប់​បង្កើន​ដើមទុន​ក្នុង​ការជំរុញ​ការទិញ​ស្រូវ​ពី​ប្រជាកសិករ​សំដៅ​ធ្វើឱ្យ​តម្លៃ​ស្រូវ​ក្នុងប្រទេស​មាន​ស្ថិរភាព និង​បង្កើន​សន្និធិ​ស្រូវ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការកែច្នៃ​អង្ករ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស និង​ការនាំចេញ៕