ឥឡូវនេះ អតិថិជន​គ្រប់រូប​អាច​ស្នើសុំ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ពី​ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី តាមរយៈ​កម្មវិធី​ស្មាតហ្វូនវីង!

ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុន​ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) បានរួម​សហការ​គ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​របាយការណ៍​ឥណទាន​សំខាន់ៗ​តាមរយៈ​កម្មវិធី​ស្មាតហ្វូនវីង។

ឥឡូវនេះ តាមរយៈ​មុខងារ​ថ្មី​នៅលើ​កម្មវិធី​ស្មាតហ្វូនវីង អ្នក​ប្រើ​អាច​ស្នើសុំ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ពី​ស៊ីប៊ីស៊ី ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​ពួកគេ ក្នុង​ការពិនិត្យមើល​ប្រវត្តិ​ឥណទាន​ដែល​ចាំបាច់​សម្រាប់​ការស្នើសុំ​ប្រាក់កម្ចី​នៅតាម​ស្ថាប័នហិរញ្ញវត្ថុ​ណាមួយ។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​បាន​មាន​ប្រសាសន៍​ថា៖ «ឥឡូវនេះ អតិថិជន​ដែល​ត្រូវការ​ស្នើសុំ​ប្រាក់កម្ចី ដំបូង​ឡើយ​គ្រាន់តែ​បើក​កម្មវិធី​ស្មាតហ្វូនវីង​របស់​យើង ហើយ​ស្នើសុំ​របាយការណ៍​របស់​ពួកគេ។ ដំណើរការ​ទាំងមូល​ត្រូវបាន​រក្សា​ការសម្ងាត់ និង​ការពារ​យ៉ាង​ល្អ​តាមរយៈ​បច្ចេកវិទ្យា​ទំនើប​របស់​យើង»។

តាមរយៈ​ភាពជា​ដៃគូ​រវាង​ធនាគារ​វីង និង​ស៊ីប៊ីស៊ី អ្នកប្រើប្រាស់​អាច​ស្នើសុំ​ដោយ​ខ្លួនឯង​នូវ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន តាមរយៈ​ស្មាតហ្វូន ដែល​ជួយ​សន្សំសំចៃ​ពេលវេលា និង​ថវិកា​បាន បើ​មិន​ដូច្នេះ​ទេ​ពួកគេ​ត្រូវ​ចំណាយ​សម្រាប់​ការធ្វើ​ដំណើរ​ទៅ​ការិយាល័យ​របស់​ស៊ីប៊ីស៊ី និង​ការិយាល័យ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែលជា​ដៃគូ​របស់​ស៊ីប៊ីស៊ី។ ដំណើរការ​នៃ​ការស្នើសុំ​ទាំងមូល​អាច​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដោយ​រាប់​តែ​ថ្ងៃ​ធ្វើការ​តាមរយៈ​ឌីជីថល​ផ្លេតហ្វម​ដែលមាន​សុវត្ថិភាព និង​ភាពងាយស្រួល​របស់​ធនាគារ វីង និង​ស៊ីប៊ីស៊ី។

លោក អឿ សុធារ័ត្ន ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ស៊ីប៊ីស៊ី បាន​មានប្រសាសន៍​ថា៖ «ភាពជា​ដៃគូ​ជាមួយ​ធនាគារ​វីង​នឹង​អនុញ្ញាត​ឱ្យ​យើង​បម្រើ​សហគមន៍​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​នៅ​ទូទាំងប្រទេស​កម្ពុជា។ វា​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការផ្តល់​របាយការណ៍​ឥណទាន​ដែលមាន​ភាពត្រឹមត្រូវ និង​ឆាប់រហ័ស​ដល់​អ្នក​ខ្ចី ដោយ​ជួយ​ឱ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ជាង​មុន ព្រមទាំង​លើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ»។

របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​កត់ត្រា​ប្រវត្តិ​ទូទាត់​ឥណទាន​របស់​អ្នក​ខ្ចី ដែល​ត្រូវបាន​ប្រមូលផ្តុំ​មកពី​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ដែលជា​សមាជិក​របស់​ស៊ីប៊ីស៊ី។ ស្ថាប័នហិរញ្ញវត្ថុ​ដែល​ផ្តល់​ឥណទាន​ទាំងអស់​តម្រូវឱ្យ​រាយការណ៍​ព័ត៌មាន​ឥណទាន​ដល់ ស៊ីប៊ីស៊ី ។ អ្នកផ្តល់​ឥណទាន​ត្រូវ​ពិនិត្យ​ឯកសារ​ឥណទាន​ផ្ទាល់ខ្លួន​របស់​អ្នកស្នើសុំ ដើម្បី​វាយតម្លៃ​លទ្ធភាព​ក្នុង​ការប្រើប្រាស់​ឥណទាន​មុនពេល​សម្រេចចិត្ត​ផ្តល់​ឥណទាន។ ប្រវត្តិ​នៃ​ការសង​ឥណទាន​ល្អ​នឹងធ្វើ​ឱ្យមាន​ភាពងាយស្រួល​សម្រាប់​អ្នកស្នើសុំ​ ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការទទួល​បាន​ឥណទាន។

យោងតាម​របាយការណ៍​សន្ទស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល សម្រាប់​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ ការស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​កើនឡើង​សរុប ១៧ ភាគរយ​នៅ​កម្ពុជា។ ការកើនឡើង​គួរឱ្យ​កត់សំគាល់​បំផុត​គឺ​ពាក្យសុំ​ប្រាក់កម្ចី​អចលនទ្រព្យ ដែល​កើនឡើង ៣៣ ភាគរយ ពី​ត្រីមាស​មុន បន្ទាប់មក​មាន​ការកើនឡើង​ចំនួន ១៦ ភាគរយ​នៃ​ពាក្យស្នើសុំ​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន។ ហើយក៏​មាន​ការកើនឡើង​ចំនួន ២ ភាគរយ​នៃ​ពាក្យសុំ​ប័ណ្ណឥណទាន​ផងដែរ។

ទាំង​ធនាគារ​វីង និង​ស៊ីប៊ីស៊ី សហការគ្នា​ដើម្បី​លើកកម្ពស់​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ធ្វើឲ្យ​កម្រិត​ជីវភាព​របស់​សហគមន៍​ជា​ច្រើនជាង​មុន កាន់តែ​មាន​ភាពប្រសើរ​ឡើង។ ក្នុង​រយៈពេល ១៣ ឆ្នាំ​កន្លងមកនេះ ធនាគារ​វីង​មាន​ការរីកចម្រើន​ជាច្រើន ដោយមាន​ភ្នាក់ងារ​វីង​ជិត ១០ ០០០ កន្លែង​នៅ​គ្រប់​ស្រុក​ទាំងអស់​នៃ​ប្រទេស​កម្ពុជា។ ទន្ទឹមនឹង​នេះដែរ ធនាគារ​វីង ក៏បាន​កែសម្រួល​កម្មវិធី​ស្មាតហ្វូន​វីង​ដោយមាន​អ្នកប្រើប្រាស់​ជាង ៣ លាន​នាក់។

ឥឡូវ​នេះ​តាមរយៈ​ភាព​ជា​ដៃគូ​នេះ​របស់​ធនាគារ​ វីង និង​ ស៊ីប៊ីស៊ី អ្នក​ប្រើប្រាស់​នឹង​ត្រូវ​បាន​គិត​ប្រាក់​ត្រឹម​តែ ៥ ដុល្លារ​ប៉ុណ្ណោះ សម្រាប់​សំណើ​នីមួយៗ​ ដែល​ធ្វើ​ឡើង​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​ វីង។

បន្ថែម​ពីលើ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន និង​ពាណិជ្ជកម្ម ស៊ីប៊ីស៊ី​ក៏​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ឧបករណ៍​វិភាគ​ទិន្នន័យ​ដល់​ស្ថាប័នហិរញ្ញវត្ថុ ដើម្បី​ជួយ​ពួកគេ​ក្នុងការ​សម្រេចចិត្ត​ដែលមាន​ព័ត៌មាន​ច្បាស់លាស់ និង​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​ពី​អាជីវកម្ម​របស់​ពួកគេ។

ស៊ីប៊ីស៊ី ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១២ ប្តេជ្ញាចិត្ត​ជួយ​អតិថិជន​ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ការសម្រេចចិត្ត​ផ្នែក​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ។ ស៊ីប៊ីស៊ី​បាន​បំពេញ​កិច្ចការ​ទាំងនេះ តាមរយៈ​ការផ្តល់​ទិន្នន័យ​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ដល់​អតិថិជន និង​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិក៕