ការប្រែប្រួលនៃតម្លៃមាសនៅចុងសប្តាហ៍មុនអាចបានធ្វើឱ្យអ្នកជួញដូរមានការខកចិត្ត បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃសុក្រ បន្ទាប់ពីបានឡើងដល់ Triple Top នៅតម្លៃ ១ ៨៣៣ ដុល្លារ ក្នុង ១ អោនស៍។ ការព្យាករសុទិដ្ឋិនិយមនៃរបាយការណ៍ការងារនៅសហរដ្ឋអាមេរិកសម្រាប់ខែកក្កដា ដែលគ្រោងចេញផ្សាយនៅថ្ងៃសុក្រនេះអាចជាកត្ដាដែលធ្វើឱ្យតម្លៃមាសបន្ដធ្លាក់ចុះទៀត។
យោងតាមគេហទំព័រ Investing.com កាលពីថ្ងៃទី ២ ខែសីហា លោក Stephen Innes ដែលជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្ដិ SPI បាននិយាយថា៖ «ទីផ្សារកំពុងផ្ដោតទៅលើកំណើននៃអត្រាអ្នកមានការងារ (Non-farm Payrolls) ដែលអាចធ្វើឱ្យតម្លៃប្រាក់ដុល្លារកើនឡើងដូចគ្នា។ ម្យ៉ាងទៀត វានឹងជួយឱ្យវិនិយោគិនដឹងកាន់តែច្បាស់អំពីពេលវេលាកំណត់សម្រាប់ធនាគារកណ្តាលសហរដ្ឋអាមេរិកក្នុងការចាប់ផ្តើមកាត់បន្ថយការទិញទ្រព្យសកម្មហិរញ្ញវត្ថុពីគោលនយោបាយចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងទីផ្សារ (Tapering) ប្រសិនបើរបាយការណ៍ការងារសហរដ្ឋអាមេរិកពីរខែបន្ទាប់ទៀតអាចកើនឡើងដល់ ៨០ ម៉ឺន ទៅ ១ លាន»។
ការចេញផ្សាយរបាយការណ៍ការងារប្រចាំខែរបស់សហរដ្ឋអាមេរិក ក៏ដូចជាទិសដៅតម្លៃមាស តម្លៃប្រេង និងឧបករណ៍ជួញដូរសំខាន់ៗមួយចំនួនផ្សេងទៀត គឺអាស្រ័យទៅលើកម្រិតសុខភាពទីផ្សារការងាររបស់ប្រទេសដែលមានកំណើនសេដ្ឋកិច្ចឈានមុខគេនៅក្នុងពិភពលោកនេះឯង»។
បច្ចុប្បន្ន តម្លៃមាសកំពុងប្រែប្រួលនៅក្នុងប្រអប់ទីផ្សារក្នុងចន្លោះពី ១ ៧៥៥ ទៅ ១ ៨៤០ ដុល្លារ បន្ទាប់ពីបានបង្ហាញទម្រង់ Doji Candlestick កាលពីថ្ងៃចន្ទ។ ម្យ៉ាងទៀតខណៈពេលដែលតម្លៃមាសកំពុងប្រែប្រួលក្នុងទិសដៅធ្លាក់ចុះ អ្នកជួញដូរអាចចាប់ផ្តើមលក់មាសនៅតម្លៃ ១ ៨៤០ ដុល្លារ ដោយកំណត់មុខងារបញ្ឈប់ហានិភ័យនៅតម្លៃ ១ ៨៧០ ដុល្លារ។
ប្រសិនបើទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកជាក់ស្ដែងប្រែទៅជាអវិជ្ជមាន អ្នកជួញដូរអាចរង់ចាំទិញមាសក្នុងតម្លៃ ១ ៧៥៥ ដុល្លារវិញ ដោយកំណត់មុខងារបញ្ឈប់ហានិភ័យនៅតម្លៃ ១ ៧២៥ ដុល្លារ៕