ពីមុន​មក​ដំណាំ​កៅស៊ូ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ដំណាំ​ឧស្សាហកម្ម​​ សម្រាប់​តែ​សហគ្រាស​ខ្នាត​ធំ​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មើលឃើញ​ពី​លទ្ធភាព​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​ពី​ដំណាំ​ឧស្សាហកម្ម​មួយ​នេះ ទើប​ជំរុញ​ឱ្យ​កសិករ​ជាច្រើន​គ្រួសារ​ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ដើរ​តាម​គន្លង​ជោគជ័យ​របស់​បងស្រី មាគ​ផានី ក្នុង​ការដាំដុះ​ដំណាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​។

១/ តើ​កត្តា​អ្វីខ្លះ​បាន​ជំរុញ​ឱ្យ​បងស្រី​ចាប់ផ្ដើម​អាជីវកម្ម​ចម្ការ​កៅស៊ូ​?

ខ្ញុំ​បានកើត​ និង​ធំធាត់​ក្នុង​គ្រួសារ​កសិករ​ ដូច្នេះ​ខ្ញុំ​តែងតែ​ចិញ្ចឹមចិត្ត​ចង់​ចាប់ផ្ដើម​មុខរបរ​ថ្មី​មួយ​ដោយ​ខ្លួនឯង​ ដើម្បី​លើកមុខ​មាត់​គ្រួសារ​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ និង​ត្រៀម​ដើមទុន​ ដើម្បី​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​នាពេល​អនាគត​។ ​ហេតុផល​ទាំងអស់នេះ​បាន​ជំរុញ​ឱ្យ​ខ្ញុំ​ប្រឡូក​ក្នុង​អាជីវកម្ម​ចម្ការកៅស៊ូ​។

មុនពេល​ផ្លាស់ប្ដូរ​មក​ដាំ​ដំណាំ​កៅស៊ូ​ខ្ញុំ​មាន​ចម្ការ​ដំឡូងមី​ត្រឹមតែ​ប៉ុន្មាន​ហិកតា​ប៉ុណ្ណោះ ដែល​ពុក​ម៉ែ​ចែក​ឱ្យ​។ ​ទោះបី​ចម្ការ​ដំឡូង​មី​ផ្ដល់​ទិន្នផល​ខ្ពស់​ ប៉ុន្តែ​ពុំ​សូវ​បាន​ប្រាក់ចំណេញ​ច្រើន​ឡើយ​ ដោយសារ​តែ​តម្លៃ​ទីផ្សារ​ទាប​ហើយ​ឡើង​ចុះ​មិន​ទៀងទាត់​។

ដោយ​មើលឃើញ​ថា​ជ័រកៅស៊ូ​នៅពេលនោះ​មានតម្លៃ​ខ្ពស់​ និង​ផ្ដល់​ចំណូល​យូរអង្វែង ខ្ញុំ​ក៏​សម្រេចចិត្ត​ប្រមូល​ដើមទុន​រៀបចំ​ចម្ការកៅស៊ូ​ឡើង​នៅក្នុង​ឆ្នាំ​ ២០១៤​។ នៅពេលនោះ​ខ្ញុំ​បានស្នើ​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បី​រៀបចំ​ដី​ចំនួន ១៥ ​ហិកតា នៅ​ស្រុក​ព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បី​ដាំដុះ​កូន​កៅស៊ូ​ប្រមាណ​ ៨ ៥០០ ​ដើម​។

២/ តើ​បងស្រី​អាច​រៀបរាប់​អំពី​ដំណើរការ​នៃ​ការដាំ​ដំណាំ​កៅស៊ូ​បានទេ​?

ដូច​ដំណាំ​ដទៃទៀត​ដែរ ដំណើរ​ការដាំដុះ​គឺ​ចាប់ផ្តើម​ដោយ​ការរៀបចំ​ដី​។ បនា្ទប់មក​នៅពេល​កូន​កៅស៊ូ​លូតលាស់ តម្រូវឱ្យមាន​ការថែទាំ​ដិតដល់​ដូចជា ការបាញ់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ការដាក់​ជី​ដែល​ត្រូវធ្វើ​ ២ ​ដង​ក្នុង​មួយឆ្នាំ​។ ក្រៅពីនេះ​គឺ​ការធ្វើ​ស្មៅ​ដែល​ត្រូវធ្វើ​ ២ ​សប្តាហ៍​ម្តង ជា​ទៀងទាត់​។ ដំណើរការ​ទាំងមូល គឺត្រូវធ្វើ​ជា​រៀងរាល់ឆ្នាំ រហូតដល់​ឆ្នាំ​ទី​ ៦​។

នៅ​ឆ្នាំ​ទី​ ៦ ដើម​កៅស៊ូ​នឹង​លូតលាស់​ធំ​ល្មម​ដែល​អាចបង្កើត​ជ័រ​បាន​។ ចំពោះ​ការប្រមូលផល​ជ័រកៅស៊ូ ស្វាមី​របស់ខ្ញុំ​ និង​រូបខ្ញុំ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ចម្ការ​នៅ​ម៉ោង​ ៧ ​ល្ងាច​។ ជាដំបូង គឺ​យើង​ចៀរ​សំបក​ដើម​កៅស៊ូ​នីមួយៗ​ដោយ​ប្រុងប្រយ័ត្ន បន្ទាប់មក​ប្រើ​ចានជ័រ​ ដើម្បី​ត្រង​ជ័រកៅស៊ូ​ដែល​ហូរ​។

យើង​ទុកជ័រ​នៅ​ទីនោះ ហើយ​វិល​ត្រលប់​មកវិញ​នៅពេល​ព្រឹក ដើម្បី​បង្កក​ជ័រ​រាវ​ជាមួយ​សារធាតុ​គីមី ដើម្បី​បំលែង​វា​ទៅជា​ជ័រកៅស៊ូ​រឹង​។ ២ ​ដង​ក្នុង​មួយ​សប្តាហ៍ ប្តី​របស់ខ្ញុំ​បាន​ដឹក​ជ័រកៅស៊ូ​រឹង​នោះ​ដោយផ្ទាល់​ទៅ​លក់​ឱ្យ​ឈ្មួញ​ក្នុងស្រុក និង​អន្តរជាតិ​។ យើង​អាច​ផ្គត់ផ្គង់​ជ័រកៅស៊ូ​ធម្មជាតិ​បាន​ជាង ៥២ ​តោន នៅក្នុង​ឆ្នាំ​ ២០២០​។

៣/ តើ​បងស្រី​គ្រប់គ្រង​ការចំណាយ​យ៉ាងដូចម្តេច អំឡុងពេល​ដាំដុះ​ដើម​កៅស៊ូ​?

ការស្វែងរក​ដើមទុន​ ដើម្បី​ទ្រទ្រង់​ចម្ការកៅស៊ូ គឺជា​រឿង​មួយ​ដ៏ពិបាក​។ ​ការវិនិយោគ​ពីដំបូង​វា​មាន​ទំហំ​ធំ​រួចទៅហើយ​។ ​បន្ទាប់មកទៀត យើង​ត្រូវ​ចំណាយ​ជាប្រចាំ​ក្នុងការ​ដាក់​ជី និង​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​អំឡុងពេល​លូតលាស់​ហើយ​បរិមាណ​នេះ​កើនឡើង​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​បន្ទាប់​។ ទម្រាំ​តែ​បាន​ផល​គឺ​ដល់​ឆ្នាំ​ទី​ ៦​។ ​ដូច្នេះ​ប្រសិនបើ​គ្មាន​ប្រភព​ចំណូល​ទៀងទាត់ និង​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់​បាន​ត្រឹមត្រូវ​ទេ គឺ​យើង​មិនអាច​ជោគជ័យ​នៅក្នុង​អាជីវកម្ម​មួយ​នេះ​បានទេ​។

ដើម្បី​ផ្គត់ផ្គង់​ការចំណាយ​ខ្ញុំ​បាន​ដាំ​ដំណាំ​បន្ទាប់បន្សំ​នៅលើ​ចម្ការ​របស់ខ្ញុំ​ក្នុងពេល​តែមួយ ដូចជា​សណ្តែកសៀង​ឪឡឹក​ និង​ដំឡូងមី ជាដើម គឺ​ដាំ​នៅ​ចន្លោះ​កូន​កៅស៊ូ​តែម្តង​។ ទិន្នផល​បាន​ពី​ដំណាំ​ទាំងអស់នេះ​បាន​ជួយផ្តល់​ថវិកា​ចាំបាច់​សម្រាប់​ផ្គត់ផ្គង់​ដល់​ចម្ការកៅស៊ូ​របស់ខ្ញុំ​។

៤/ តើ​ផែនការ​រយៈពេល​ខ្លី​របស់​បងស្រី​មាន​អ្វីខ្លះ​?

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បណ្តាញ​ចែកចាយ​របស់ខ្ញុំ​កើនឡើង​ជា​បន្តបន្ទាប់ ដូច្នេះ​គម្រោង​បន្ទាប់​របស់ខ្ញុំ​គឺ​សាងសង់​ឃ្លាំង​ស្តុក​ជ័រកៅស៊ូ​ និង​ទិញ​រថយន្ត​ដឹកទំនិញ​ថ្មី​មួយទៀត​ ដើម្បី​ធានា​ដល់​ការដឹកជញ្ជូន​ជ័រកៅស៊ូ​បាន​ទាន់ពេលវេលា​ទាំង​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ និង​អន្តរជាតិ​។

៥/ ក្នុងនាម​ជា​សហគ្រិន​ស្ត្រី​មួយរូប តើ​បងស្រី​បានរួម​ចំណែក​យ៉ាងដូចម្តេច​សម្រាប់​សហគមន៍​?

ខ្ញុំ​ជឿថា​តាមរយៈ​អាជីវកម្ម​បច្ចុប្បន្ន​របស់ខ្ញុំ គឺ​ខ្ញុំ​បាន​ចូលរួមចំណែក​ជា​វិជ្ជមាន​ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ច​សហគមន៍​ដោយ​ផ្តល់ឱកាស​ការងារ​ដល់​កម្មករ​ចៀរ​ជ័រកៅស៊ូ​ជាដើម​។

ក្រៅពីនេះ ខ្ញុំ​បាន​ដើរតួ​ជា​អ្នកពិគ្រោះ​យោបល់ ដល់​កសិករ​ដែលមាន​បំណង​ចង់​ធ្វើ​អាជីវកម្ម​ដាំ​ដំណាំ​កៅស៊ូ ដោយ​ណែនាំ​ពួកគាត់​ពី​ដំណើរ​ការដាំដុះ​ទាំងស្រុង រាប់​ចាប់ពី​ការរៀបចំ​ដី​រហូតដល់​ការ​ចៀរ​ជ័រកៅស៊ូ​។

ជាមួយ​គ្នា​នេះដែរ​ខ្ញុំ​បានផ្តល់​ជូន​កសិករ​ក្នុង​សហគមន៍​នូវ​កូន​កៅស៊ូ​ និង​ជី​ដែលមាន​តំលៃ​សមរម្យ​ដើម្បី​ជួយ​ពួកគេ​ឱ្យ​ចាប់ផ្តើម​ធ្វើ​ចម្ការ​របស់​ពួកគេ​បាន​។ គិត​ត្រឹម​ខែ​នេះ ខ្ញុំ​បានទទួល​ការបញ្ជាទិញ​កូន​កៅស៊ូ​ជាង​ ២ ​ម៉ឺន​ដើមពី​កសិករ​ក្នុង​សហគមន៍​។ ខ្ញុំ​ជឿថា ទោះបី​ការរួមចំណែក​របស់ខ្ញុំ​សម្រាប់​សហគមន៍​មាន​ភាពសាមញ្ញ ប៉ុន្តែ​វា​បានផ្ដល់​ផល​វិជ្ជមាន​ដល់​សហគមន៍​របស់ខ្ញុំ​យ៉ាងពិត​ប្រាកដ​៕