អ្នក​ឧកញ៉ា គិត ម៉េង ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​វីងម៉ល​ ដើម្បី​បរិច្ចាគ​អាហារ​បន្ថែម​ពី KFC ជូន​ដល់​វីរជន​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ!

នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រុម ការងារ​វីងម៉ល បាន​យក​អាហារ​ជា​លើក​ទី​២ ពី​ហាង KFC ទូទាំង​រាជធានី​ភ្នំពេញ ជូន​ដល់​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិការ និង​អ្នក​ស្ម័គ្រ​ចិត្ត នៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ដែល​កំពុង​ធ្វើ​ការ​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

អាហារ​ទាំងនោះ​ ត្រូវបាន​បញ្ជូន​ទៅ​​​ការិយាល័យ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន សម្តេច​តេជោ ក្នុង​ខណ្ឌទួលគោក មុន​ពេល​ត្រូវ​បាន​ចែក​ចាយ​ដល់​វីរជន​ជួរមុខ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​អាហារ​សម្រន់ ពេល​រសៀល​របស់​ពួកគេ។

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ត្រូវ​បាន​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១២ ដោយ​បាន​ធ្វើ​ការងារ​សប្បុរសធម៌​នៅ​ទូទាំង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​បណ្តា​ខេត្ត​នានា និង​ជាពិសេស​ជួយ​ដល់​កម្មករ​រោងចក្រ និង​កុមារ​កំព្រា​ជាដើម។

ក្រោម​ការ​ដឹក​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​លោកជំទាវ ពេជ ចន្ទ​មុន្នី អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ បាន​ចូលរួម​ក្នុង​កិច្ចការ​ជួរមុខ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ។​

អ្នកឧកញ៉ា គិត ម៉េង ជា​ប្រធាន​និង​​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​ពិតជា​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ដែល​បាន​ជួយ​សហគមន៍​របស់​យើង​តាំង​ពីដើម​រៀង​មក។ អ្នក​ទាំង​អស់គ្នា​ពិតជា​វីរជន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ»។

ក្រុម​ការងារ​ដឹក​ជញ្ជូន​វីងម៉ល​កំពុង​ដឹក​ជញ្ជូន​អាហារ​ដល់ TYDA។ រូបថត សហការី

នេះ​គឺជា​ការ​ផ្តល់​ជូន​អាហារ​លើក​ទី​២ ពី​អ្នកឧកញ៉ា គិត ម៉េង ដល់​ក្រុមការងារ​នៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន ​សម្តេច​តេជោ ដែលជា​កាយវិការ​ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ដោយ​ស្មោះ​ចំពោះ​ភាព​ក្លាហាន និង​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​គិត​ពី​ខ្លួនឯង​ ដើម្បី​ការពារ​សហគមន៍​។ ការផ្តល់​អាហារ​លើក​ដំបូង​ត្រូវបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១ ខែសីហា។

អ្នកឧកញ៉ា គិត ម៉េង បាន​បន្ថែម​ថា៖«ខណៈពេលដែល​អ្នក​ទាំង​​អស់​គ្នា​កំពុង​បន្ត​ការពារ​សហគមន៍​យើង ខ្ញុំ​ក៏​សង្ឃឹមថា​អ្នក​ទាំង​អស់គ្នា​នឹង​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យ​បានល្អ​ផងដែរ​។ សុខភាព​របស់​អ្នក​ទាំងអស់គ្នា​ក៏​សំខាន់​ចំពោះ​សហគមន៍ និង​គ្រួសារ​របស់​អ្នក​ទាំង​អស់គ្នា​ផងដែរ ខ្ញុំ​ប្រាកដ​ថា​ពួកគាត់​កំពុង​តែមាន​មោទនភាព​ចំពោះ​អ្នក​ទាំង​អស់​គ្នា»។

អ្នកឧកញ៉ា គិត ម៉េង និង​លោក-ជំទាវ ម៉ៅ ចំណាន បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​។ គ្រប់​ពេល​វេលា ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប នឹង​នៅតែ​បន្ត​រួម​សហការ​គ្នា​ដើម្បី​គាំទ្រ​សហគមន៍៕