ទីក្រុងតូក្យូ // រាជធានីភ្នំពេញ ថ្ងៃទី18 ខែ​សីហា ឆ្នាំ 2021 -ក្រុមហ៊ុន JCB International Co., Ltd. ជា​ឧបសម្ពន្ធ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រុមហ៊ុន JCB Co., Ltd. ដែល​ជា​និមិត្ត​សញ្ញា​សេវា​ទូទាត់​អន្តរជាតិ​តែ​មួយ​គត់​របស់​ប្រទេស​ជប៉ុន និង​ធនាគារ វឌ្ឍនៈអាស៊ី​ចំកាត់ (ធនាគារ ABA) ដែល​ជា​ធនាគារ​ឈាន​មុខ​ផ្នែក​សេវា​ធនាគារ​ឌីជីថល​នៅ​កម្ពុជា និង​ជា​បុត្រ​សម្ពន្ធ​នៃ​ធនាគារជាតិ​កាណាដា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​អាជ្ញាប័ណ្ណ និង​បាន​ប្រកាស​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ទទួល​ទូទាត់​កាត JCB នៅ​កម្ពុជា។

ភាព​ជា​ដៃ​គូ​នេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​កាត​និមិត្ត​សញ្ញា JCB នៅ​តាម​បណ្តាញ​ពាណិជ្ជករ ABA នៅ​ទូទាំង​ប្រទេស ដែល​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ខ្លាំង​ជាង​មុន​ដល់​ម្ចាស់​កាត JCB។ ក្រុមហ៊ុន JCB បាន​នឹង​កំពុង​ពង្រីក​អាជីវកម្ម​ចេញ​កាត ក្នុង​ប្រទេស​នៅ​អាស៊ាន​រួម​មាន ប្រទេស​កម្ពុជា​ផងដែរ។

ក្រុមហ៊ុន JCB និង ធនាគារ ABA មាន​ផែន​ការ​ពង្រីក​ភាព​ជា​ដៃ​គូ​នេះ​ឱ្យ​ដល់​ពាណិជ្ជករ ABA ទាំងអស់ រួម​មាន​ការ​ទទួល​ទូទាត់​តាម​ប្រព័ន្ធ​ទូទាត់​អនឡាញ PayWay និង​ម៉ាស៊ីន ATM ត្រឹម​ដំណាច់​ឆ្នាំ 2021។

លោក AskhatAzhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA (ឆ្វេង) និង លោក Yoshiki Kaneko ប្រធាន និង​នាយក​ប្រតិបត្តិ​ការ​នៃ​ក្រុមហ៊ុន JCB International Co., Ltd.អំឡុង​ពិធី​ចុះ​ហត្ថលេខា​តាម​អនឡាញ​លើ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​នៅ​ថ្ងៃ​ទី 17 ខែ​សីហា ឆ្នាំ 2021

លោក AskhatAzhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA មាន​ប្រសាសន៍​ថា៖ «យើង​មាន​សេចក្តី​រីក​រាយ​ក្នុង​ការ​ប្រកាស​ពី​ភាព​ជា​ដៃ​គូ​របស់​យើង​ជា​មួយ JCB ដែល​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​មួយ​របស់​ពិភព​លោក​លើ​ផ្នែក​សេវា​ទូទាត់​ប្រាក់។ ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ពាណិជ្ជករ ABA និង​ម្ចាស់កាត JCB នឹង​អាច​ពង្រីក​ឱកាស​នៃ​ការ​ទូទាត់​របស់​ខ្លួន​តាម​រយៈ​បណ្តាញ​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស។ ដោយ​មាន​ចំណង​សេដ្ឋកិច្ច និង​ធុរកិច្ច​ដ៏​រឹង​មាំ​រវាង​កម្ពុជា និង​ជប៉ុន យើង​ជឿ​ជាក់​ថា កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ដល់​អាជីវកម្ម និង​ប្រជាជន​ជប៉ុន នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ពង្រឹង​ប្រសិទ្ធ​ភាព​ឧស្សាហកម្ម​ទូទាត់​ប្រាក់​នៅ​ប្រទេស​កម្ពុជា»។

លោក Yoshiki Kaneko ប្រធាន និង​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន JCB International Co., Ltd. មាន​ប្រសាសន៍​ថា៖ «យើង​មាន​កិត្តិយស​ក្នុង​ការ​ប្រកាស​ពី​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ ABA។ ការ​ទទួល​ប្រើ​ប្រាស់​កាត JCB នៅ​តាម​ពាណិជ្ជករ ABA នឹង​បង្កើន​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​របស់​យើង​នៅ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កម្ពុជា។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ភាព​ជា​ដៃគូ​នេះ​នឹង​រួម​ចំណែក​ដល់​ការ​រីក​ចម្រើន​បន្ថែម​នៃ​ឌីជីថលូបនីយកម្ម​នៅ​ក្នុង​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​នេះ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្វែង​រក​ឱកាស​ធុរកិច្ច​បន្ថែម​ជាមួយ​ធនាគារ ABA»។

អំពីធនាគារ ABA

ធនាគារ​ ABA ​គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈាន​មុខ​មួយ​របស់​កម្ពុជាដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​1996​។ ជាមួយ​សាខា 79,ម៉ាស៊ីន ATM379,ម៉ាស៊ីន​ទូទាត់ POS ចំនួន 2498,ម៉ាស៊ីន​ស្វ័យ​សេវា 344 ទូទាំង​ប្រទេស និង​សេវា​ធនាគារ​អនឡាញ​ឈាន​មុខ ធនាគារ ABA ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​ជាច្រើន​ជូន​អតិថិជន​របស់​ខ្លួន​ជាង 1.7 លាន​នាក់ ក្នុង​ផ្នែក​ផ្សេងៗ​ជាច្រើន ដូចជា រូបវន្តបុគ្គល, អាជីវកម្ម​ខ្នាត​តូច, និង​សហគ្រាស​ធុន​តូច និង​មធ្យម។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វិបសាយ៖ www.ababank.com ។

ធនាគារ ABA គឺ​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ទ្រព្យ​សកម្ម​ជាង 274 ប៊ីលាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី 30 ខែ​មេសា 2021។ ដោយ​មាន​ស្នាក់​ការ​កណ្តាល​ស្ថិត​នៅ​ទីក្រុង​ ម៉ុងរ៉េអាល់ ធនាគារជាតិ​ កាណាដា បាន​ពង្រីក​សាខា​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​នៃ​ប្រទេស​ជាមួយនឹង​អតិថិជន​ក្នុង​ដៃ​2.7​ លាន​នាក់​។​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​លំដាប់​ទី​ 6​ ក្នុង​ប្រទេស​កាណាដា​និង​នាំមុខ​គេ​នៅ​កេ​ប៊ិច​ធនាគារជាតិ​កា​ណា​ដា​ជា​ជម្រើស​នៃ​បណ្ដា​សហគ្រាស​ធុន​តុ​ច​និង​មធ្យម​នានា​នៅ​ទីនោះ​។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖www.nbc.ca។

អំពីក្រុមហ៊ុន JCB

JCB ជា​និមិត្ត​សញ្ញា​សេវា​ទូទាត់​លំដាប់​សកល​លោក​ដ៏​ធំមួ​យ និង​ជា​ក្រុមហ៊ុន​ចេញ​កាត និង​ទទួល​កាត​ទូទាត់​ឈាន​មុខ​របស់​ប្រទេស​ជប៉ុន។ ក្រុមហ៊ុន JCB បាន​ដាក់​ឲ្យ​ដំណើរការ​អាជីវកម្ម​កាត​របស់​ខ្លួន​ក្នុង​ឆ្នាំ 1961 និង​ចាប់​ផ្តើម​ពង្រីក​ប្រតិបត្តិការ​ទូទាំង​សកល​លោក​ក្នុង​ឆ្នាំ 1981។ បណ្តាញ​ប្រតិបត្តិការ​កាត​របស់​ខ្លួន មាន​ពាណិជ្ជករ​ជាង 36 លាន នៅ​ទូទាំង​ពិភពលោក។ កាត JCB ឥឡូវ​នេះ​ចេញ​ភាគ​ច្រើន​នៅ​ប្រទេស និង តំបន់​នៅ​អាស៊ី​ដែល​មាន​ម្ចាស់​កាត​ជាង 140 លាននាក់។ ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កំណើន​អន្តរជាតិ​របស់​ខ្លួន ក្រុមហ៊ុន JCB បាន​បង្កើត​សម្ពន្ធ​ជាមួយ​ធនាគារ និង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​រាប់​រយ​ទូទាំង​សកល​លោក ដើម្បី​បង្កើន​វិសាល​ភាព​ពាណិជ្ជករ និង​ចំនួន​ម្ចាស់​កាត។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះ​ស្រាយ​ទូទាត់​ប្រាក់​ដ៏​ទូលំ​ទូលាយ​មួយ ក្រុមហ៊ុន JCB ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ប្រកប​ដោយ​គុណភាព និង​ឆ្លើយ​តប​ខ្ពស់​ជូន​អតិថិជន​ទាំង​អស់​ទូទាំង​សកល​លោក។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វិបសាយ៖www.global.jcb/en/ ៕