Lamborghini Phnom Penh ដែលជា​តំណាង​ចែកចាយ​ពេញសិទ្ធិ​របស់​ក្រុមហ៊ុន HGB Group Co., Ltd. បានធ្វើ​បទបង្ហាញ​អំពី​រថយន្ត Huracán STO - Super TrofeoOmologata ​ជា​លើកដំបូង​នៅ​ទីក្រុង​ភ្នំពេញ​ដល់​ក្រុម​អតិថិជន​ពិសេស​មួយក្រុម​។

រថយន្ដ​ស្ព័រ​ទំនើប​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បើកបរ​លើផ្លូវ​ទូទៅ និង​ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​ផ្អែក​តាម​រថយន្ដ Huracán Super Trofeo EVO ​ដែល​ជា​រថយន្ត​មួយ​ក្នុងចំណោម​មរតក​រថយន្ដ​ប្រណាំង​ប្រភេទ​រថយន្ដ​ដូចគ្នា​របស់ Lamborghini Squadra Corse ក៏ដូចជា​រថយន្ដ Huracán GT3 EVO ​ដែល​ទទួលបាន​ជយលាភី​ក្នុង​ការប្រណាំង​ប្រភេទ Daytona 24 ម៉ោង​ចំនួន​ 3 ​ដង និង​ទទួលបាន​ជយលាភី​ក្នុង​ការប្រណាំង​ប្រភេទ Sebring 12 ម៉ោង​ចំនួន​ 2 ដង​ផងដែរ​។

ជាមួយ​នឹង​ម៉ាស៊ីន​ចំហេះ​តាម​ធម្មជាតិ V10 កម្លាំង 640 hp (470 kW) របស់​វា ដែល​ផលិត​កម្លាំង​បង្វិល 565Nm ក្នុង​ល្បឿន​ចលករ 6,500 rpm រថយន្ត​ប៉ុង​ក្រោយ Huracán STO ផ្តល់នូវ​សន្ទុះ​ 0-100 km/h ក្នុង​ពេល​ត្រឹម 3.0 វិនាទី និង 0-200 km/h ក្នុង​ពេល​ត្រឹម 9.0 វិនាទី ព្រមទាំង​មាន​ល្បឿន​លឿន​បំផុត 310 km/h ។

ដោយ​ប្រើប្រាស់​គ្រឿង​ដែល​ផលិត​ចេញពី​សារធាតុ​ទំងន់​ស្រាល រថយន្ដ Huracán STO ទទេរ​មាន​ទម្ងន់​ត្រឹមតែ 1,339 kg ប៉ុណ្ណោះ និង​មាន​អត្រា​សមាមាត្រ​ទំងន់​ធៀប​កម្លាំង​ស្មើនឹង 2.09kg/hp​។

ប្រសិទ្ធភាព​ផ្នែក​កម្លាំង​ខ្យល់ ទំងន់​ស្រាល ដៃចង្កូត​ងាយស្រួល​បញ្ជា និង​សមត្ថភាព​ប្រព័ន្ធ​ហ្វ្រាំង​លំដាប់​ទី 1 អាច​ឱ្យ​រថយន្ត Huracán STO ធានាបាន​ថា អ្នកបើកបរ​ងាយស្រួល​គ្រប់គ្រង​រថយន្ដ​នៅក្នុង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់​។

ជាពិសេស​ទម្រង់​បើកបរ​ថ្មី​ចំនួន​បី​គឺ​៖ STO, Trofeo ​និង Pioggia ​ដែល​ផ្តោតលើ​ការបើកបរ​ក្នុង​ល្បឿន​លឿន​លើ​ស្ថានភាព​ផ្លូវ​លំបាក ត្រូវបាន​បំពាក់​ដើម្បី​ផ្តល់នូវ​កម្លាំង​ស្ទុះ និង​អារម្មណ៍​ជា​ប្រភេទ​រថយន្ត​ប្រណាំង​។

«​មរតក​នៃ​សមត្ថភាព​ប្រណាំង​ដ៏ខ្លាំង​របស់ Lamborghini គឺ​ល្បីល្បាញ​ទូទាំង​ពិភពលោក​។ តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា​រថយន្ដ​ដែល​តែង​ឈ្នះ​ក្នុង​ការប្រណាំង​មក​បំពាក់​លើ​រថយន្ត​ស្ព័រ​ទំនើប​បើកបរ​តាមផ្លូវ​ទូទៅ ធ្វើឱ្យ​រថយន្ត Huracán STO ក្លាយ​ជា​និមិត្តរូប​ពិតៗ​នៃ​មរតក​របស់​ Lamborghini Squadra Corse ដែល​ផ្តល់នូវ​ភាព​រំភើប និង​សមត្ថភាព​ខ្ពស់​ក្នុង​ការបើកបរ​នៅលើ​គ្រប់​ស្ថានភាព​ដងផ្លូវ​ទាំងអស់​» នេះ​បើ​យោងតាម​សម្តី​របស់លោក Francesco Scardaoni ​នាយក​ប្រចាំ​តំបន់​របស់ Automobili Lamborghini ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

Huracán STO ថ្មី - ទម្រង់​បើកបរ ANIMA ថ្មី 3 ​ទម្រង់

ទម្រង់​បើកបរ​ថ្មី​ចំនួន 3 បង្ហាញ​អំពី​ស្មារតី​ប្រណាំង​របស់ Huracán STO ដែល​ផ្តោតលើ​ការបើកបរ​ក្នុង​ល្បឿន​លឿន​លើ​ស្ថានភាព​ផ្លូវ​លំបាក​គឺៈ STO, Trofeo ​និង Pioggia​។

ទម្រង់ STO លំនាំ​ដើម (default) គឺ​សម្រាប់​ការបើកបរ​លើផ្លូវ​ទូទៅ និង​ភាពរីករាយ​នៅលើ​ផ្លូវ​កោង​។ គ្រប់ផ្នែក​ទាំងអស់​នៃ​ប្រព័ន្ធ​ឌីណាមិក​របស់​រថយន្ដ Lamborghini Veicolo Dinamica Integrata (LDVI) គឺ​មាន​លក្ខណៈ​ស័ក្ដិសម​បំផុត​សម្រាប់​គ្រប់​ស្ថានភាព​ផ្លូវ និង​គួបផ្សំ​នឹង​ការកំណត់​លក្ខណៈ​ប្រព័ន្ធ​បូម​ទៅ​តាម​ស្ថានភាព​ផ្លូវ​។ ប្រព័ន្ធ ESC បែប​សកម្ម​ពេញលេញ​អាច​ត្រូវបាន​បិទ​សម្រាប់​ការបើកបរ​ប្រកប​ដោយ​ភាពរីករាយ​បំផុត ក្នុង​ខណៈ​ពេលដែល​ប្រព័ន្ធ​នេះ​នៅតែ​ផ្ដល់ជំនួយ​ដល់​អ្នកបើកបរ​។

ក្នុង​ទម្រង់​ Trofeo ​ប្រព័ន្ធ​ទាំងអស់​គឺមាន​លក្ខណៈ​ស័ក្ដិសម​បំផុត​សម្រាប់​ការបើកបរ​លើ​ស្ថានភាព​ផ្លូវ​កៅស៊ូ​ស្ងួត​ក្នុង​ល្បឿន​លឿន​បំផុត​។ ប្រព័ន្ធ LDVI ធានា​នូវ​សមត្ថភាព​បើកបរ​ក្នុង​ល្បឿន​លឿន​បំផុត​លើ​ស្ថានភាព​ផ្លូវ​លំបាក​តាមរយៈ​ប្រព័ន្ធ​បញ្ជូន​កម្លាំង​បង្វិល និង​គ្រប់គ្រង​ស្ថានភាព​រអិល​ផ្លាត​សម្រាប់​ការបើកបរ​លឿន​ស្ទុះ​ទៅមុខ​ទាំងពីរ​ទម្រង់​គឺ ក្នុង​ទម្រង់ ESC ON ក៏ដូចជា​ក្នុង​ទម្រង់ ESC OFF ដើម្បី​បើកបរ​លឿន​បំផុត​ផងដែរ​។

ទម្រង់​ Pioggia (​ពេល​ភ្លៀង​) បង្កើន​សមត្ថភាព​របស់​ប្រព័ន្ធ​គ្រប់គ្រង​ស្ថានភាព​រអិលផ្លាត ប្រព័ន្ធ​បញ្ជូន​កម្លាំង​បង្វិល ប្រព័ន្ធ​បត់​កង់​ក្រោយ និង​ប្រព័ន្ធ ABS នៅលើ​ផ្លូវ​កៅស៊ូ​សើម​។ ប្រព័ន្ធគ្រប់គ្រង​ស្ថានភាព​រអិល​ផ្លាត និង​ប្រព័ន្ធ​ហ្វ្រាំង​ត្រូវបាន​រៀបចំ​ផ្គុំ​ឡើង​ដោយ​គណនា​វាស់វែង​យ៉ាង​ប្រុងប្រយ័ត្ន​តាម​ខ្នាត​ ដើម្បី​កាត់បន្ថយ​ការបាត់បង់​ការរអិល​ផ្លាត និង​កាត់បន្ថយ​កម្លាំង​បង្វិល​របស់​ម៉ាស៊ីន ដោយ​ប្រព័ន្ធ LDVI ដែល​ធ្វើការ​គណនា​យ៉ាង​សុក្រិត​ ដើម្បី​ផ្តល់​តែ​កម្លាំង​បង្វិល​ដែល​ចាំបាច់​ក្នុង​ស្ថានភាព​ផ្លូវ​សើម​ប៉ុណ្ណោះ​។

ប្រព័ន្ធ​បញ្ជូន​កម្លាំង​បង្វិល​បត់បែន​ស្ថានភាព​ខាំ​ស្អិត​នៅ​ផ្នែក​ខាងក្រោម និង​ធានាបាន​នូវ​សមត្ថភាព​បត់​ចង្អូត​បាន​កាន់តែ​ល្អ ក្នុង​ខណៈពេល​ដែល​ប្រព័ន្ធ​បូម​ត្រូវបាន​រៀបចំ​ឡើង​ ដើម្បី​បង្កើន​សមត្ថភាព​ខាំស្អិត​ទៅនឹង​ផ្លូវ និង​កែលម្អ​ការផ្ទេរ​បន្ទុក​។

តម្លៃ​ស្នូល​របស់ Lamborghini Squadra Corse

ចាប់ពី​ពេលដែល​ម៉ាស៊ីន​ត្រូវបាន​បញ្ចេះ គ្រប់ផ្នែក​ទាំងអស់​នៃ​រថយន្ត Huracán STO ទាំង​ខាងក្នុង និង​ខាងក្រៅ ធ្វើឱ្យ​អ្នកបើកបរ​រថយន្ត​ប្រណាំង​រំជួលចិត្ត​។ ជា​តម្លៃ​ស្នូល​របស់​វា រថយន្ត Huracán STO បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ V10 ​របស់​ Huracán EVO និង​ Super Trofeo ​ដែល​មាន​កម្លាំង 640 hp (570 kW) និង​កម្លាំង​បង្វិល 565 Nm ក្នុង​កម្លាំង​ចលនករ​ 6,500 rpm​។

ជាមួយ​នឹង​ការបង្កើន​ចន្លោះ​រវាង​កង់​សងខាង រ៉ង​បូម​កាន់តែ​រឹង ប្រព័ន្ធគ្រប់គ្រង​លំនឹង​ដ៏ពិសេស និង​ប្រព័ន្ធ Magne Ride 2.0 ​របស់​រថយន្ត​ Lamborghini ធ្វើឱ្យ​រថយន្ដ STO អាច​ផ្ដល់នូវ​អារម្មណ៍​ជា​រថយន្ត​ប្រណាំង ក៏ដូចជា​ផាសុកភាព​ក្នុងពេល​បើកបរ​។

ម៉ាស៊ីន​នេះ​ត្រូវបាន​រៀបចំ​ផ្គុំ​ឡើង​តាម​ក្រិត​ខ្នាត​សម្រាប់​ការបើកបរ​ក្នុង​ល្បឿន​លឿន​ជា​លក្ខណៈ​រថយន្ដ​ស្ព័រ​ជាមួយនឹង​អារម្មណ៍​ងាយស្រួល​គ្រប់គ្រង​រថយន្ដ​បំផុត ដោយ​អាច​បញ្ជា​ល្បឿន​បាន​ដូច​ចិត្ត និង​មាន​សំឡេង​កាន់តែ​ណែន​ក្នុងពេល​រោទិ៍​ខ្លាំង​។ ល្បឿន​ចូល​លេខ​ត្រូវ​បាន​បង្កើន​បន្ថែម​ ដើម្បី​ផ្តល់នូវ​សមត្ថភាព​ឆ្លើយតប​ខ្ពស់ និង​ប្ដូរ​លេខ​បាន​រហ័ស​។

ប្រព័ន្ធ​បត់​កង់​ក្រោយ​របស់ Lamborghini និង​អត្រា​សមាមាត្រ​នៃ​ការបត់​ដោយផ្ទាល់ និង​ថេរ​កាន់តែ​ខ្ពស់ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ស្ថានភាព​ផ្លូវ​ប្រណាំង និង​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​រវាង​អ្នកបើកបរ រថយន្ត និង​ផ្លូវ​, អ្នកបើកបរ​មាន​ទំនាក់ទំនង​ដោយផ្ទាល់​ទាំងស្រុង​ជាមួយ​នឹង​ផ្លូវ​តាមរយៈ​ស្ថានភាព​ប្រែប្រួល​នៃ​ចលនា​របស់​រថយន្ត​ដែល​ប៉ះ​នឹង​ចុង​ម្រាមដៃ​របស់គាត់​។

គ្រប់ផ្នែក​ទាំងអស់​នៃ​មរតក និង​បច្ចេកវិទ្យា​រថយន្ដ​ប្រណាំង​របស់ STO ជួយ​បង្កើន​សមត្ថភាព​របស់​រថយន្ត​ក្នុង​ការបត់​ចង្កូត​ត្រង់​ផ្លូវ​កោង​បាន​កាន់តែ​លឿន និង​បង្កើន​សមត្ថភាព​កង់​ក្នុង​ការខាំ​ស្អិត​ជាប់​ទៅនឹង​ផ្លូវ​នៅពេល​លា​ចង្កូត​មកវិញ​,Huracán STO គឺជា​ការបញ្ជាក់​ថា​ការប្រណាំង​ត្រូវបាន​ឈ្នះ​នៅត្រង់​ចំណុច​ផ្លូវ​កោង​ជា​ជាង​នៅលើ​ផ្លូវត្រង់​។

ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ឌីណាមិក​ខ្យល់​ក្នុង​ការរចនា​ម៉ូត​របស់​រថយន្ត​ស្ព័រ

រថយន្ត Huracán STO សម្រេចបាន​នូវ​កម្រិត​ខ្ពស់បំផុត​នៃ​កម្លាំង​ក្រាប​ចុះក្រោម​ក្នុងចំណោម​ប្រភេទ​រថយន្ដ​នេះ ជាមួយ​នឹង​តុល្យភាព​កម្លាំង​ខ្យល់​ដ៏ល្អ​បំផុត​សម្រាប់​រថយន្ត​ប៉ុង​ក្រោយ ដោយ​មាន​ការបញ្ជូនរ​បាយ​បន្ទុក​ឌីណាមិក​ខ្យល់​ល្អ​បំផុត ដែលជា​កត្តា​ដ៏សំខាន់​ក្នុង​ការបង្កើន​សមត្ថភាព​បត់​របស់​រថយន្ត​។

ប្រសិទ្ធភាព​នៃ​លំហូរ​ខ្យល់​ជារួម​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង 37% ហើយ​ការបង្កើន​កម្លាំង​ក្រាម​ចុះក្រោម​គួរឱ្យ​កត់សម្គាល់​ចំនួន 53% គឺ​សម្រេច​បាន​លើ Huracán Performante​។

យ៉ាន់ម៉ាញ៉េស្យូម​ត្រូវបាន​បំពាក់​ជាមួយ​សំបក​កង់ Bridgestone Potenza ប្រណីត​ដែល​អាច​ប្រើ​បាន​ជា​ពីរ​ប្រភេទ​, គឺ​មួយ​ផ្តោត​ការបើកបរ​លើផ្លូវ​ទូទៅ និង​មួយទៀត​ផ្តោតលើ​ការបើកបរ​លើផ្លូវ​ប្រណាំង​។

រថយន្ត Huracán STO មានការ​រចនា​ផ្នែក​ខាងក្រៅ​ថ្មី​ទាំងស្រុង ដោយ​មាន​ការកែសម្រួល​ទម្រង់ Lamborghini ដែល​មាន​លក្ខណៈពិសេស​មិនអាច​ចម្លង​បាន​របស់ខ្លួន ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​លំហូរ​ខ្យល់​។

លោក​ MitjaBorkert ​ប្រធាន​ផ្នែក​រចនា​ម៉ូត​មាន​ប្រសាសន៍​ថា​៖ «​រថយន្ត​ប្រណាំង​តែងតែ​ជា​កម្លាំងចិត្ត​ដ៏ខ្លាំងក្លា​សម្រាប់​ការរចនា​របស់​យើងខ្ញុំ​។ រថយន្ត Huracán STO បង្ហាញ​អំពី​ការផ្ទេរ​បច្ចេកវិទ្យា​ពី​រថយន្ត​ប្រណាំង Huracán ​ដ៏ជោគជ័យ​របស់​យើងខ្ញុំ នៅក្នុង​គ្រប់​ចំណុច​ទាំងអស់​នៃ​សោភ័ណភាព​»​។

គ្រប់ផ្នែក​ទាំងអស់​នៃ​រថយន្ត Huracán STO គឺ​ផ្តោតទៅលើ​ប្រសិទ្ធភាព​ឌីណាមិក​ខ្យល់ និង បច្ចេកវិទ្យា ទម្ងន់​ស្រាល​ដែល​ត្រូវការ​ចាំបាច់​នៅក្នុង​វិស័យ​រថយន្ត​ស្ព័រ​។ Huracán STO ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​រចនា​ដែល Lamborghini តែងតែ​អនុវត្ត កាន់តែ​មាន​សុពលភាព​សម្រាប់​រថយន្ត​បើកបរ​លើផ្លូវ​ទូទៅ​ដែល​យក​លំនាំ​ចេញពី​ប្រភេទ​រថយន្ដ​ប្រណាំង​។

Huracán STO គឺជា​លទ្ធផល​នៃ​កិច្ចសហការ​រវាង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៏ (R&D) របស់ Lamborghini, Squadra Corse និង​ Centro Stile ដែលមាន​សោភ័ណភាព​ប្រណិត​ល្អឥតខ្ចោះ​នៅ​គ្រប់​ចំណុច ខណៈ​ដែល​ត្រូវបាន​កែលម្អ​បន្ថែម​ដើម្បី​ធានា​បាន​នូវ​សមត្ថភាព​បើកបរ​បាន​យ៉ាង​ល្អ​បំផុត​។

ផ្នែក​ខាងក្នុង​នៃ​រថយន្ត Huracán STO ឆ្លុះបញ្ចាំង​ពី​លក្ខណៈ​ស្រាល​ពិសេស​នៃ​ផ្នែក​ខាងក្រៅ​,​ការប្រើប្រាស់​លក្ខណៈពិសេស​នៃ​សសៃ​កាបូន​ក្នុង​កាប៊ីន​អ្នកបើកបរ​ទាំងមូល រួមទាំង​កៅអី​បែប​ស្ព័រ​ដែល​ផលិត​ពី​សរសៃ​កាបូន​ទាំងស្រុង​។ ផ្នែក​ខាងក្នុង Alcantara មាន​ Carbonskin របស់ Lamborghini​។ កំរាលព្រំ​ត្រូវបាន​យកចេញ រួច​ជំនួស​ទៅដោយ​កម្រាល​បាត​ធ្វើ​ពី​សរសៃ​កាបូន និង​បន្ទះ​ទ្វារ​ស្រាល​ផលិត​ពី​សរសៃ​កាបូន​ដែលមាន​ដៃ​ទ្វារ​សម្រាប់​បើក​។

ប្លុក​ខាងក្រោយ​មាន​កៅអី​អង្គុយ​ចំនួន​បួន និង​មាន​ប្រអប់​ខាងមុខ​រចនា​ថ្មី​សម្រាប់​រក្សាទុក​មួកសុវត្ថិភាព​ដែល​បញ្ជាក់​អំពី​ស្មារតី​ប្រណាំង​របស់ Huracán STO​។ កាតាប៊ូ​កង់​ខាងក្រោយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សហការ​ជាមួយ​ដៃគូ​បច្ចេកទេស​របស់​យើង​គឺ Akrapovič ​ត្រូវបាន​ផលិត​ចេញពី​លោហៈ​អាលុយមីញ៉ូម​ទីតានីញ៉ូម​កម្រិត​ខ្ពស់​។ វា​ស្រាល​ជាង​កាតាប៊ូ​ខាងក្រោយ​ដែលជា​ដែក​អ៊ីណុក​ធម្មតា​ដល់​ទៅ 40%​។

លក្ខណៈពិសេស​ក្រាហ្វិច Human Machine Interface (HMI) ថ្មី​នៅលើ​អេក្រង់ touch screen របស់ Huracán ដែល​គ្រប់គ្រង​មុខងារ​របស់​រថយន្ត​រួមមាន ភ្លើង​សញ្ញា​ទម្រង់​បើកបរ (drive mode indicator) ប្រព័ន្ធ LDVI សម្ពាធ​កង់ និង​សីតុណ្ហភាព​ហ្វ្រាំង​។ ប្រព័ន្ធ​ស្ទង់​តេទ្បេមេទ្រី​ដែល​បាន​ភ្ជាប់​យ៉ាង​ពេញលេញ​នឹង​ចលនា​រថយន្ត អាច​ឱ្យ​អ្នកបើក​រថយន្ត​ Huracán STO នៅលើ​ផ្លូវ​ប្រណាំង​ដើម្បី​តាមដាន និង​កត់ត្រា​ដំណើការ​បើកបរ​រថយន្ត​របស់​ពួកគេ និង​វិភាគ​ទិន្នន័យ​តាមរយៈ​កម្មវិធី​ Lamborghini UNICA ។

ម្ចាស់​រថយន្ត​ Huracán STO អាចមាន​រៀបចំ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​នៃ​រថយន្ត​ប្រណាំង​តាម​ដងផ្លូវ​របស់ខ្លួន​តាមរយៈ​កម្មវិធី​រចនា​ម៉ូត​ផ្ទាល់ខ្លួន Ad Personam ដ៏សម្បូរបែប​ដោយមាន​ថ្នាំលាប​ពណ៌​មិន​កំណត់ និង​ការបន្សំ​តម្រឹម​ក៏ដូចជា​ថ្នាំលាប​វែនីស្ទីល​បែប​រថយន្ដ​ប្រណាំង​។

គំនិត​ច្នៃប្រឌិត​ផ្ទាល់ខ្លួន​គឺមាន​នៅក្នុង​ការរចនា​ម៉ូត​របស់ Huracán STO តួយ៉ាង​ដូចជា​រថយន្ត​ប្រណាំង Huracán Super Trofeo ​ដែល​តម្រង់​ជួរ​ទៅតាម​ពណ៌ និង​ម៉ូត​រចនា​ពិសេសៗ​របស់ខ្លួន​នៅលើ​ទីតាំង​ចាប់ផ្ដើម​ការប្រណាំង​។ ការដាក់ចេញ​នូវ​រូបគំនូរ​លើ​រថយន្ត​ដ៏ទាក់ទាញ​នៃ​ Blu Laufey ​និង Arancio California គឺជា​គំរូ​នៃ​ស្មារតី​ប្រណាំង​បែប​កីឡា និង​យុវភាព​របស់ Huracán STO ។

អតិថិជន​ដំបូង​នឹង​ទទួល​បាន​ការចែកចាយ​រថយន្ត Lamborghini Huracán STO ថ្មី​នៅក្នុង​ត្រីមាស​ទី 3 ឆ្នាំ 2021៕

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង Lamborghini ភ្នំពេញ​តាមរយៈ​ទូរស័ព្ទ​:+855 (0) 95 666 591