កាលពី​សប្តាហ៍​មុន តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់ចុះ​ពី ៦៨,៩៧៩ មក​ត្រឹម ៦១,៨៥០ ​ដុល្លារ ក្នុង​ ១ ​បារ៉ែល​។ យោងតាម​គេហទំព័រ OILPRICE.com កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ តម្លៃ​ប្រេង​ឆៅ​បាន​ស្ទុះ​ងើបឡើង​វិញ ៣% ដោយសារ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​បាន​ចុះខ្សោយ​។ ទោះ​បើជា​មាន​ការកើនឡើង​វិញ​ខ្លះ​នៅ​ដើម​សប្តាហ៍​នេះ វិនិយោគិន​គួរតែ​ពិចារណា​បន្ដ​ការលក់ ខណៈ​សម្ពាធ​លើ​តម្លៃ​ប្រេង​នៅតែ​បន្ដ​មាន​។

ជាទូទៅ វា​ត្រូវបាន​គេ​មើលឃើញ​ថា នៅតែ​មាន​ការពិបាក​សម្រាប់​ប្រេងឆៅ​ក្នុង​ការស្វែងរក​ការគាំទ្រ និង​អ្នកទិញ ខណៈ​តម្រូវការ​ប្រេង​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​ដោយសារ​ការរឹតត្បិត និង​ការបិទខ្ទប់​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី Delta​។

គេហទំព័រ fxempire.com នៅ​ថ្ងៃទី​ ២២ បាន​រាយការណ៍​ថា ចិន​ដែលជា​ប្រទេស​នាំចូល​ប្រេងឆៅ​ធំ​បំផុត​របស់​ពិភពលោក បាន​អនុវត្ត​គោលនយោបាយ​ «​គ្មាន​ការលើកលែង​» ដើម្បី​ការពារ​ជំងឺឆ្លង​ថ្មី ដែល​បាន​ប៉ះពាល់​ដល់​ការដឹកជញ្ជូន និង​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។

ម្យ៉ាងវិញទៀត សារព័ត៌មាន Reuters បាន​រាយការណ៍​នៅ​ថ្ងៃទី​ ១២ ខែសីហា ថា​៖ «​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ជំរុញ​ឱ្យ​អង្គការ OPEC+ បង្កើន​ទិន្នផល​ ដើម្បី​ទប់ទល់​នឹង​ការឡើង​ថ្លៃ​ប្រេងសាំង​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ការគំរាមកំហែង​ដល់​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​។ សំណើ​នេះ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​សេត​វិមាន​ក្នុង​ការចូល​រួមជាមួយ​ប្រទេស​ផលិត​ប្រេង​ពិភព​លោកធំៗ សម្រាប់​ការផ្គត់ផ្គង់​បន្ថែម ដើម្បី​ជួយ​ដល់​ឧស្សាហកម្ម និង​អ្នកប្រើប្រាស់​»​។

ជា​លទ្ធផល តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​ខែកក្កដា បន្ទាប់ពី​អង្គការ OPEC+ បានប្រកាសថា ខ្លួន​នឹង​បង្កើន​ការផ្គត់ផ្គង់​បន្តិច​ម្តងៗ ដើម្បី​បំពេញ​ឡើងវិញ​នូវ​ការកាត់បន្ថយ​ផលិតកម្ម ៥,៨ លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​របស់ខ្លួន ត្រឹម​ខែកញ្ញា ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​គេហទំព័រ sg.news.yahoo​។

សម្រាប់​ការវិភាគ​ជួញដូរ​នៅ​សប្តាហ៍​នេះ វិនិយោគិន​អាច​រង់ចាំ​លក់​តម្លៃ​ប្រេងឆៅ​ក្នុងតម្លៃ ៦៦,១៦៨ ដុល្លារ ដោយ​កំណត់​មុខងារ​កាត់​យកប្រាក់​ចំណេញ​នៅ​តម្លៃ ៥៧,៧៧៧ ​ដុល្លារ និង​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ៦៩,៤៤៤ ដុល្លារ​៕