កាលពី​សប្តាហ៍​មុន តម្លៃ​ប្រេងឆៅ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ទាប​បំផុត ៦៧,១ ដុល្លារ និង​តម្លៃ​ខ្ពស់បំផុត​ ៧០,៥៧ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។ គិត​ត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​វិញ តម្លៃ​ប្រេងឆៅ​ត្រូវបាន​ជួញដូរ​ក្នុង​ចន្លោះ​តម្លៃ​ពី​ ៦៧,៦៤ ទៅ ៦៩,៤៧ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។

យោងតាម​គេហទំព័រ Reuters កាលពី​ថ្ងៃ​ចន្ទ ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងឆៅ​នេះ បណ្តាលមកពី​អារ៉ាប៊ីសាអ៊ូឌីត ដែលជា​ប្រទេស​នាំចេញ​ប្រេង​ធំជាងគេ​បង្អស់​របស់​អង្គការ OPEC+ បាន​បញ្ចុះតម្លៃ​បុព្វលាភ​លើ​ការដឹកជញ្ជូន​នៃ​ការបញ្ជាទិញ​ប្រេង​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ី​សម្រាប់​ខែតុលា ពី​តម្លៃ ១,៧០ ​ដុល្លារ មក​ត្រឹម ១,៣០ ដុល្លារ​ក្នុង​ ១ ​បារ៉ែល ប៉ុន្ដែ​បាន​រក្សា​តម្លៃ​បុព្វលាភ​លើ​ការដឹកជញ្ជូន​សម្រាប់​ការបញ្ជាទិញ​របស់​ប្រទេស​នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។

ការបញ្ចុះ​តម្លៃ​នេះ ពិតជា​បានធ្វើឱ្យ​អ្នកបញ្ជា​ទិញ​ពី​ប្រទេស​អាស៊ី​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​ដែល​ពួកគេ​មានការ​រំពឹងទុក​ថា បុព្វលាភ​ថ្លៃ​ដឹកជញ្ជូន​អាច​កាត់បន្ថយ​ត្រឹម​ចន្លោះ​ពី ២០ ទៅ ៤០ ​សេន​ក្នុង​ ១ ​បារ៉ែល តែប៉ុណ្ណោះ​។

ម្យ៉ាងវិញទៀត យោងតាម​កិច្ចប្រជុំ​លើក​ទី​ ២០ របស់​អង្គការ OPEC+ កាលពី​ថ្ងៃទី​ ១ ខែកញ្ញា នេះ ការផ្គត់ផ្គង់​ប្រេងឆៅ​ទៅកាន់​ទីផ្សារ​សកល​មាន​ការកើនឡើង ខណៈ​អង្គការ OPEC និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​រក្សា​គោលជំហរ​ក្នុង​ការបង្កើន​ចង្វាក់​ផលិតកម្ម​ប្រេង​រហូតដល់ ៤០០ ០០០ បារ៉ែល​ក្នុង​ ១ ​ថ្ងៃ គិត​ចាប់ពី​ខែ សីហា រហូតដល់​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ នេះ​។

ការកើនឡើង​នៃ​កម្រិត​ការផ្គត់ផ្គង់​ប្រេង ស្របពេល​ការរឹតបន្ដឹង​សកម្មភាព​សង្គម​ដោយសារ​ផលប៉ះពាល់​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី Delta នៅតែ​បន្ដ​មាន ក៏​អាច​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រេង​ឱ្យ​ស្ថិតនៅក្នុង​ទំនោរ​ធ្លាក់ចុះ​បន្ដទៀត​ផងដែរ​។ តាម​ការវិភាគ​ផ្នែក​បច្ចេកទេស​វិញ គិត​ត្រឹម​ថ្ងៃ​អង្គារ សប្តាហ៍​នេះ តម្លៃ​ប្រេងឆៅ​មិនមាន​ការប្រែប្រួល​គួរឱ្យ​កត់សម្គាល់​នោះទេ ខណៈ​ទីផ្សារ​ប្រេងឆៅ​បាន​បើក​ផ្សារ​នៅ​តម្លៃ ៦៨,៨០ ដុល្លារ​។

សម្រាប់​ការវិភាគ​រយៈពេល​វែង​វិញ តម្លៃ​ប្រេងឆៅ គឺ​ស្ថិតនៅក្នុង​លំហូរ​នៃ​ទំនោរ​កើនឡើង ប៉ុន្តែ​បើ​យោងតាម​កត្តា​ព័ត៌មាន​ខាងលើ វា​បាន​បង្កើត​ឱ្យ​មាន​ភាពមិន​ច្បាស់លាស់​មួយចំនួន​សម្រាប់​ទីផ្សារ​ប្រេង ដែល​ធ្វើឱ្យ​ការជួញដូរ​តម្លៃ​ប្រេង​អាច​នៅ​ទ្រឹង ឬ​មានការ​ធ្លាក់ចុះ​ជា​បណ្តោះអាសន្ន​ទៀត​។ ដូច្នេះ​សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ វិនិយោគិន​អាច​ពិចារណា​ជួញដូរ​ប្រេងឆៅ​ក្នុង​ចន្លោះ​តម្លៃ ៦៧ ​ដុល្លារ​ទៅ​ ៧០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​៕