The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា-ចិន កំពុង​ពន្លឿន​ការចុះ​ពិធីសារ​លើ​មុខ​ដំណាំ​ផ្សេងៗ​ទៀត




កម្ពុជា-ចិន កំពុង​ពន្លឿន​ការចុះ​ពិធីសារ​លើ​មុខ​ដំណាំ​ផ្សេងៗ​ទៀត

Content image - Phnom Penh Post
ផ្លែមៀន​ប៉ៃលិន ជា​ផលិតផល​មាន​សក្តានុពល​មួយ​សម្រាប់​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ ហេង ជីវ័ន

កម្ពុជា-ចិន កំពុង​ពន្លឿន​ការចុះ​ពិធីសារ​លើ​មុខ​ដំណាំ​ផ្សេងៗ​ទៀត

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា រដ្ឋបាល​គយ​ចិន​ (GACC) ​បាននិង​កំពុង​ពន្លឿន​ការចុះ​ពិធីសារ​លើ​មុខ​ដំណាំ​មួយចំនួនទៀត ដើម្បី​ជំរុញ​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ចិន​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ឆ្លើយតប​នឹង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២​។

លោក សាខុន បានលើកឡើង​ដូចនេះ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន-ចិន លើក​ទី​៧ ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ​ (SPS) ​ជាមួយ​នឹង​លោក​ Wang Lingjun អនុរដ្ឋមន្ត្រី​អគ្គរដ្ឋបាល​គយ​ (GACC) ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​ ១៣ ខែ កញ្ញា ឆ្នាំ​ ២០២១​។

ក្នុង​កិច្ចប្រជុំ​នេះ លោក វេង សាខុន ដែលជា​ប្រធាន​ប្តូរវេន​រដ្ឋមន្ត្រី​កសិកម្ម​ និង​ព្រៃឈើ​អាស៊ាន បានស្នើ​ជាថ្មី​ទៅកាន់​លោក Wang Lingjun ឱ្យជួយ​ពង្រីក និង​ពន្លឿន​លើ​ការចុះ​ពិធីសារ​លើ​មុខ​ដំណាំ​ផ្សេងៗ​ទៀត ដើម្បី​ជំរុញ​ការនាំចេញ​កសិក​ផល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ឱ្យ​កាន់តែ​ច្រើន​។

លោក​ថ្លែងថា​៖ «​យើង​នៅ​ប្តេជ្ញាចិត្ត​បន្ត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែកអនាម័យ និង​ភូតគាម​អនាម័យ​ (SPS) ​រវាង​អាស៊ាន-ចិន ដើម្បី​សម្រួល​ដល់​លំហូរ​ស្បៀង និង​ផលិតផល​កសិកម្ម​ឆ្លង​ព្រំដែន​នៅក្នុង​បរិបទ​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩»​។

មៀន​ប៉ៃលិន គឺជា​មុខ​ដំណាំ​បន្ទាប់ពី​ផ្លែស្វាយ​ស្រស់ ដែល​កម្ពុជា​កំពុងធ្វើការ​ចរចា​បើក​ទីផ្សារ​ទៅ​ប្រទេស​ចិន​តាម​ការស្នើសុំ​របស់​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០១៩​។

អគ្គរដ្ឋបាល​គយ​ចិន កាលពី​ថ្ងៃទី ២៥ ខែសីហា បាន​អះអាង​ថា ការងារ​វិភាគ​ហានិភ័យ​ផ្លែ​មៀន​កម្ពុជា​សម្រាប់​នាំចូល​ប្រទេស​ចិន ​ទទួលបាន​ការវិវត្ត​មួយកម្រិត​ដោយ​ភាគី​ចិន​បាន​ស្នើឱ្យ​ភាគី​កម្ពុជា​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​លើ​ការស្រាវជ្រាវ និង​ការដាក់ចេញ​វិធានការ​សម្រាប់​ទប់ស្កាត់ និង​កម្ចាត់​សមាសភាព​សត្វ​ចង្រៃ​ទាំង​ ៨ ​មុខ​»​។ នេះ​បើតាម​លោក វេង សាខុន​។

លោក​លើកឡើងថា​៖ «​ភាគី​ចិន​បាន​សន្យា​នឹង​បន្តធ្វើ​ការវាយតម្លៃ​នៅពេល​ភាគី​កម្ពុជា​ឆ្លើយតប​មកវិញ​ដោយ​ភាគី​ចិន​សង្ឃឹមថា ភាគី​ទាំង​ ២ ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ជំរុញ​ការងារ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ផ្លែ​មៀន​កម្ពុជា​ទៅ​ប្រទេស​ចិន​ឱ្យទទួល​ជោគជ័យ​»​។

លោក សួស ស៊ីយ៉ាត ប្រធាន​សហគមន៍​អ្នក​ដាំ​មៀន​ប៉ៃលិន ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ខែ​មុន​ថា លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​បានក្លាយ​ជា​ឧបសគ្គ​ចម្បង​រារាំង​ដល់​ការនាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​ចិន​។

លោក​មាន​ក្តី​រំពឹងថា កម្ពុជា និង​ចិន នឹង​សម្រេច​បាន​ការចរចា​លើ​ពិធីសារ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​មៀន​ប៉ៃលិន​ស្រស់ និង​ក្លាស្សេ​ទៅ​ប្រទេស​ចិន​នា​ដើម​ឆ្នាំក្រោយ​។

លោក​បាន​និយាយថា​៖ «​ខ្ញុំ​គិតថា​បញ្ហា​ទីផ្សារ​មៀន​របស់​កម្ពុជា​នឹង​អាច​ដោះស្រាយ ប្រសិនបើ​ចិន​អនុញ្ញាត​ឱ្យ​នាំចេញ​ផ្លែ​មៀន​ត្រង់​ទៅកាន់​ទីផ្សារ​របស់ខ្លួន​»​។

បច្ចុប្បន្ន​ប្រទេស​ចិន​ បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​ត្រង់​នូវ​ផលិតផល​កសិផល​មួយចំនួន​ដូចជា អង្ករ ស្វាយកែវរមៀត ស្វាយចន្ទី ចេកអំបូង និង​ដំឡូងមី​ក្រៀម​៕ LA

អត្ថបទគួរចាប់អារម្មណ៍