បន្ទាប់ពី​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ត្រឹម ១ ៧៨២ ដុល្លារ ក្នុង​ ១ ​អោនស៍ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅក្នុង​វគ្គ​ជួញដូរ​នៅ​អាស៊ី តម្លៃ​មាស​បាន​ត្រឡប់មក​ទំនោរ​កើនឡើង​វិញ ដោយសារ​អត្រា​អតិផរណា​អាមេរិក និង​ការបង្កើត​ការងារ​នៅ​សហរដ្ឋអាមេរិក នៅតែ​ធ្វើឱ្យ​ប្រាក់​ដុល្លារ​អាមេរិក​ស្ថិតនៅក្នុង​សម្ពាធ​រយៈពេល​វែង​។

គេហទំព័រ ING បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា​៖ «​ទោះបី​ជា​សន្ទស្សន៍​ថ្លៃទំនិញ​សម្រាប់​ខែសីហា ដែលជា​សូចនាករ​នៃ​កម្រិត​អតិផរណា​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ​ដល់ ០,៣% ទាប​ជាង​ខែ​មុន​រហូតដល់ ០.២% ប៉ុន្តែ​សម្ពាធ​អតិផរណា​នឹងមិន​រសាយ​បាត់​ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។ លើសពីនេះ​ទៀត ការរំពឹងទុក​សម្រាប់​អតិផរណា​នៅតែ​បន្ត​កើនឡើង​។

ចំណែក ធនាគារកណ្តាល​សហរដ្ឋអាមេរិក​បាន​បន្ត​អះអាងថា ការរំពឹងទុក​នៃ​អតិផរណា​រយៈពេល​វែង​នៅតែ​រក្សាបាន​ក្នុង​អត្រា ២%​។ ម្យ៉ាងទៀត ទិន្នន័យ​អត្រា​អ្នកមាន​ការងារ​ធ្វើ (​លើកលែងតែ​ផ្នែក​កសិកម្ម​) នៅ​សហរដ្ឋអាមេរិក​សម្រាប់​ខែ​សីហា ដែល​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ត្រឹមតែ ២៣៥ ពាន់​នាក់ ធៀប​ទៅនឹង​ខែមុន ១០៥៣ ពាន់​នាក់ នៅតែ​ធ្វើឱ្យ​អ្នក​ចូលរួម​ទីផ្សារ​ខកចិត្ត​។

ចំណែក គេហទំព័រ CNBC បាន​រាយការណ៍​ផងដែរ​ថា​៖ «​អត្រា​នៃ​ការប្រកាស​ការងារ​ដែល​ត្រូវការ​ការចាក់​វ៉ាក់សាំង​បាន​កើនឡើង​យ៉ាងខ្លាំង ចាប់តាំងពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក​បាន​ផ្តល់​ការយល់ព្រម​ពេញលេញ​ដល់​វ៉ាក់សាំង Pfizer-BioNTech នៅ​ថ្ងៃទី​ ២៣ ខែសីហា ហើយ​ទោះបី​ជា រដ្ឋបាល​របស់លោក​ប្រធានាធិបតី Joe Biden បាន​ជំរុញ​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​ទូទាំង​ប្រទេស​ដោយ​បានដាក់​សម្ពាធ​លើ​និយោជក​ឯកជន​ឱ្យ​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​កម្លាំង​ពលកម្ម​របស់​ពួកគេ អត្រា​អ្នកមាន​ការងារ​ធ្វើ ក៏​នឹង​មិន​ងាយ​កើនឡើង​ដល់​ចំណុច​វិជ្ជមាន​សម្រាប់​ប្រាក់​ដុល្លារ​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​ដែរ​។

ផ្អែកលើ​ការវិភាគ​ផ្នែក​ព័ត៌មាន​ទាំងនេះ ដែល​ភាគច្រើន​គាំទ្រ​ដល់​តម្លៃ​មាស​ឱ្យមាន​ការកើនឡើង វិនិយោគិន​គួរតែ​ពិចារណា​វិនិយោគ​តាម​ទំនោរ​រយៈពេល​វែង ព្រោះ​តម្លៃ​មាស​អាច​នឹង​កើនឡើង​ដល់ ១ ៨៣៣ ដុល្លារ​ក្នុង​ ១ ​អោនស៍ ក្នុង​សប្តាហ៍​នេះ​៕

វិភាគ​ដោយ៖ លោក ចេង តារាវុធ អ្នកវិភាគ​ឯករាជ្យ