ភ្នំពេញៈ សមាគម​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​កម្ពុជា​ (CAFT) និង​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ (AmCham Cambodia) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​គាំទ្រ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ធុរកិច្ច​បង្កើត​ថ្មី​ព្រមទាំង​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ការទទួល​ខុសត្រូវ​សង្គម​នៅក្នុង​ឧស្សាហកម្ម​មួយ​នេះ​នៅ​កម្ពុជា​។

MoU នេះ​បាន​ចុះហត្ថលេខា​ដោយ​លោក Remi Pell ប្រធាន​ក្រុមប្រឹក្សាភិបាល CAFT និង​លោក Anthony Galliano ប្រធាន AmCham កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា​។

ស្ថិតក្រោម MoU នេះ​សមាគម​ទាំង​ ២ ​បាន​ព្រមព្រៀង​គ្នា​ធ្វើ​សកម្មភាព​ជាក់ស្តែង​រួមទាំង​សមាជិកភាព​ទៅវិញ​ទៅមក និង​ការបញ្ចុះតម្លៃ​លើ​ការចូលរួម​ព្រឹត្តិការណ៍​នានា​បម្រើ​ជា​ដៃគូ​ឧស្សាហកម្ម​សម្រាប់​សហគមន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ធុរកិច្ច​បង្កើត​ថ្មី ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ និង​សកម្មភាព​រួមគ្នា ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចប្រជុំ​កំពូល CamTech Summit របស់ CAFT នៅពេល​ខាងមុខ ដោយ​សហការ​ជាមួយ World Fintech Festival តាមរយៈ Singapore Fintech Festival ធនាគារ​ជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។

លោក Remi Pell ប្រធាន​ក្រុមប្រឹក្សាភិបាល CAFT បានឱ្យដឹងថា ភាព​ជា​ដៃគូ​នេះ​នឹង​រួមចំណែក​ក្នុង​ការនាំយក​ជំនាញ​កាន់តែច្រើន ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។

លោក Anthony Galliano ប្រធាន AmCham ឱ្យដឹងថា AmCham មាន​ជំហរ​យូរអង្វែង​ក្នុង​ការលើកកម្ពស់ និង​គាំទ្រ​ក្រុមហ៊ុន​រវាង​កម្ពុជា និង​អាមេរិក​ដូច្នេះ MoU នេះ នឹង​ក្លាយជា​ជំហាន​មួយទៀត​ដើម្បី​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​រួមគ្នា​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «AmCham នៅតែ​ប្តេជ្ញា​ធ្វើការ​ជាមួយ​នឹង​វិស័យ​សាធារណៈ និង​ឯកជន ដើម្បី​លើកកម្ពស់ និង​គាំទ្រ​អាជីវកម្ម និង​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​។ នេះ​ជា​ឱកាស​ដ៏ល្អ​បំផុត​សម្រាប់​សភា​ពាណិជ្ជកម្ម​អាមេរិក​ក្នុង​ការលើក​កម្ពស់​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​លើកកម្ពស់​ការយល់ដឹង​អំពី​ភាពជោគជ័យ​នៃ​បច្ចេកវិទ្យា​ពាណិជ្ជកម្ម​នៅ​កម្ពុជា​»​។

ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០២១-២០៣៥ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមិថុនា ហើយ​រំពឹងថា នឹង​បញ្ចូល​សម្ទុះ​ថ្មីៗ​ទៅក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​ (ICT) របស់​កម្ពុជា និង​កម្រិត​ល្បឿន​នៃ​ការអភិវឌ្ឍ​របស់ខ្លួន​លោតរំលង​ទៅរក​យុគសម័យ​ឌីជីថល​៕ LA