ភ្នំពេញៈ របៀប​វារៈ​​សំខាន់ៗ​ចំនួន ៤ ត្រូវ​បាន​លើក​យក​មក​បង្ហាញ​ក្នុង​សិក្ខាសាលាស្តីពី​«​ការ​អភិវឌ្ឍ​ច្រក​របៀង​ដឹកជញ្ជូន និង​ចក្ខុវិស័យ​សម្រាប់​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃការ​ដឹកជញ្ជូន​ក្នុង​ចំណោម​ប្រទេស CICA» (Conference on Interaction and Confidence Building Measures in Asia)។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

សិក្ខាសាលា​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម និង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ នៃសាធារណរដ្ឋ Kazakhstan នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​តាម​រយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃ​ទី ១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​អន្តរជាតិនានា និង​តំណាង​ស្ថាប័ន​ទាំងឡាយ​អញ្ជើញ​មកពី​វិស័យ​ដឹកជញ្ជូន​នៃរដ្ឋ​ជាសមាជិក CICA។

ចំណុច​ទាំង​ ៤ នោះ​រួមមាន​វិធានការ​ឆ្លើយតប​បញ្ហា​ប្រឈម​ថ្មីៗ​របស់​រដ្ឋ​របស់​សមាជិក CICA នៅក្នុង​ឧស្សាហកម្ម​ដឹកជញ្ជូន​ក្នុង​បរិបទ​នៃជំងឺ​រាតត្បាត​ជាសកល, បង្កើន​ប្រសិទ្ធភាព​ដំណើរការ​ដឹកជញ្ជូន ដើម្បី​លើក​កម្ពស់​គុណភាព​នៃការ​ដឹកជញ្ជូន និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន, ការ​បង្កើន​ភាព​ទាក់ទាញ​នៃ​ច្រក​របៀង​ដឹកជញ្ជូន​អន្តរជាតិ​របស់ CICA, និង​ទស្សនវិស័យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ​ជាសមាជិក CICA និង​សកម្មភាព​រួមគ្នា​ក្នុងវិស័យ​ដឹកជញ្ជូន។

វិស័យដឹក​ជញ្ជូន​ត្រូវ​បាន​គេ​ដឹក​ថា ទទួល​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ចាប់តាំង​ពី​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ ១៩។ ប្រទេស​កម្ពុជា​ បាន​អះអាង​ថា ការ​នាំចេញ​ផលិតផល​សំខាន់ៗ​មួយ​ចំនួន ពិសេស​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប បាន​ធ្លាក់ចុះ​ដោយសារ​បញ្ហា​កង្វះ​កុងតឺន័រ និង​ការ​កើន​ឡើង​តម្លៃ​ដ៏ខ្ពស់​មិន​ធ្លាប់មាន ដែល​បាន​អូសបន្លាយ​ពេល​រហូត​មកដល់​ពេលនេះ​។​​

លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម នៃ​ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​បាន​លើកឡើង​ថា សិក្ខាសាលានេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​វិស័យ​ដឹកជញ្ជូន​ ពិសេស​នៅក្នុង​បរិបទ​នៃ​ការ​រីករាលដាល​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩។​

តាមរយៈ​សិក្ខាសាលា​នេះ លោក ឈៀង ពេជ្រ ក៏បាន​ចែករំលែក​អំពី​បញ្ហា​មួយ​ចំនួន​នៃ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា ដែល​រួមមាន​ រចនាសម្ព័ន្ធ​គ្រប់គ្រង​នៅ​ក្នុង​ផ្នែក​ភ័ស្តុភារកម្ម​នៅកម្ពុជា, ការ​អភិវឌ្ឍ​ផែនការ​មេស្តី​ពីការ​តភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ, និង​ការ​អនុវត្ត​ផែនការមេ​ភ័ស្តុភារកម្ម។

CICA គឺជា​វេទិកា​អន្តរ​រដ្ឋាភិបាល​មួយ​សម្រាប់​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឆ្ពោះទៅ​រក​ការ​ជំរុញ​សន្តិភាព​សន្តិសុខ​និង​ស្ថិរភាព​នៅអាស៊ី។ វា​គឺជា​វេទិកា​មួយ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅអាស៊ី និង​នៅ​លើ​ពិភពលោក។

បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៩ បច្ចុប្បន្ន CICA មាន​ប្រទេស​សមាជិក​ចំនួន ២៧ ប្រទេស ដោយ​មាន​លេខាធិកាដ្ឋាន​នៅក្នុង​ទីក្រុង Nur-Sultan ប្រទេស Kazakhstan៕