ភ្នំពេញៈ ប្រទេសកម្ពុជា ​អាចនឹង​បើកទ្វារ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ រួចរាល់ ដោយ​ចាប់ផ្តើម​ពី​ភ្ញៀវ​ជនជាតិចិន ខណៈ​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺនេះ​នៅ​ក្នុង​ប្រទេសចិន​ បាន​ធ្លាក់ចុះ​យ៉ាងច្រើន​បើធៀប​នឹង​ប្រទេស​ជាច្រើន​លើ​ពិភព​លោក។ នេះ​បើ​យោង​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។

នៅក្នុង​ឱកាស​ប្រកាស​បើក​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ជូនដល់​កុមារ​អាយុ​ចាប់ពី ៦ ឆ្នាំ​ ដល់ក្រោម ១២ ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​វិមានសន្តិភាព នាព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញានេះ លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា បន្ទាប់ពី​សម្រេច​បាន​លទ្ធផល​ល្អ​ជា​បន្តបន្ទាប់​ពី​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាកសាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ កម្ពុជា​បាន​និង​កំពុង​ចាប់​ផ្តើម​បើក​ដំណើរការ​វិស័យ​សំខាន់ៗរបស់​ខ្លួន​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ដោយ​ផ្តើម​ដំបូង​វិស័យអប់រំ ហើយ​បន្ទាប់​មក​គឺ​វិស័យ​សេវាកម្ម​ (ទេសចរណ៍) ដែល​សេវាកម្ម​នេះ​ត្រូវ​ធ្វើ ២ជំហាន គឺ​ទី១ ជាការ​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក និង​ទី២ គឺ​ទេសចរណ៍​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់​។

លោក​បន្ត​ថា នៅពេល​ខាងមុខ​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ដូស អាច​មក​កម្ពុជា​បាន ប៉ុន្តែ​អាច​ធ្វើ​ចត្តាឡីស័ក​នៅ​ក្របខ័ណ្ឌ​មូលដ្ឋាន​ខេត្ត​នោះ រយៈ​ពេល ៧ ថ្ងៃ ដោយ​មិន​ឱ្យ​ឆ្លង​ទៅ​ខេត្ត​ដទៃឡើយ។ ដោយសារ​កម្ពុជា និង​ប្រទេស​ចិន ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា ហើយ​អត្រា​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ​មាន​កម្រិត​ទាប​ខ្លាំង​នោះ ហេតុ​នេះ​កម្ពុជា​អាច​នឹងចាប់​ផ្តើមបើក​ទទួល​ភ្ញៀវ​ទេសចរ​ចិន​មុន​គេ​។​

លោក​ថ្លែងថា៖​ «​ថ្ងៃមុន​ វា​ជាការ​ភ្លេចភ្លាំង​មួយ​របស់ខ្ញុំ​ដែល​ចង់​ពិភាក្សា​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសរបស់​ចិនថា យើង​គួរ​សហការ​គ្នា​ធ្វើ​។ បាន​សេចក្តី​ថា ធ្វើ​ចត្តាឡីស័ក ៧ ថ្ងៃ ប៉ុន្តែ​អ្នកឯង​មានសិទ្ធិ (ភ្ញៀវ​ទេសចរ) ដើរ​នៅ​ក្នុង​ក្រុង ដែល​អ្នកឯង​ធ្វើ​ចត្តាឡីស័ក គឺ​មិនមែន​ធ្វើ​ចត្តាឡីស័ក​ក្នុង​បន្ទប់​នោះ​ទេ ហើយ​បន្ទាប់​ពីហ្នឹងទៅ​ អ្នកឯង​ផុត ៧ថ្ងៃ គឺ​អ្នកឯង​​អាច​ចេញ​ទៅ​ខេត្ត​ដទៃ»។

លោក​បន្ត​ថា៖​ «​ឥឡូវ​សូមជួយ​គិតគ្នា​ ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ទេសចរណ៍ ​(អន្តរជាតិ​)​ ឡើង​វិញ ព្រោះ​កុំ​ភ្លេចឱ្យ​សោះ​ថា សេដ្ឋកិច្ច​ប្រទេស​ដែល​ជឿនលឿន គឺមាន​ផ្នែក​សេវាកម្ម​នាំ​មុខ​ទាំង​អស់​»។

លោក​បញ្ជាក់​ថា សេវាកម្ម​ គឺ​ជា​វិស័យ​មួយ​ដែល​អាច​រក​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​រីកចម្រើន គឺ​ច្រើន​ជាង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ទៀតផង​។​

លោក​អះអាង​ទៀត​ថា ការខិត​ខំរបស់​រដ្ឋាភិបាល​ក្នុង​ការស្វែង​រក​វ៉ាក់សាំង​មក​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​គឺ​មិន​ត្រឹមតែ​ដើម្បី​សុខភាព​សាធារណៈ​ និង​អាយុ​ជីវិត​របស់​ប្រជាជន​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងសម្រាប់​សេដ្ឋកិច្ច​ប្រទេស​ជាតិ និង​ការ​បើក​ដំណើរការ​អាជីវកម្ម​គ្រប់​យ៉ាង​ផងដែរ។

លោក​បញ្ជាក់​ថា៖​ «យើង​សុខចិត្ត​ចំណាយ​រាប់រយ​លានដុល្លារ​រក​វ៉ាក់សាំង​យកមក​ចាក់ ដើម្បី​ទាញយក​មកវិញ​រាប់ពាន់​លានដុល្លារ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា»។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ធ្លាប់បាន​លើកឡើង​ថា កម្ពុជា​មាន​ផែនការ​នឹង​បើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ គ្រប់ដូស​ ចាប់ពី​ត្រីមាស​ទី៤ ឆ្នាំ ​២០២១ នេះតទៅ៕