ភ្នំពេញៈ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ​លោក កៅ ថាច បាន​អំពាវនាវ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ទទួល​ហិរញ្ញប្បទាន​ពិសេស​ពី​រដ្ឋាភិបាល​ជួយ​បន្ត​ទិញស្រូវ​ពី​កសិករ​ទៅតាម​តម្លៃ​ទីផ្សារ ដែល​កាន់តែ​ខិតជិត​មកដល់​ខាងមុខនេះ​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​រោង​ម៉ាស៊ិន​កិនស្រូវ​ចំនួន ៧ នៅតាម​បណ្តា​ខេត្ត​ផលិត​ស្រូវ​សំខាន់ៗ​រួមមាន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ប៉ៃលិន កាលពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៧ ខែ កញ្ញា ឆ្នាំ​ ២០២១​។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យមើល​ប្រសិទ្ធភាព​របស់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​នៃ​ការប្រើប្រាស់​ឥណទាន​នៅក្រោម​គម្រោង​ហិរញ្ញប្បទាន​ពិសេស​របស់​រដ្ឋាភិបាល​ដែល​ទទួលបាន​តាម ARDB​។

លោក កៅ ថាច ក៏បាន​បន្ត​ជំរុញ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នៃ​កិច្ចសន្យា​កសិកម្ម ដើម្បី​រួមចំណែក​ធានា​តម្លៃ​ស្រូវ និង​ស្ថិរភាព​ទីផ្សារ​ស្រូវ​ជូន​ប្រជាកសិករ​។

លោក​លើកឡើង​ថា​៖ «​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​សូម​បន្ត​ទិញស្រូវ​ពី​បងប្អូន​ប្រជាកសិករ​ឱ្យ​អស់ពី​លទ្ធភាព និង​គោរព​តាម​តម្លៃ​ទីផ្សារ​»​។

ម្ចាស់​រោង​ម៉ាស៊ិន​កិនស្រូវ ងួប ហុង នៅក្នុង​ខេត្តកំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ឆ្នាំ​ ២០២១ ​នេះ​លោក​បាន​ទទួលបាន​ឥណទាន​ពិសេស​ពី​រដ្ឋាភិបាល​ប្រមាណ ៣០ ​ម៉ឺន​ដុល្លារ​សម្រាប់​ជា​ទុន​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ដែល​រដូវ​ប្រមូលផល​ស្រូវវស្សា​នឹង​ចូល​មកដល់​ខែតុលា​ខាងមុខ​។

លោក​ប្រាប់ថា​៖ «​ពួកខ្ញុំ​បានទទួល​កញ្ចប់​ថវិកា​ពិសេស​ពី​រដ្ឋាភិបាល​ដែល​ទម្លាក់​មក​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម​រួចហើយ​នៅ​ឆ្នាំនេះ​ចំនួន​ជិត​ ៣០ ​ម៉ឺន​ដុល្លារ​សម្រាប់​ជា​ទុន​ប្រមូលផល​ស្រូវ​កាលពី​ថ្មីៗ​នេះ​។ យើង​មាន​ផែនការ​បញ្ជា​ទិញស្រូវ​បញ្ចូល​ឃ្លាំង​ទាល់តែ​ពេញ​ឃ្លាំង និង​លក់​ចេញ​ជា​បន្តបន្ទាប់​។ យើង​អត់​មាន​សម្រាក​ទេ​។ យើង​នឹង​ទិញស្រូវ​ប្រមាណ ៣០០ ​តោន ក្នុង​ ១ ​ថ្ងៃ តាម​តម្លៃ​ទីផ្សារ​»​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) កាលពី​ខែ​មុន បានឱ្យដឹងថា គិត​ត្រឹម​ដើមខែ​សីហា សមាជិក CRF ដែលជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​បាន​ទទួល​ឥណទាន​ពិសេស​ពី​រដ្ឋាភិបាល​ប្រមាណ ៥០ ​លាន​ដុល្លារ​តាមរយៈ​ធានាគារ ARDB សម្រាប់​ជា​ទុន​បង្វិល​ដើម្បី​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុង​រដូវ​ប្រមូល​។

លោក​និយាយថា​៖ «​អ្វីដែល​យើង​ដឹង គឺ​ចាប់​ដើមខែ​នេះ​មក ពួកគាត់​បាន​ខ្ចីប្រាក់​ពី ARDB ជិត ៥០ ​លាន​ដុល្លារ​រួចហើយ​។ ប៉ុន្តែ​ដើម្បី​ដឹង​ចំនួន​ជាក់លាក់​ទាល់តែ​ធនាគារ ARDB ទើប​អាច​បញ្ជាក់បាន​ច្បាស់ ព្រោះ​ជា​អតិថិជន​របស់គាត់ ហើយ​រហូតមក​ពេលនេះ​ប្រហែលជា​អាច​លើស​នេះ​ទៀតផង​»​។

ចាប់ពី​ឆ្នាំ​ ២០១៦ រហូតមកដល់​បច្ចុប្បន្ន​នេះ ARDB បានទទួល​កញ្ចប់​ថវិកា​ក្រោម​កម្មវិធី​ពិសេស​ពី​រដ្ឋាភិបាល ៨០ ​លាន​ដុល្លារ​ ដោយ​មិនទាន់​រាប់បញ្ចូល​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល ARDB ទើប​ទទួលបាន​សម្រាប់​បង្កើន​ដើមទុន​ក្នុង​ការជំរុញ​ការទិញ​ស្រូវ​ពី​កសិករ​សំដៅ​ធ្វើឱ្យ​តម្លៃ​ស្រូវ​មាន​ស្ថិរភាព និង​បង្កើន​សន្និធិ​ស្រូវ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការកែច្នៃ​អង្ករ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស និង​នាំចេញ​។ នេះ​បើតាម ARDB កាលពី​ខែសីហា ឆ្នាំ​ ២០២១៕ LA

វីដេអូ៖