ភ្នំពេញៈ ក្រុមហ៊ុន HGB Motors Assembly បោះទុន​ប្រមាណ ៧ ​លាន​ដុល្លារ​ វិនិយោគ​លើ​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​កាលពី​ថ្ងៃទី​ ២១ ​ខែកញ្ញា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន HGB Motors Assembly លើ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត ភីភី ក្រុង​ប៉ោយប៉ែត​ (Poi Pet PP SEZ) ដែលមាន​ទុនវិនិយោគ ៧ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​ ១៦៥ ​កន្លែង​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា នេះ​ជា​ដំណឹង​ល្អ​ដែល​បង្ហាញថា ប្រភេទ​ឧស្សាហកម្ម​ធុន​ធ្ងន់​បាន​ចាប់​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា ខណៈ​នាពេល​កន្លងមក​ឧស្សាហកម្ម​នៅ​កម្ពុជា​ភាគច្រើន​ជា​ឧស្សាហកម្ម​ធុន​ស្រាល​។

លោក​ប្រាប់ថា រោងចក្រ​ប្រភេទ​នេះ​នឹង​មាន​លំនឹង ហើយ​យូរអង្វែង ដោយ​មិន​ដូច​ឧស្សាហកម្ម​ធុន​ស្រាល ដែល​ក្រុមហ៊ុន​អាច​ចាកចេញ​ទៅវិញ​ពេលណា​ក៏បាន​។

លោក​និយាយថា​៖ «​យើង​ឃើញថា អ្វីដែល​កម្ពុជា​យើង​កំពុងមាន​ដូចជា ស្ថិរភាព​នយោបាយ និង​សន្តិភាព គឺជា​កត្តា​ជំរុញ​ឱ្យគេ​ហ៊ាន​ដាក់ទុន​វិនិយោគ​ឧស្សាហកម្ម​ប្រភេទ​នេះ​។ តាមរយៈ​គម្រោង​នេះ អ្វី​ដែលជា​ផលប្រយោជន៍​សម្រាប់​យើង​គឺ​បង្ហាញ​ការឱ្យ​ឃើញ​ពី​ការទុកចិត្ត​របស់​អ្នកវិនិយោគ​មកកាន់​កម្ពុជា ហើយ​ច្បាប់​វិនិយោគ​របស់​កម្ពុជា ក៏មាន​ការទាក់ទាញ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​»​។

កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន RMA (Cambodia) Plc ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ក៏បាន​បង្ហាញ​ពី​ការបង្កើត​រោងចក្រ​ដំឡើងរថយន្ត​ម៉ាក​ Ford របស់​អាមេរិក​ដែលមាន​មូលដ្ឋាន​រោងចក្រ​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ផងដែរ​។

ទោះបីយ៉ាងណា លោក ឈឿន ក្រៃយ៉ុង ប្រធាន​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា លោក​មិនទាន់​ទទួលបាន​ដំណឹង​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន HGB Motor Assembly នោះទេ​៕ LA

វីដេអូ៖