ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ប្រាប់​ឱ្យ​ធុរជន​ត្រូវបំពេញ​កាតព្វកិច្ច​ការពារ​អ្នកប្រើប្រាស់​ឱ្យស្រប​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន ដើម្បី​រួមចំណែក​ក្នុង​ការកសាង​សុខដុមនីយកម្ម និង​អភិវឌ្ឍន៍​ប្រទេស​ប្រកបដោយ​និរន្តរភាព​។

ការអំពាវនាវ​នេះ​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​នៅ​ក្រោម​ប្រធានបទ​ «​ការធ្វើ​ធុរកិច្ច​ប្រកប​ដោយ​ក្រមសីលធម៌​៖ ​សុខុមាលភាព​របស់​អតិថិជន និង​ធុរកិច្ច​របស់លោក​អ្នក​» កាលពី​ថ្ងៃទី​ ២៣ ខែកញ្ញា ឆ្នាំ​ ២០២១​។

សិក្ខាសាលា​នេះ​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ) តាម​ប្រព័ន្ធ​អនឡាញ និង​ដោយផ្ទាល់ ដែលមាន​អ្នកចូលរួម​ពី​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ១៥០ ​នាក់​។

សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​ក្រម​សីលធម៌​ធុរកិច្ច​តាម​ប្រព័ន្ធ​អនឡាញ​សម្រាប់​អាស៊ាន ដែល​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ការអនុវត្ត​ធុរកិច្ច​ដោយ​ត្រឹមត្រូវ​ក្នុង​បរិយាកាស​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដែល​កំពុង​វិវឌ្ឍ​ទៅមុខ​ជាប្រចាំ​។

លោក សូរស័ក្តិ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា អ្នកធ្វើ​ធុរកិច្ច​ទាំងអស់​ដែល​មិនទាន់​បាន​អនុវត្ត​នូវ​កាតព្វកិច្ច​ការពារ​អ្នកប្រើប្រាស់ គឺ​ត្រូវតែ​យកចិត្ត​ទុកដាក់​អនុវត្ត​ឱ្យស្រប​តាមច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​ ដើម្បី​រួមចំណែក​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អ្នកប្រើប្រាស់​។

ក្នុង​ឱកាស​នេះ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ឱ្យធ្វើ​សេចក្តី​រាយការណ៍​ពី​ធុរជន​ទាំងឡាយណា ដែល​ប្រព្រឹត្ត​សកម្មភាព​មិន​សុចរិត​ក្នុង​ធុរកិច្ច​មក​ក្រសួង​ពាណិជ្ជកម្ម ឬ​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ តាមរយៈ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប.) ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​រួមគ្នា​ឱ្យបាន​ទាន់ពេលវេលា​។

លោក​ថ្លែងថា​៖ «​ការការពារ​អ្នកប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​តម្រូវឱ្យ​អាជីវករ​ទទួល​បាន​ការជូន​ដំណឹង​អំពី​កាតព្វកិច្ច​របស់ខ្លួន​ចំពោះ​អ្នកប្រើប្រាស់ និង​ចៀសវាង​សកម្មភាព​ណា​ដែល​អាច​ភូតកុហក ពង្វាង​ការពិត ឬ​ធ្វើឱ្យ​ខូច​ដល់​ប្រយោជន៍​អ្នកប្រើប្រាស់​ទាំង​ក្នុង​ប្រតិបត្តិការ​ជា​ទម្លាប់​ប្រពៃណី ឬ​ក្នុង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។ ការការពារ​ផលប្រយោជន៍ និង​សិទ្ធិ​របស់​អ្នក​ប្រើប្រាស់​មិនគួរ​ត្រូវបាន​ចាត់ទុកថា​ជា​ឧបសគ្គ​ដល់​អាជីវកម្ម​ឡើយ​។ ផ្ទុយទៅវិញ អាជីវកម្ម​ដែល​លក់​ផលិតផល ឬ​សេវាកម្ម​ទៀងត្រង់ និង​បម្រើ​អតិថិជន​ពួកគេ​ដោយ​ស្មើភាព​»​។

លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​អះអាងថា ច្បាប់​នេះ​នឹង​ជួយ​បញ្ជ្រាប​ការយល់ដឹង និង​ការពារ​ដល់​ធុរជន អ្នកប្រើប្រាស់​នៅ​កម្ពុជា ពិសេស​ក្នុងអំឡុងពេល​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​។ លោក​បន្ថែមថា តាមរយៈ​ច្បាប់​នេះ កម្ពុជា និង​ប្រទេស​ជា​សមាជិក​អាស៊ាន និង​សកលលោក​នឹងមាន​ទំនាក់ទំនង​គ្នា​ ដើម្បី​បង្កើន​ភាពទាក់ទាញ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​មក​ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​»​។

ប្រធាន​ក្រុមការងារ​អាស៊ាន​នៃ GIZ ប្រចាំ​កម្ពុជា លោក Frank Jattke បាន​លើកឡើងថា ការធ្វើ​ធុរកិច្ច​ប្រកបដោយ​សុចរិត និង​យុត្តិធម៌ គឺជា​កត្តា​សំខាន់​ដើម្បី​ជំរុញ​ភាពជោគជ័យ​ក្នុង​ធុរកិច្ច ដោយសារ​ក្រុមហ៊ុន​ដែល​បានទទួល​ការពេញចិត្ត​ពី​អតិថិជន ឬ​អ្នកប្រើប្រាស់​អាច​ពង្រីក​មូលដ្ឋាន​អតិថិជន​ខ្លួន​កាន់តែ​ទូលំទូលាយ​។

លោក​បាន​អះអាង​ថា​៖ «​ក្រមសីលធម៌​នេះ ត្រូវគេ​រំពឹងថា​នឹងត្រូវ​យកទៅ​ផ្សព្វផ្សាយ​នៅ​ទូទាំងប្រទេស​ជា​សមាជិក​អាស៊ាន​ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ស្តារ​ប្រទេស​ឡើងវិញ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩»​។

ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​ត្រូវបាន​ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។ ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​មាន ១១ ​ជំពូក និង ៥១ ​មាត្រា​មាន​គោលបំណង​ធានា​ការពារ​អ្នកប្រើប្រាស់ និង​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត​៕ LA