ភ្នំពេញៈ កម្ពុជា​នឹង​ធ្វើការ​ផ្ទេរ​បច្ចេកវិទ្យា​ថ្មីៗ​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ថាមពល និង​បង្កើន​ការអភិវឌ្ឍ​ថាមពល​កកើតឡើង​វិញ​ជា​អតិបរមា ដើម្បី​ធានា​ការផ្គត់ផ្គង់​ថាមពល​ដែល​មាន​តម្លៃ​សមរម្យ អាច​ទុកចិត្ត និង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​។ នេះ​បើតាម​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ក្នុង​កិច្ចសន្ទនា​ថ្នាក់ខ្ពស់​ស្តីពី​ «​ថាមពល​» ​ក្រោម​ប្រធានបទ «​ការបង្កើន​សកម្មភាព​ ដើម្បី​សម្រេចការ​ទទួលបាន​ថាមពល​ប្រើប្រាស់​ជា​សកល និង​ការបញ្ចេញ​ឧស្ម័ន​កាបូន​សូន្យ​» ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​ ២៤ ខែកញ្ញា​។

លោក ស៊ុយ សែម បាន​លើកឡើងថា ក្នុង​រយៈពេល​កន្លងមក កម្ពុជា​សម្រេច​បាន​គោលដៅ​នៃ​ការផ្គត់ផ្គង់​ថាមពល​គួរឱ្យ​កត់សម្គាល់ ដោយ​ភូមិ​ជាង ៩៧ ភាគរយ​ទទួល​បាន​ការផ្គត់ផ្គង់​ថាមពល​ពី​ប្រព័ន្ធ​បណ្តាញ និង​ផ្ទះ​ជាង​ ៨១ ​ភាគរយ​ទទួលបាន​ការតភ្ជាប់​បណ្តាញ​ប្រើប្រាស់​។ ក្នុងន័យនេះ រដ្ឋាភិបាល​នឹង​ខិតខំ​អភិវឌ្ឍ​វិស័យ​ថាមពល​បន្តទៀត ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មួយ​ដែល​ទំនើប មាន​តម្លៃ​សមរម្យ​អាច​ទុកចិត្ត​បាន និង​មាននៅ​គ្រប់​ទីកន្លែង​។

លោក​បន្តថា ការកាត់បន្ថយ​ដង់ស៊ីតេ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ គឺ​មាន​ភាពចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការសម្រេច​គោលដៅ និង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា និង​គោលដៅ​អន្តរកាល​ឆ្ពោះទៅ​ការកាត់បន្ថយ​ឧស្ម័ន​កាបូន​។ ការអភិវឌ្ឍ​ថាមពល​បន្តទៀត កម្ពុជា​នឹង​បង្កើន​ការប្រើប្រាស់​ថាមពល​ស្អាត​ឱ្យ​បានជា​អតិបរមា​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាស ព្រមទាំង​ធានា​ភាពគ្រប់គ្រាន់​នៃ​សន្តិសុខ​ថាមពល ដែល​មាន​តម្លៃ​សមរម្យ និង​អាច​ទុកចិត្តបាន​។

លោក​ថ្លែងថា​៖ «​សម្រាប់​គោលដៅ នេះ​យើង​កំពុង​ធ្វើ​សមាហរណកម្ម​អភិវឌ្ឍន៍​គម្រោង​ថាមពល​កកើតឡើង​វិញ​ឱ្យ​កាន់តែ​ច្រើន​ក្នុង​ផែនការអភិវឌ្ឍន៍​របស់​យើង​។ អភិវឌ្ឍ​ប្រព័ន្ធ​អាគុយ​ស្តុក​ថាមពល​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្កើន​ការទទួល​គម្រោង​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ​បន្ថែមទៀត និង​ធ្វើការ​អនុម័ត​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​ការងារ​ប្រសិទ្ធភាព​ថាមពល​»​។

លោក​បន្តថា ទោះជា​យ៉ាងណា​ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ថាមពល កម្ពុជា​នឹង​នៅ​បន្ត​ពឹង​ផ្អែកលើ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ខ្លះ​ដោយ​ចៀស​ពុំរួច ដូចនេះហើយ​នៅពេល​ដ៏ខ្លី​ខាងមុខ កម្ពុជា​មាន​ភាពចាំបាច់​ក្នុង​ការកែច្នៃ​ឥន្ធនៈ​ហ្វូស៊ីល​ដែលមាន​ស្រាប់​ឱ្យមាន​លក្ខណៈ​ស្អាត​ជាង​មុន​។

លោក​ថ្លែងថា​៖ «​យើង​មាន​ភាពចាំបាច់​ណាស់​ក្នុង​ការដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ហ្វូស៊ីល​ស្អាត​ដូចជា បច្ចេកវិទ្យា​ធ្យូងថ្ម​ស្អាត និង​បច្ចេកវិទ្យា​ចាប់យក​កាបូន ការប្រើប្រាស់ និង​ស្តុក​ទុក​កាបូន និង​បច្ចេកវិទ្យា​អ៊ីដ្រូហ្ស៊ែន​។ ការស្តុក​អាគុយ​ថាមពល​នឹង​ផ្តល់​នូវ​កាលានុវត្តភាព​នៃ​ហិរញ្ញប្បទាន​សម្រាប់​វិនិយោគ​លើ​ការកែច្នៃ​បច្ចេកវិទ្យា​ទាំងនេះ គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​អន្តរកាល​ឆ្ពោះទៅកាន់​ការកាត់បន្ថយ​ឧស្ម័ន​កាបូន​»៕ LA