ភ្នំពេញៈ ស្ថាបនា ដែល​ជា​ធនាគារ​ក្នុងស្រុក​បាន​ទទួល​មូលនិធិ​ចំនួន​ ១០ ​លាន​ដុល្លារ​ពី​មូលនិធិ OP Finnfund Global Impact Fund I ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វាំងឡង់ ដើម្បី​ជា​ការផ្តល់​លទ្ធភាព​បន្ថែមទៀត​ដល់​ធនាគារ​មួយ​នេះ​ សម្រាប់​ពង្រីក​ប្រាក់កម្ចី​របស់ខ្លួន​ទៅដល់​អតិថិជន​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) ​ជាពិសេស​ស្ត្រី​។

លោក Fung Kai Jin អគ្គនាយក​ធនាគារ​ស្ថាបនា​បាន​ឱ្យដឹងថា ធនាគារ​របស់​លោក​កំពុងផ្តល់​សេវាកម្ម​ជាច្រើន​ទៅដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រិន​ស្ត្រី​ ដើម្បី​រួមចំណែក​ដល់​សេដ្ឋកិច្ចជាតិ​។

លោក Fung ថ្លែងថា​៖ «​ធនាគារ​ស្ថាបនា​មិន​ត្រឹមតែ​ផ្តោតលើ​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​អតិថិជន​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចង់​ផ្តល់នូវ​សេវាកម្ម​មិនមែន​ហិរញ្ញវត្ថុ​ ដែល​ផ្តល់​គុណតម្លៃ​បន្ថែម​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ស្ត្រី​ផងដែរ​»​។

លោក​បាន​បន្ថែមថា​៖ «​ដូច​យើង​ដឹង​ហើយ​ថា​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​ភាគច្រើន គឺជា​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​វា​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។ សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ២៦ ​ភាគរយ​ត្រូវ​គ្រប់គ្រង​ដោយ​ស្ត្រី ខណៈ​សហគ្រាស​មីក្រូ ៦២ ​ភាគរយ​គ្រប់គ្រង​ដោយ​ស្ដ្រី ដូច្នេះ​យើង​មិនអាច​បញ្ជាក់​ពី​សារៈសំខាន់​របស់​ពួកគេ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​បានទេ​»​។

លោក​បន្តថា​៖ «​យើង​ក៏​ធានាបាន​នូវ​សមភាព​យេនឌ័រ​ក្នុង​ការជ្រើសរើស​បុគ្គលិក​របស់​យើង​ផងដែរ ក្រៅពី​ផ្តល់​លទ្ធភាព និង​ទ្រទ្រង់​ដល់​សហគ្រិន​ទាំងនេះ​ជាមួយ​នឹង​ផលិតផល និង​សេវាកម្ម​របស់​យើង​ដូចជា ប្រាក់កម្ចី​បង់​រំលស់​អាជីវកម្ម ការផ្តល់​ប្រាក់កម្ចី​ដែល​អាច​បត់បែន​បាន ការទូទាត់​ដោយ​មិនចាំបាច់​ធ្វើ​ទំនាក់ទំនង និង​ការសន្សំ​ប្រាក់​វៃឆ្លាត​»​។

លោក Tuomas Virtala ប្រធាន​គ្រប់គ្រង​ទ្រព្យសកម្ម​នៅ​ធនាគារ OP Corporate Bank បានឱ្យដឹងថា ការជំរុញ​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ការពង្រឹង​អំណាច​ស្ត្រី​ទាំង​ ២ គឺជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​វិនិយោគ​របស់​មូលនិធិ OP Finnfund Global Impact Fund I​។

លោក​ថ្លែងថា​៖ «​យើង​រីករាយ​ដែល​បានរួម​កម្លាំង និង​គាំទ្រ​ការងារ​របស់​ធនាគារ​ស្ថាបនា​ទាំង​ក្នុង​ការអភិវឌ្ឍ ប្រតិបត្តិការ​របស់​ពួកគេ និង​សមភាព​យេនឌ័រ​នៅក្នុង​ធនាគារ ព្រមទាំង​រួមចំណែក​ដល់​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ និង​សង្គមជាតិ​ទាំងមូល​»​។

បើតាម​លោក Antti Urvas នាយករង​ប្រធាន​ផលបត្រ​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ Finnfund ក្នុង​អំឡុងពេល ៦ ​ឆ្នាំ​នៃ​ភាព​ជា​ដៃគូ លោក​សង្កេតឃើញ​ធនាគារ​ស្ថាបនា​បាន​អភិវឌ្ឍ​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅជា​ធនាគារពាណិជ្ជ​។ ទន្ទឹមនឹងនេះ​ការងារ​របស់​ពួកគេ​ឆ្ពោះទៅរក​សមភាព​យេនឌ័រ និង​ការផ្តល់អំណាច​ដល់​ស្ត្រី ដែល​ធ្វើឱ្យ​ធនាគារ​ស្ថាបនា​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ស្ថិតនៅក្រោម​គំនិត​ផ្តួចផ្តើម 2x Challenge​។

លោក​បញ្ជាក់ថា​៖ «​មហិច្ឆតា​ក្នុង​ការអភិវឌ្ឍ​ប្រតិបត្តិការ​របស់ខ្លួន និង​ការក្លាយ​ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​អេកូស៊ីស្ដែម​ទូទាត់​នៅ​កម្ពុជា​ធ្វើឱ្យ​ធនាគារ​ស្ថាបនា​ក្លាយជា​ដៃគូ​ដ៏គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់ Finnfund នៅពេល​អនាគត​។ យើង​ក៏រីករាយ​ដែលមាន​មូលនិធិ OP Finnfund Global Impact Fund I ដាក់​បញ្ចូល​ជា​វិនិយោគិន​ថ្មី​ក្នុង​ធនាគារ​នេះ​»៕LA