The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Rough Guides: កម្ពុជា​ជាប់​លេខ​ ១ ជា​ប្រទេស​មាន​ភាពរួសរាយ​បំផុត




Rough Guides: កម្ពុជា​ជាប់​លេខ​ ១ ជា​ប្រទេស​មាន​ភាពរួសរាយ​បំផុត

Content image - Phnom Penh Post
កម្ពុជា​បាន​ជាប់​លេខ​ ១ ជា​ប្រទេស​មាន​ភាពរួសរាយ​រាក់ទាក់​ជាងគេ​បំផុត​លើ​ពិភពលោក។ រូបថត UNDP Cambodia

Rough Guides: កម្ពុជា​ជាប់​លេខ​ ១ ជា​ប្រទេស​មាន​ភាពរួសរាយ​បំផុត

ភ្នំពេញៈ កម្ពុជា​បាន​ជាប់​លេខ​ ១ ជា​ប្រទេស​មាន​ភាពរួសរាយ​រាក់ទាក់​ជាងគេ​បំផុត​លើ​ពិភពលោក​ «The World's Friendliest Countries»​។ នេះ​បើតាម​ការស្ទង់មតិ​របស់​វេបសាយ​អន្តរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ «Rough Guides»​។

«Rough Guides» ដែលជា​ទីភ្នាក់ងារ​ទេសចរណ៍ និង​ជា​ក្រុមហ៊ុន​បោះពុម្ព​ផ្សាយ​សៀវភៅ​មគ្គុទេ្ទសក៍​ដ៏ល្បីល្បាញ​បាន​ឱ្យដឹងថា យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​តាមរយៈ​ការបោះឆ្នោត​លើ​បណ្តាញ​សង្គម Twitter និង Facebook របស់​ «Rough Guides» បាន​បង្ហាញថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ដែលមាន​អ្នកបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ​ក្នុង​នាម​ជា​ប្រទេស​មាន​ភាពរួសរាយ​រាក់ទាក់​បំផុត​នៅលើ​ពិភពលោក​។

Rough Guides លើកឡើងថា​៖ «​រហូតមកដល់​ពេលនេះ​ប្រទេស​កម្ពុជា គឺ​បាន​ស្ថិតនៅ​កំពូល​តារាង​ក្នុង​ការស្ទង់មតិ​របស់​យើង ដែលជា​ជម្រើស​ដ៏មាន​ប្រជាប្រិយ​ក្នុង​ចំណោម​បុគ្គលិក និង​អ្នកតាមដាន Rough Guides នៅលើ Twitter ដូចគ្នា​»​។

អ្នកចូលរួម​ផ្តល់​មតិ​ម្នាក់ គឺ​លោកស្រី Andrea Leber បាន​និយាយថា​៖ «​ពួកគេ​ (​ប្រជាជន​កម្ពុជា​) ​បាន​ឆ្លងកាត់​ការលំបាក​ច្រើន ប៉ុន្តែ​ពួកគេ​នៅតែមាន​ស្នាមញញឹម​នៅលើ​មុខ​»​។ នេះ​បើ​យោងតាម Rough Guides​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១២ ខែតុលា ថា នេះ​ជា​ព័ត៌មាន​ល្អ និង​ថ្មី​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ស្របពេល​រដ្ឋាភិបាល​កម្ពុជា​ក៏មាន​ផែនការ​ត្រៀម​នឹង​បើកទទួល​ភ្ញៀវទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​។ លោក​បន្តថា ការលើកសរសើរ​នេះ​នឹង​ក្លាយជា​ចំណែក​បំផុស​ឱ្យ​ភ្ញៀវ​បរទេស​ចាប់អារម្មណ៍​មក​កម្សាន្ត​នៅ​កម្ពុជា​។

លោក​អះអាង​ថា​៖ «​តិច ឬ​ច្រើន ការផ្សព្វផ្សាយ​ពី​ភាពវិជ្ជមាន​បែបនេះ​នឹង​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​មានមុខមាត់ និង​បង្កើន​ភាពទាក់ទាញ​កាន់តែច្រើន​»​។

ទោះយ៉ាងណា លោក​បញ្ជាក់ថា កម្ពុជា​មិនត្រូវ​មាន​មោទនភាព​ចំពោះ​ការលើកសរសើរ​ដោយ​ភ្លេច​រៀបចំខ្លួន​ឱ្យ​កាន់តែ​ល្អ​បន្ថែម​នោះទេ​។ លោក​ថ្លែងថា​៖ «​យើង​ត្រូវតែ​ចាំ​ថា បើ​គេ​សរសើរ​កាន់តែខ្លាំង យើង​ក៏ត្រូវ​ខំ​ឱ្យបាន​កាន់តែខ្លាំង​ទៅតាម​ការសរសើរ​នោះដែរ​»​។

ជាមួយ​គ្នា​នេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​លើកឡើង​ថា លទ្ធផល​នៃ​ការស្ទង់មតិ​របស់ «Rough Guides» នឹង​ក្លាយជា​ចំណែក​ដ៏សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រោះ​ទេសចរ ពិសេស​ភ្ញៀវ​មកពី​ប្រទេស​រីកចម្រើន​មុននឹង​ចេញទៅ​កម្សាន្ត​នៅ​ប្រទេស​ណា គេ​តែង​ស្វែងរក​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​កន្លែង​កម្សាន្ត​, កន្លែង​ស្នាក់នៅ​, ម្ហូបអាហារ​, របៀបការ​ធ្វើ​បដិសណ្ឋារកិច្ច​, ភាពរស់រាយ​រាក់ទាក់​របស់​ប្រជាជន និង​ផលិតផល​ទេសចរណ៍ ជាដើម​។

លោកស្រី​បន្ថែមថា ចំនួន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ រួចរាល់​ក៏​នឹង​ក្លាយជា​ចំណែក​ក្នុង​ការពង្រឹក​ទំនុកចិត្ត​ដល់​អ្នក​ចង់​ធ្វើដំណើរ​មក​កម្សាន្ត និង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

លោកស្រី​អះអាង​ថា​៖ «​ភាពល្អប្រសើរ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​អំឡុងពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បូក​បន្ថែម​អត្រា​នៃ​ចំនួន​ប្រជាជន​ចាក់​វ៉ាក់សាំង​រួចរាល់ ព្រមទាំង​ព័ត៌មាន​របស់ Rough Guides នឹង​ក្លាយជា​ចលករ​ក្នុង​ការទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​បរទេស​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​នៅពេល​ខាងមុខ​។ នេះ​ជា​ពន្លឺ​ថ្មី​មួយទៀត​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឡើងវិញ​នៅ​កម្ពុជា​»​។

យោងតាម Rough Guides ក្រៅពី​កម្ពុជា​មាន​ប្រទេស ៩ ​ទៀត​ត្រូវ​បាន​អ្នកទេសចរ​អន្តរជាតិ​ចាត់ទុកជា​ប្រទេស​មាន​ភាពរួសរាយ​រាក់ទាក់ រួមមាន ហ្វីលីពីន​, ឡាវ​, នេប៉ាល់​, ថៃ​, មីយ៉ាន់ម៉ា​, ឥណ្ឌូនេស៊ី​, ហ្វីជី, ស្កុតឡែន និង​ស្រីលង្កា​។

ទិន្នន័យ​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល​ពេញ​មួយ​សប្តាហ៍​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ក្នុងស្រុក​សរុប​ ៩១១,១៤៧ ​នាក់ បាន​ដើរលេង​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​។

កាលពី​ខែមិថុនា ឆ្នាំ​ ២០២១ គេហទំព័រ Tripadvisor ក៏​ធ្លាប់​បានរៀបចំ​ការស្រង់​មតិ​មួយ​ផងដែរ ដោយ​លទ្ធផល​បង្ហាញថា តំបន់​ប្រាសាទអង្គរវត្ត ទឹកធ្លាក់ ភូមិ​បណ្តែត​ទឹក និង​ប្រាសាទ​បន្ទាយស្រី ខេត្តសៀមរាប​បាន​ជាប់​លេខ​ ១ ក្នុង​ពិភពលោក ជា​កន្លែង​ទេសចរណ៍​ប្រណីត​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​រយៈពេល ៣ ថ្ងៃ​។

នៅក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២១ ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា មាន​ចំនួន ១១២ ៥៤៤ ​នាក់ ធ្លាក់ ៩០,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​៕ LA

អត្ថបទគួរចាប់អារម្មណ៍