ទីក្រុងប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​នៅ​ថ្ងៃ​ពុធ​នេះ​ឱ្យដឹងថា ការនាំចេញ​របស់​ចិន​បាន​កើនឡើង​លើស​រំពឹងទុក​ក្នុង​ខែកញ្ញា ប៉ុន្តែ​អ្នកវិភាគ​បាន​ព្រមាន​ឱ្យដឹង​អំពី​ការប៉ះពាល់​ ដែល​នឹង​កើតមាន​ពី​វិបត្តិ​ថាមពល​របស់​ប្រទេស​នេះ​ដែល​បាន​រំខាន​ដល់​ការផ្គត់ផ្គង់​។

ទិន្នន័យ​ត្រូវបាន​ផ្សព្វផ្សាយ បន្ទាប់ពី​ពាណិជ្ជកម្ម​ហក់​ឡើង​យ៉ាងច្រើន​ក្នុងប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ ២ ​ក្នុង​ពិភពលោក​ក្នុង​ខែសីហា ដែល​បង្ហាញ​ពី​តម្រូវការ​អន្តរជាតិ​សម្រាប់​ផលិតផល​ប្រើប្រាស់​បាន​កើនឡើង ពេល​ដែល​ការផ្ទុះ​ឡើង​វីរុស​ក្នុងប្រទេស​ត្រូវបាន​គ្រប់គ្រង​។

ប៉ុន្តែ​កាលពីមុន រោងចក្រ​ជាច្រើន​ត្រូវ​បាន​បង្ខំ​បញ្ឈប់​ប្រតិបត្តិការ​ដោយសារ​ការដាច់​ភ្លើង​បណ្តាល​ ដោយសារ​ទិសដៅ​កាត់បន្ថយ​ការបំភាយ​កាបូន តម្លៃ​ហក់​ឡើង​នៃ​កង្វះខាត​ធ្យូងថ្ម​ និង​ការផ្គត់ផ្គង់ ដោយ​បង្កើន​ក្តីបារម្ភ​អំពី​ច្រវ៉ាក់​ផ្គត់ផ្គង់​ជា​សកល​។

យោងតាម​អាជ្ញាធរ​គយ ទោះយ៉ាងណា ការនាំចេញ​បាន​កើនឡើង​ល្អប្រសើរ​ជាង​ការរំពឹងទុក ២៨,១ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​នៅក្នុង​ខែកញ្ញា ដែល​កើនឡើង​ពី​ ២៥,៦ ភាគរយ​នៅក្នុង​ខែសីហា​។

នេះ​ជា​កំណត់ត្រា​ប្រចាំខែ​ថ្មី​ដែល​មាន​តម្លៃ​ ៣០៧,៧ ​ពាន់​លាន​ដុល្លារ​។

Julian Evans-Pritchard អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​ប្រចាំ​ប្រទេស​ចិន​នៃ​ក្រុមហ៊ុន Capital Economics បាន​អត្ថាធិប្បាយ​ដោយ​ប្រុងប្រយ័ត្ន​ថា​៖ «​ទោះបី​ជា​ការតម្លើង​ថាមពល​ហាក់ដូចជា​មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​នាំចេញ​រហូតមក​ដល់​ពេល​នេះ​ក៏ដោយ ... វា​អាចធ្វើ​ទៅបាន​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ​»​។

ទោះបី​យ៉ាងណា ការនាំចូល​ខុស​ពី​ការព្យាករណ៍ និង​កើនឡើង​ ១៧,៦ ​ភាគរយ ពោល​គឺ​កើនឡើង​ជាង​ពាក់កណ្តាល​ធៀប​នឹង​ការកើនឡើង​កាលពី​ខែ​មុន​។

លោក Tommy Xie នៃ​ធនាគារ​ OCBC បាន​កត់សម្គាល់ថា ជាមួយ​ប្រទេស​ជាច្រើន​ក្នុង​អាស៊ី​ប៉ះពាល់​យ៉ាង​អាក្រក់​ ដោយសារ​ការផ្ទុះ​ឡើង​នៃ​វីរុស​បំប្លែង​ថ្មី Delta នៃ​កូវីដ​ ១៩ ការបញ្ជាទិញ​ផ្លាស់ប្តូរ​ទៅកាន់​ប្រទេស​ចិន​៕ RR