សិង្ហបុរីៈ ធនាគារកណ្តាល​សិង្ហបុរី​បាន​រឹតត្បិត​គោលនយោបាយ​រូបិយវត្ថុ​របស់ខ្លួន​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ដែលជា​សកម្មភាព​ចុងក្រោយ​ ដើម្បី​ប្រឆាំងនឹង​អតិផរណា ពេលដែល​សេដ្ឋកិច្ច​ដែល​វាយប្រហារ​ដោយ​ការរីក​រាលដាល​វីរុស​កូរ៉ូណា រៀបចំ​បើក​ឡើងវិញ ចំពេល​ច្រវ៉ាក់​ផ្គត់ផ្គង់​បន្ត​រាំងស្ទះ​។

ធនាគារិក​នៃ​ធនាគារកណ្តាល​នៅក្នុង​ពិភពលោក​កំពុង​រៀបចំ​ប្រព័ន្ធ​ផ្លូវ​ល្អ​រវាង​ការគាំទ្រ​ដល់​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ជាមួយនឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ងាយស្រួល ខណៈពេល​ដែល​ការពារ​ការកើនឡើង​តម្លៃ​រយៈពេល​វែង​។

ការសម្រេច​ដោយ​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) កើតមាន​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​កើនឡើង​ ៦,៥ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ៣ ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ នេះ​ផ្អែក​តាម​លទ្ធផល​ប៉ាន់ស្មាន​បឋម ដែល​ពង្រីក​ការងើបឡើង​វិញ​របស់​ប្រទេស​នេះ​ពី​ការធ្លាក់ចុះ​ដ៏អាក្រក់​បំផុត​កាលពី​ឆ្នាំមុន​ ដោយសារ​ការរីករាលដាល​វីរុស​។

ប្រទេស​សិង្ហបុរី​បានរៀបចំ​យុទ្ធ​រស់​ជាមួយ​វីរុស​ដោយ​ការបង្កើន​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់ខ្លួន​ដែល​រហូតមក​ដល់ពេលនេះ​មាន​ប្រជាជន​ ៨៥​ ភាគរយ​បានទទួល​វ៉ាក់សាំង ពេលដែល​ប្រទេស​នេះ​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​ និង​បន្ធូរបន្ថយ​ការធ្វើដំណើរ​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​។

អតិផរណា​បាន​កើនឡើង​ទូទាំង​ពិភពលោក ពេលដែល​ច្រវ៉ាក់​ផ្គត់ផ្គង់​ប្រឹង​តស៊ូ​ ដើម្បី​បំពេញតម្រូវការ​ដែល​ចេះតែ​កើនឡើង បណ្តាល​ឱ្យ​ធនាគារកណ្តាល​ដូចជា​នៅក្នុង​ប្រទេស​នូវែល សេឡង់ និង កូរ៉េខាងត្បូង រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​។

លោក Song Seng Wun អ្នកសេដ្ឋកិច្ច​ប្រចាំ​តំបន់​ជាមួយ​ធនាគារ​ឯកជន CIMB បាន​និយាយថា ការសម្រេច​របស់ MAS គឺជា​ការឆ្លើយតប​ទៅនឹង​ក្តីកង្វល់​ដែលថា អតិផរណា​ប្រហែល​ហក់​ឡើង​ទូរ​ទាំង​សកលលោក​រយៈពេល​វែង​ជាង​អ្វីដែល​នឹងត្រូវ​បានគិតគួរ​។

លោក​បាន​ប្រាប់ AFP ​ថា​៖ «​សម្រាប់​ប្រទេស​សិង្ហបុរី​ដែល​នាំចូល​អ្វីៗ​គ្រប់សព្វ​ចាប់ពី​ចំណីអាហារ​នៅលើ​តុ​រហូត​ដល់​ស្បែកជើង វា​ជៀស​មិន​រួច​ទេ អត្រា​ផ្តូរ​ប្រាក់​រឹងមាំ​ត្រូវការ​ ដើម្បី​ទប់ស្កាត់​អតិផរណា​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​»​។

លោក​បាន​បន្ថែមថា រឿងនេះ​កាន់តែ​សំខាន់ ពេល​ដែល​សេដ្ឋកិច្ច​ត្រូវបាន​រំពឹងថា បន្ត​រីក​លូតលាស់​ដល់​ឆ្នាំក្រោយ​ជាមួយ​ការបើកចំហ​បន្ថែមទៀត ហើយ​ការធ្វើដំណើរ​ទទួល​បាន​ការបន្ថែម​ល្បឿន​៕ RR