ភ្នំពេញៈ វិស័យ​ឯកជន និង​អ្នក​ជំនាញ​បាន​ស្វាគមន៍​ចំពោះ​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​ប្រកួតប្រជែង ខណៈ​ច្បាប់​នេះ​នឹង​គាំពារ​ការប្រកបរបរ​រកស៊ី​ដោយ​ស្មើភាព ជាពិសេស​ផ្តល់​ទំនុកចិត្ត​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​។

ច្បាប់​ប្រកួតប្រជែង​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ឱ្យប្រើ​ជា​បន្ទាន់ កាលពី​ថ្ងៃទី​ ៥ ខែតុលា បន្ទាប់ពី​ព្រឹទ្ធសភា​ពិនិត្យ និង​អនុម័ត កាលពី​ថ្ងៃទី​​ ២០ ខែកញ្ញា​។ ច្បាប់​នេះ មាន​គោលបំណង​លើកកម្ពស់​ការអនុវត្ត​អាជីវកម្ម​ប្រកប​ដោយ​ស្មើភាព ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​អាជីវកម្ម​ថ្មីៗ ព្រមទាំង​ការពារ​សេដ្ឋកិច្ច​ជាតិ​ពី​ឥរិយាបថ​ប្រឆាំង​ការប្រកួតប្រជែង​ដែល​បង្ក​គ្រោះថ្នាក់​ណាមួយ និង​ជួយ​អតិថិជន​ក្នុង​ការទទួល​បាន​ទំនិញ និង​សេវាកម្ម​ប្រកបដោយ​គុណភាព​ជាមួយ​នឹង​តម្លៃ​កាន់តែ​ទាប ភាពសម្បូរបែប និង​ជម្រើស​កាន់តែច្រើន​។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ១៣ ខែតុលា ថា ក្រសួង​បាន​ព្រាង​អនុក្រឹត្យ​រួចហើយ​សម្រាប់​ការប្រព្រឹត្តទៅ​នៃ​ច្បាប់​នេះ និង​ការបង្កើត​គណៈកម្មាធិការ​។

លោក​បាន​ថ្លែងថា​៖ «​រដ្ឋមន្ត្រី​របស់​យើង​នឹង​ពិនិត្យ ហើយ​បន្ទាប់មក​ដាក់ជូន​គណៈ​រដ្ឋមន្ត្រី​ដើម្បី​អនុម័ត​។ ច្បាប់​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបង្កើត​ទំនុកចិត្ត​រវាង​វិនិយោគិន​ក្នុង​ស្រុក បរទេស និង​ពាណិជ្ជករ​។ ច្បាប់​នេះ​បង្កើត​ឱ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​»​។ លោក​បន្តថា​៖ «​នៅពេល​យើង​មានច្បាប់​នេះ​ខ្ញុំ​គិតថា វិនិយោគិន​ក្នុង​ស្រុក​ក៏​នឹង​រីករាយ​ក្នុង​ការពង្រីក​ការវិនិយោគ​របស់​ពួកគេ​ផងដែរ​»​។

លោក Anthony Galliano នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បាន​លើកឡើង​ថា កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុង​ការបង្កើត​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ចាប់តាំងពី​ឆ្នាំ​ ២០០៦ ដោយសារ​ប្រទេស​ជា​សមាជិក​អាស៊ាន ៩ ក្នុងចំណោម​ ១០ បានអនុម័ត​ច្បាប់​នេះ​រួចរាល់ ដោយ​កម្ពុជា​ជា​ប្រទេស​ទី១០ និង​ដើម្បី​បំពេញ​ការប្តេជ្ញាចិត្ត​ចំពោះ​ផែនការ​សកម្មភាព​ប្រកួតប្រជែង​អាស៊ាន និង​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​។

លោក​ថ្លែងថា​៖ «​ច្បាប់​នេះ​បង្កើត​បទប្បញ្ញត្តិ និង​នីតិវិធី​ដែល​អនុវត្ត​ចំពោះ​ការប្រព្រឹត្ត​ខុសច្បាប់​នៃ​ការរឹតត្បិត​ការប្រកួតប្រជែង និង​លើកកម្ពស់ និង​ការពារ​ផលប្រយោជន៍​នៃ​សេដ្ឋកិច្ច ទីផ្សារ​ប្រកួតប្រជែង ពិសេស​ការហាមឃាត់​កិច្ចព្រមព្រៀង​ដែល​រឹតត្បិត កិច្ចព្រមព្រៀង​បន្ទាប​តម្លៃ និង​ការរំលោភបំពាន​លើ​តួនាទី​គ្របដណ្ដប់​ទីផ្សារ​»​។

លោក​បន្ថែមថា​៖ «​នេះ​ជា​ជំហាន​ដ៏ធំ​បន្ថែមទៀត​ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​នៅ​កម្ពុជា ហើយ​វា នឹង​ជួយ​ជំរុញ​ការប្រកួតប្រជែង​លើ​ផលិតកម្ម ផលិតភាព​ពាណិជ្ជកម្ម​ និង​សេវាកម្ម​។ ច្បាប់​នេះ​ក៏​បង្កើន​ការយល់​ឃើញ​របស់​អន្តរជាតិ​ចំពោះ​ «​ភាពងាយស្រួល​ក្នុង​ការធ្វើ​អាជីវកម្ម​» នៅ​កម្ពុជា​ផងដែរ​»​។

យោងតាម​លោក ថូរ៉ា អនុក្រឹត្យ​ស្តីពី​ការប្រព្រឹត្ត​ទៅ និង​សមាសភាព​គណៈកម្មាធិការ​ ដើម្បី​អនុវត្ត​ច្បាប់​នេះ​ត្រូវបាន​រំពឹងថា នឹងត្រូវ​អនុម័ត​ក្នុងពេល​ឆាប់ៗ​ខាងមុខ​»៕ LA