ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យទេសចរណ៍លើកឡើងថា ផែនការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវអន្តរជាតិ និងការដំណើរការទេសចរណ៍ពេញលេញឡើងវិញរបស់ប្រទេសវៀតណាមអាចនឹងមានឥទ្ធិពលវិជ្ជមានសម្រាប់វិស័យទេសចរណ៍កម្ពុជា។
សារព័ត៌មានរបស់វៀតណាម VN Express បានផ្សាយថា រដ្ឋាភិបាលប្រទេសវៀតណាមកំពុងពិចារណាលើការលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន ២៤ ឡើងវិញ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ និងមានផែនការសម្រាប់ការដំណើរការទេសចរណ៍ពេញលេញឡើងវិញក្នុងពេលឆាប់ៗផងដែរ ដើម្បីស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ។ តាមរយៈទិដ្ឋាការនេះ ភ្ញៀវដែលមកពីប្រទេសមួយចំនួនដូចជា បេឡារុស ន័រវែស បារាំង ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេសនឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសវៀតណាមមិនលើសពី ១៥ ថ្ងៃដោយគ្មានទិដ្ឋាការ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន យល់ឃើញថា ផែនការលើកលែងទិដ្ឋាការ និងការដំណើរការទេសចរណ៍ពេញលេញឡើងវិញរបស់វៀតណាម គឺមានឥទ្ធិពលជាវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា ខណៈដែលកម្ពុជាក៏បានសម្រេចបើកទទួលស្វាគមន៍ទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចហើយដែរ។
លោកស្រីបន្ថែមថា នៅពេលដែលប្រទេសវៀតណាមដំណើរការទេសចរណ៍របស់ខ្លួនពេញលេញឡើងវិញ នោះក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាម ដែលមានការហោះហើរផ្លូវឆ្ងាយ ដូចជាពីតំបន់អឺរ៉ុប ឬអាមេរិកជាដើមនឹងមានការបើកដំណើរការឡើងវិញដែរ ដូចនេះភ្ញៀវដែលធ្វើដំណើរតាមជើងយន្តហោះនេះ ច្បាស់ណាស់នឹងអាចបន្តមកកម្សាន្តនៅកម្ពុជាផងដែរ។
លោកស្រីបញ្ជាក់ថា៖ «ជាក់ស្តែង ដូចដែលយើងឃើញស្រាប់ហើយថា កម្ពុជាយើងមិនមានយន្តហោះសម្រាប់ហោះហើរផ្លូវឆ្ងាយដោយផ្ទាល់ទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប ឬអាមេរិកទេ ដូចនេះប្រសិនបើវៀតណាមគាត់បើក គាត់មានយន្តហោះច្រើន ជាពិសេសយន្តហោះជាតិរបស់គាត់គឺសម្បូរបែបដែលអាចដឹកភ្ញៀវពីគ្រប់ទិសទី។ ភ្ញៀវ មកវៀតណាម គឺដូចមកឥណ្ឌូចិនដែរ ដូច្នេះបើគេមកវៀតណាម គឺអាចមកកម្ពុជា ព្រោះពីវៀតណាមមកកម្ពុជាអាចធ្វើដំណើរបានគ្រប់មធ្យោបាយទាំងផ្លូវទឹក គោក និងផ្លូវអាកាស»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានឱ្យដឹងថា ជាទម្លាប់ភ្ញៀវទេសចរអន្តរជាតិដែលទៅកម្សាន្តនៅប្រទេសជិតខាងកម្ពុជា ដូចជា ថៃ និងវៀតណាម គឺតែងតែបន្តដំណើរមកកាន់ប្រទេសកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងទេសចរណ៍កម្ពុជានៅក្រៅប្រទេស ក៏ដូចជាជើងហោះហើររបស់កម្ពុជា។
លោក ស៊ីណាន បន្តថា បើប្រទេសវៀតណាមបើកទទួលទេសចរអន្តរជាតិវិញមែននោះ កម្ពុជាពិតជាទទួលបានផលពីការបើកនេះផងដែរ ព្រោះវៀតណាមគ្មានតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រច្រើនដូចនៅកម្ពុជាឡើយ ដូចនេះត្រូវការយកប្រទេសកម្ពុជាធ្វើជាគោល។
លោកបញ្ជាក់ថា៖ «នៅពេលដែលធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ភាគច្រើនគេផ្តោតទេសចរណ៍វប្បធម៌ និងទេសចរណ៍នៅតាមទីក្រុង ដូចនេះគេប្រើកម្ពុជាជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រជាគោលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ហើយបើប្រៀបធៀបរវាងថៃ និងវៀតណាម គឺវៀតណាមលក់កញ្ចប់ទេសចរណ៍កម្ពុជាច្រើនជាង ដោយវៀតណាមមិនសូវមានផលិតផលទេសចរណ៍សម្បូរបែបដូចប្រទេសថៃនោះទេ»។
ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចមក ក្តីរំពឹងទុករបស់វិស័យឯកជនហាក់នៅមានភាពស្រពេចស្រពិលនៅឡើយ ដោយសារតែបច្ចុប្បន្នការរាតត្បាតរបស់កូវីដ ១៩ បំប្លែងថ្មី «អូមីក្រុង» បាននិងកំពុងរីករាលដាលខ្លាំងឡើង ដែលធ្វើឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍កំពុងមានការព្រួយបារម្ភ៕ LA