ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជំរុញ​ឱ្យមាន​ការវិនិយោគ និង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​នៅតាម​ស្ថានីយ​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​នានា និង​ពី​សំណាក់​វិស័យ​ឯកជន​នៅតាម​បណ្តា​រាជធានី​ខេត្ត​ឱ្យបាន​ច្រើន​ទីតាំង ដើម្បី​លើក​ទឹកចិត្ត និង​ទាក់ទាញ​ការចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​កាន់តែច្រើន​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹង​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មណ្ឌល​ផ្តល់​សេវាសាធារណៈ​ក្រសួង និង​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ២៧ ខែមេសា​ថា ក្រសួង​សាធារណការ​នឹងធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​នានា​ដូចជា ក្រុមហ៊ុន​តូតាល់​, ភីធីធី​, តេលា​, និង​ក្រុមហ៊ុន​សូគីមិច ដើម្បី​ជំរុញឱ្យមាន​ការដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ច្រើន​ថែមទៀត​នៅតាម​ស្ថានីយ​របស់​ក្រុមហ៊ុន​។

លោក​បន្តថា ក្រុមហ៊ុន​វិនិយោគ​របស់​ស្ថានីយ​ប្រេងឥន្ធនៈ និង​វិស័យ​ឯកជន​មិនទាន់​ហ៊ាន​សម្រេចចិត្ត​បណ្តាក់ទុន​ទៅលើ​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​នៅឡើយ​ទេ ព្រោះ​មិនទាន់មាន​ប្រជាជន​ប្រើ​រថយន្ត​អគ្គិសនី​ច្រើន​។ ទោះបីយ៉ាងណា​ក្រសួង​នឹង​ជំរុញឱ្យមាន​ការ​វិនិយោគ​ថែមទៀត​លើ​បញ្ហា​នេះ​។ ក្រុមហ៊ុន​តូតាល់ និង​ភីធីធី បាន​សន្យា​នឹង​រៀបចំ​ដាក់​នៅតាម​ស្ថានីយ​របស់​ពួកគេ​នៅ​ទូទាំង​ប្រទេស​ផងដែរ​។

លោក​ថ្លែងថា​៖ «​ផ្នែក​ឯកជន​វិនិយោគ គេ​នឹងដាក់​នៅ​ទូទាំង​ប្រទេស ក្រុមហ៊ុន ភីធីធី ក៏​នឹងដាក់​នៅ​ទូទាំង​ប្រទេស​ប្រហែល ៣០ កន្លែង ក្រុមហ៊ុន តូតាល់​ក៏បាន​មកជួប​យើងខ្ញុំ​នឹង​បាន​សន្យា​រៀបចំ​ស្ថានីយ​របស់គាត់​ដែរ​។ ដូច្នេះ​ថ្ងៃក្រោយ​យើង​នឹងមាន​ស្ថានីយ​ច្រើន​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ផ្តល់​សេវា​នេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​។ ថ្ងៃក្រោយ​ខ្ញុំ​ជឿថា ចំនួន​រថយន្ត និង​យានយន្ត​ប្រើ​អគ្គិសនី​នឹង​កើនឡើង​ច្រើន​។ ជាក់ស្តែង​ដើមខែ​ឆ្នាំនេះ​មាន ៤៧ ​គ្រឿង​បាន​ចុះបញ្ជី ដោយ​កើន ៧០០​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​មានតែ ៧ ​គ្រឿង​ប៉ុណ្ណោះ​»​។

លោក​បន្តថា បន្ទាប់ពី​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ សម្រាប់​ភ្ញៀវទេសចរ​ដែល​មកលេង​បាន​ប្រើប្រាស់ ក្រសួង​តាមរយៈ​ជំនួយ​របស់​អង្គការ UNDP នឹង​បន្ត​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​នេះ​នៅ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​បន្តទៀត​។ ជាមួយគ្នានេះ ក្រសួង​ក៏​នឹង​ស្នើសុំ​ទៅ​អង្គការ UNDP ថែមទៀត ដើម្បី​ដាក់​នៅ​ខេត្ត​មួយចំនួន​ដូចជា ខេត្តរតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ជាដើម​។

បើតាម លោក ស៊ុន ចាន់ថុល រថយន្ត​អគ្គិសនី នៅពេលនេះ​មាន​លក្ខណៈ​ទំនើប​ដែល​អាចធ្វើ​ដំណើរ​ពី​ ៥០០-៦០០ ​គីឡូម៉ែត្រ ប៉ុន្តែ​កម្ពុជា​ត្រូវតែ​រៀបចំ​ឱ្យមាន​ស្ថានីយ​បញ្ចូល​ថាមពល​នេះ​គ្រប់​ទីកន្លែង ដើម្បី​ឆ្លើយតប​នឹង​ការប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ​។ បញ្ហា​នេះ​ទាមទារ​ឱ្យមាន​ការវិនិយោគ​ពី​វិស័យ​ឯកជន​។ ជាមួយគ្នានេះ​ក្រសួង​ក៏​នឹង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​តាមផ្លូវ​ល្បឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ផងដែរ​។

លោក ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​បាន​ឱ្យដឹងថា ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី ដែល​ផ្តល់ជំនួយ​ដោយ UNDP ដល់​ក្រសួង​សាធារណការ​នឹង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ទាំង​ក្នុង​បរិវេណ​ក្រសួង និង​នៅ​ក្រុងព្រះសីហនុ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការជំរុញឱ្យ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​កាន់តែច្រើន​នៅ​កម្ពុជា​។

លោក​និយាយថា​៖ «​ស្ថានីយ​ដែល​ដាក់ឱ្យ​ដំណើរការ​នៅ​ទីនេះ​ក៏ដូចជា​នៅ​ក្រសួង គឺមាន​កម្រិត​កម្លាំង​ថាមពល​អគ្គិសនី ១៥០w ដែលមាន​លទ្ធភាព​ក្នុងការ​បញ្ចូល​ក្នុង​រយៈពេល ១៥ ​ទៅ ៣០ ​នាទី​អាច​ពេញ​ហើយ​។ កន្លែង​ខ្លះ​ដែល​យើង​បាន​សិក្សា ឃើញថា ត្រូវការ​ពី ​៣-៥​ ម៉ោង​ទើប​បញ្ចូល​ពេញ​»​។

លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ការដាក់ឱ្យ​ដំណើរការ​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​នៅក្នុង​ខេត្ត​ព្រះសីហនុ​គឺជា​ការបើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​កម្ពុជា និង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ខេត្ត​ព្រះសីហនុ​។

លោក​បន្តថា ស្ថានីយ​បញ្ចូល​អគ្គិសនី​ដែល​ក្រសួង​សាធារណការ​យកមក​ដាក់​ក្នុង​ខេត្ត​ព្រះសីហនុ​នៅពេល​នេះ វា​នឹង​ជួយ​លើកមុខ​លើក​មាត់​ខេត្ត​ព្រះសីហនុ ឱ្យ​ល្បី​រន្ទឺ​មួយកម្រិត​ថែមទៀត​៕ LA