ភ្នំពេញៈ ប្រទេស​កម្ពុជា​នៅសល់​ស្រូវ​ជិត ៧ ​លាន​តោន ឬ​ប្រមាណ​ ៤,៤៥ ​លាន​តោន គិត​ជា​អង្ករ សម្រាប់​លក់ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​កាលពី​ឆ្នាំ​ ២០២១ បន្ទាប់ពី​កាត់កង​ការផ្គត់ផ្គង់​ក្នុងស្រុក​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃទី​ ២៨ ខែសីហា ឱ្យដឹងថា ទោះបី​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ​ ១៩ ​ក៏​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា​នៅតែ​រក្សាបាន​នូវ​សម្ទុះ​កំណើន​គួរ​ជា​ទីមោទនៈ ដោយ​ក្នុង​ឆ្នាំ​ ២០២១​ កន្លងមក កម្ពុជា​ផលិត​បាន​ស្រូវ​ប្រមាណ​ ១២,២ ​លាន​តោន កើន​ពី​ជាង ១០,៩ លាន​តោន​ក្នុង​ឆ្នាំ​ ២០២០​។

លោក​បាន​សរសេរ​ថា​៖ «​ក្រោយពី​កាត់ចេញ ១៣ ​ភាគរយ​សម្រាប់​ទុកជា​ចំណី​សត្វ ទុក​ជា​ពូជ និង​ការបាត់បង់​ពេល​ប្រមូលផល បូក តម្រូវការ​ស្បៀង​ក្នុងស្រុក ប្រមាណ​ជា ២,៣៥​ លាន​តោន​នោះ កម្ពុជា​នៅសល់​ស្រូវ​ប្រមាណ​ជា ៦,៩ ​លាន​តោន (​គិត​ជា​អង្ករ ប្រមាណ ៤,៤៥ ​លាន​តោន​) សម្រាប់​លក់​»​។

ទាក់ទង​នឹង​បរិមាណ​ទិន្នផល​ស្រូវ​ដែល​កម្ពុជា​ប្រមូល​ជា​រៀងរាល់​ឆ្នាំ​បាន លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ-​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៩ ខែសីហា​ថា លោក​មិន​មាន​ទិន្នន័យ​ជាក់ស្តែង​ពី​ទិន្នផល​ស្រូវ​ដែល​កម្ពុជា​ប្រមូល​បាន​ក្នុង​ ១​ ឆ្នាំៗ​ទេ ខណៈ​ដំណាំ​ស្រូវ​តែង​ពឹងផ្អែក​ខ្លាំង​លើ​កត្តា​អាកាសធាតុ និង​ប្រព័ន្ធ​បង្ហូរទឹក​។ សម្រាប់​ទិន្នផល​ក្នុងឆ្នាំនេះ គេ​មិនទាន់​អាច​វាយតម្លៃ​បាន​ច្បាស់​ថា នឹង​ទទួល​បាន​ប៉ុន្មាន​តោន​នោះទេ ព្រោះ​ការប្រមូលផល​ស្រូវ​ធំ គឺ​នៅ​ចុងឆ្នាំ​។

លោក​បាន​ថ្លែងថា​៖ «​បរិមាណ​ផល​ស្រូវ​រហូតមក​ដល់ពេល​នេះ គឺ​មិន​ច្រើន​លើស​ឆ្នាំមុន​នៅឡើយ​ទេ ប៉ុន្តែ​ដើម្បី​អាច​ដឹង​ច្បាស់​ត្រូវ​រង់ចាំ​មើល​ដល់​ខែវិច្ឆិកា ឬ​ខែធ្នូ នៅ​ពេល​រដូវ​ប្រមូលផល​ច្រើន​ (​ស្រូវ​ម្លិះ​) ​សិន​»​។

អ្នកលក់​អង្ករ​កំពុង​វេចខ្ចប់​អង្ករ ​ដើម្បី​លក់​ជូន​អតិថិជន​។ ហេង ជីវ័ន

សម្រាប់​បញ្ហា​ទីផ្សារ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​អង្ករ​កម្ពុជា​ត្រូវបាន​គេ​ទទួល​ស្គាល់​នៅលើ​ទីផ្សារ​អន្តរជាតិ​ថា​មាន​គុណភាព​ល្អ និង​មាន​ការបញ្ជាទិញ​កាន់តែ​ច្រើន​។ លោក​បន្តថា ជាក់ស្តែង​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​ ២០២២ ការនាំ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុបបាន​កើនឡើង​ជិត ៥០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ហើយ​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន ដែល​មាន​កូតា​ចំនួន ៤០ ​ម៉ឺន​តោន​នោះ ក៏​សម្រេច​បាន​ជាង ៤០ ​ភាគរយ​ផងដែរ ខណៈ​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន តែង​មាន​បរិមាណ​ច្រើន​ចាប់ពី​ខែ​សីហា រហូតដល់​ចុងឆ្នាំ​។

លោក​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន នេះ​ឱ្យ​តែមាន​ស្រូវ​ច្រើន គឺ​កម្ពុជា​មិន​មាន​បញ្ហា​ទីផ្សារ​នាំចេញ​ទេ​»​។

ទោះយ៉ាងណា លោក សារ៉ន បាន​លើកឡើង​ថា កសិកម្ម និង​ក្រុមហ៊ុន​វិនិយោគ​លើ​ផលិតកម្ម​ស្រូវ​នៅពេល​នេះ ក៏​កំពុង​មាន​បញ្ហា​ប្រឈម​ច្រើន​ទាក់ទង​នឹង​ថ្លៃដើម​ផលិត​កើន​កាន់តែ​ខ្ពស់​ផងដែរ ដោយសារ​ការកើនឡើង​នៃ​តម្លៃ​ជី ប្រេងឥន្ធនៈ និង​កត្តា​អាកាសធាតុ ជាដើម​។

បើ​យោងតាម​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា ការនាំចេញ​អង្ករ​ក្នុង​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២២ មាន​ចំនួន​ ៣៥០ ៩០២ ​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ​ជា ២១៨,១៧ ​លាន​ដុល្លារ​។ បរិមាណ​នៃ​ការនាំចេញ​នេះ គឺ​មាន​កំណើន ១៣,២៤ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​ការនាំចេញ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។ ជាមួយ គ្នា​នេះ​កម្ពុជា​ក៏​បាន​នាំចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​ចំនួន ១ ៩៥០ ៩៨៦ ​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៤៨៧,២៤ ​លាន​ដុល្លារ​។

បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម បង្ហាញ​ថា ក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ក្នុង​បរិមាណ ៦១៧ ០៦៩ តោន ថយចុះ ១០,៦៧ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០ ដែល មាន​បរិមាណ ៦៩០ ៨២៩ តោន​៕