ភ្នំពេញៈ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ​(IFC)​ ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ពិភព​លោក​បាន​ទទួល​ស្គាល់​អគារ​ការិ​យាល័យ ​VTrust​ Tower​ គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន ​Golden Tree Co., Ltd (GT) សម្រាប់​អគារ​ការិ​យាល័យពាណិជ្ជ​កម្ម​បៃតង​ដំបូងគេក្នុង​ប្រទេស​កម្ពុជាតាមប្រព័ន្ធ ​Edge ​ដែល​ជា​ប្រព័ន្ធ​ផ្តល់​វិញ្ញា​បនបត្រ​អគារ​បៃតង​មួយ​ដែល​មាន​ការ​​ទទួល​ស្គាល់​ជា​អន្តរជាតិ។ ​ការណ៍​នេះ​បានត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ក្រុមហ៊ុន​ត្រៀម​ចេញ​សញ្ញា​បណ្ណ​បៃតង​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX)។

​វិ​ញ្ញាប​ន​បត្រ​ដែល​បានផ្តល់​ឱ្យនៅ​ថ្ងៃទី ៨ ​ខែតុលា ​បានធ្វើ​ឡើង​ត្រឹមតែ​រយៈពេល​ ៣ ​ថ្ងៃ​ បន្ទាប់ពី Golden Tree ទទួលបាន​ការយល់ព្រម​ជាគោលការណ៍​ពី CSX សម្រាប់​ការពិនិត្យ​លទ្ធភាព​ចុះបញ្ជី​របស់​ពួកគេ​ក្នុងការ​ចុះបញ្ជី​នៅលើ​ទីផ្សារ​នេះ​។

​យោងតាម​របាយការណ៍​របស់​ IFC អគារ​បៃតង​ជា​ផែនការ​ហិរញ្ញវត្ថុ និង​គោលនយោបាយ​សម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ២៨ ភាគរយ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាក់ទង​នឹង​ថាមពល​មាន​ប្រភព​ចេញពី​អគារ ការអភិវឌ្ឍនៃ​អគារ​បៃតង​បង្ហាញ​ពី​ឱកាស​ដ៏​ធំ​សម្បើម​ក្នុង​ផែនការ​កាត់បន្ថយ​កាបូ​និក​សកល និង​ផលប៉ះពាល់​បរិស្ថាន​។​

ឧត្តមភាព​ក្នុង​ការ​រចនា​សម្រាប់​ប្រសិទ្ធ​ភាព​កាន់​តែ​ច្រើន (EDGE)​ ប្រព័ន្ធ​ផ្តល់​វិញ្ញាបន​បត្រ​អគារ​បៃតង​មួយ ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ ផ្តោត​លើ​អគារ​លំនៅឋាន អគារ​ពាណិជ្ជកម្ម​ទាំង​ឡាយ​ដែល​អាច​សន្សំ​សំចៃ​លើ​ការ​ប្រើ​ប្រាស់​ធនធាន​នានា​ដោយ​ប្រសិទ្ធ​ភាព​។ សម្រាប់​អគារ​ការិយាល័យ VTrust Tower ដែល​ទទួល​បាន​វិញ្ញាបន​បត្រ​ពី​ EDGE ក្លាយ​ជា​អគារ​ការិយា​ល័យ​បៃតង​ដំបូង​គេ​នៅ​កម្ពុជា ដោយ​អាច​សម្រេច​ការ​សន្សំ​ប្រើ​ប្រាស់​ទឹក​បាន ៥២ ភាគរយ ​ការ​សន្សំ​ថាមពល ២៤ ភាគរយ​, និង ​៨៤ ​ភាគរយ នៃ​វត្ថុធាតុ​ដើម​ទាំង​អស់​ប្រើ​ប្រាស់​ក្នុង​អគារ​បង្ក​ការ​រំខាន​តិច​តួច​ដល់​បរិស្ថាន ព្រម​ទាំង​ការ​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូ​និក (CO2) ប្រមាណ ​២៣២ ​តោន​ប្រចាំ​ឆ្នាំ​។​

លោកស្រី​ Judy Tan អនុ​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ​Golden Tree Co., Ltd បាន​ឱ្យ​ដឹង​ថា ការ​ទទួល​បាន​វិញ្ញាបន​បត្រ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នា​ពេល​នេះ គឺ​ជា​សក្ខីកម្ម​ដ៏​សំខាន់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ដ៏​មុតមាំ​របស់​ក្រុមហ៊ុន ក្នុង​ការ​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិក។​

លោកស្រី​ថ្លែង​ថា​៖​ «​បន្ថែម​ពី​លើ​ការ​យក​ចិត្ត​ទុក​ដាក់​បរិស្ថាន​ ក្រុមហ៊ុន​នឹង​បន្ត​ខិតខំ​អនុវត្តស្តង់ដាបរិស្ថាន សង្គម អភិបាល​កិច្ច​ (ESG)​។ យើង​ចង់​ធ្វើ​បន្ថែម​ទៀត បន្ត​កែលម្អ​បញ្ហា ESG​ដែល​យើង និង​ឧស្សាហកម្ម​ទាំង​មូល​កំពុង​ប្រឈមមុខ​នាពេល​បច្ចុប្បន្ន​។ យើង​ជឿជាក់ថា គំនិត​ផ្តួចផ្តើម​នេះ នឹង​ក្លាយជា​ជំនួយ​ដ៏​សំខាន់​ក្នុងការ​រចនា និង​ការអនុវត្ត​គោលការណ៍​ធានាបាន​នូវ​និរន្តរភាព​ឱ្យបាន​កាន់តែ​ប្រសើរឡើង ដែល​អាចជួយ​ទ្រទ្រង់​ដល់​ការរីកលូតលាស់ និង​ពង្រឹងសមត្ថភាព​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ គុណភាព​សេវាកម្ម​ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ដល់ដៃ​គូរ​អា​ជីវ​កម្ម​,​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​»​។​

​យោងតាម​ផែនការ​របស់​ក្រុមហ៊ុន​នៅពេល​ខាងមុខ ក្រុមហ៊ុន Golden Tree Co., Ltd ក៏មាន​ផែនការអភិវឌ្ឍន៍​អគារ​ការិយាល័យ​បៃតង​បន្ថែមទៀត ព្រមទាំង​មាន​ផែនការអភិវឌ្ឍន៍​, គ្រប់គ្រង​, និង​វិនិយោគ​គម្រោង​លំនៅឋាន និង​សួន​ឧស្សាហកម្ម​បៃតង​ផងដែរ​។ គោលដៅ​របស់​ Golden Tree​គឺ​កសាង និង​អភិវឌ្ឍ​សហគមន៍​ធុរកិច្ច​មួយ ដែល​ផ្តោតលើ​ការយកចិត្តទុកដាក់ និង​លើកកម្ពស់​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន តាមរយៈ​កិច្ចសហការ​នានា​ក្នុងការ​គ្រប់គ្រង​បញ្ហា​បរិស្ថាន និង​ធនធាន​។​

GT គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បើក​ទំព័រ​ថ្មី​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) ​លើ​ការចេញ​មូល​ប​ត្រ​បំណុល​បៃតង​នៅ​កម្ពុជា ដែល​គ្រោង​នឹង​ប្រមូល​មូលនិធិ​ប្រមាណ ៣​លាន​ដុល្លារ​ពី​ការបោះ​ផ្សាយ​នេះ ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។​

​លោក​ហុង សុ​ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX)​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៦ ខែតុលា ថា ការចេញ​មូល​ប​ត្រ​បំណុល​បៃតង ​គឺ​ដូចគ្នា​នឹង​ការចេញ​មូល​ប​ត្រ​បំណុល​ធម្មតា​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ចេញ​មូល​ប​ត្រ​បំណុល​នេះ តម្រូវឱ្យ​គោរព​តាម​ការវិនិយោគ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និងបរិយាកាស​។​

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា ​ក្រុមហ៊ុន​ជាច្រើន កំពុង​ចាប់ផ្តើម​វិនិយោគ​លើ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ដែលជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន GOLDEN TREE CO.,LTD និង​ក្រុមហ៊ុន​មួយចំនួនទៀត​ស្វែងរក​ការបញ្ជាក់​ពី​អ្នកជំនាញ​មកពី​ភាគី​ឯករាជ្យ​មកពី​ស្ថាប័ន​អន្តរជាតិ​ដូចជា​ធនាគារពិភពលោក​ជាដើម​»​។​

​លោក​លើកឡើងថា​៖ «​ក្រុមហ៊ុន​គ្រោង​នឹង​ប្រមូល​មូលនិធិ​ប្រមាណ​ ៣​ លាន​ដុល្លារ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ជាមួយនឹង​អត្រា​ការប្រាក់​ ៧​ ភាគរយ​។ ខ្ញុំ​គិតថា​ មូល​ប​ត្រ​ទាំងនេះ​អាចមាន​លក្ខណៈពិសេស​ជាង​មូល​ប​ត្រ​មុន ​ដែល​វា​នឹង​បើកចំហ​សម្រាប់​ការវិនិយោគ​ដោយ​វិនិយោគិន​បុគ្គល​ផងដែរ​។ នេះ​គឺជា​លក្ខណពិសេស​របស់​ក្រុមហ៊ុន​នេះ ដូច្នេះ​វិនិយោគិន​បុគ្គល​ដែល​ចង់​វិនិយោគ​អាច​ចូលរួមបាន​»​។​

​របាយការណ៍​ស្រាវជ្រាវ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​បង្ហាញថា សក្តានុពល​ទីផ្សារ​អគារ​បៃតង​នៅតាម​បណ្តា​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​ប៉ាន់ប្រមាណ​ថា ​មាន​ទំហំ​ទុន​នៃ​ការវិនិយោគ​ដល់​ទៅជិត ២៤,៧ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅត្រឹម​ឆ្នាំ ​២០៣០ ៕