នៅ​ចុង​សតវត្សរ៍​ទី​២០ មហាអំណាច​សេដ្ឋកិច្ច​ជប៉ុន ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​កាត់​បន្ថយ​អត្រា​ការប្រាក់​រហូត​ដល់​សូន្យ។ ក្នុង​អំឡុងពេលជំងឺ​រាតត្បាត​កូវីដ១៩ ប្រទេស​ជាច្រើន​បាន​យក​គំរូ​តាម​យុទ្ធសាស្ត្រ​ប្រទេស​ជប៉ុន ដើម្បី​អាច​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន។

ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន បណ្ដាប្រទេស​ទាំង​នោះ​បាន​ធ្វើការ​ដំឡើង​អត្រាការ​ប្រាក់​ឡើងវិញ ចំណែក​ធនាគារ​កណ្ដាល​ជប៉ុន (BOJ) នៅតែបន្ត​រក្សា​អត្រាការ​​ប្រាក់​ស្ថិត​ក្រោម​សូន្យ​នៅឡើយ។ ជាទូទៅ ប្រាក់យ៉េន ត្រូវ​បាន​គេ​មើលឃើញ​ថា ជារូបិយប័ណ្ណ​ដែល​សុវត្ថិភាព និង​ដែលមាន​អ្នក​វិនិយោគ​តែងតែ​ទិញ​ទុក​នៅ​ពេល​មាន​វិបត្តិ​អ្វីមួយ។ ប៉ុន្តែ នៅ​ពេល​នេះ​ស្ថិរភាព​នៃ​តម្លៃ​ប្រាក់យ៉េន បាន​រង្គោះរង្គើ ដោយ​ក្នុង​ឆ្នាំនេះ រូបិយប័ណ្ណ​នេះ​បាន​ធ្លាក់​ថ្លៃ​ជាង ១/៥ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩០។

អ្វីជា​ហេតុផល​បណ្ដាល​ឱ្យ​បញ្ហា​នេះ​កើត​មាន​ឡើង?

ការធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់យ៉េន គឺ​ដោយសារ​តែ​មក​ពី​ភាព​ខុសគ្នា​រវាង​អត្រា​ការប្រាក់​នៅ​ក្នុង​ប្រទេស ជប៉ុន និង​សហរដ្ឋអាមេរិក។ ចាប់​តាំង​ពីខែ​មីនា ធនាគារ​កណ្ដាល​អាមេរិក​បាន​ដំឡើង​ការប្រាក់​យ៉ាង​គំហុក ចាប់​ពី ០,២៥% ទៅ ៣,២៥% ដែល​នេះ​ជា​មធ្យោបាយ​ដោះស្រាយការ​កើនឡើង​តម្លៃ​ទំនិញ​នៅ​សហរដ្ឋអាមេរិក។ ​បើ​កាលណា​អត្រា​ការ​ប្រាក់​កើនឡើង​ខ្ពស់ រូបិយប័ណ្ណ​មាន​ទំនោរ​កាន់តែ​ទាក់​ទាញ​ដល់​អ្នកវិនិយោគ។ ជាលទ្ធផល តម្រូវការ​រូបិយប័ណ្ណ​នឹង​ធ្លាក់ចុះ​ក្នុង​ប្រទេស​ដែល​មាន​អត្រា​ការប្រាក់​ទាប​ជាង ដូច្នេះ​ហើយ​រូបិយប័ណ្ណ​ទាំងនោះ​នឹង​ធ្លាក់តម្លៃ​ក្នុង​រយៈពេល​ដ៏ខ្លី។

ការ​ជាប់គាំង​សេដ្ឋកិច្ច

យ៉ាងណាក៏ដោយ អ្នក​ជំនាញ​មួយ​ចំនួន​ជឿថា ប្រាក់យ៉េន​ធ្លាក់ថ្លៃ​អាច​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​មួយ​នេះ​ផ្ទាល់។ ជាក់ស្ដែង សេដ្ឋកិច្ច​ជប៉ុន​មិនសូវ​មាន​ការ​រីកចម្រើន​ទេ​ក្នុង​រយៈពេល​ ៣​ទសវត្សរ៍​ចុង​ក្រោយ​នេះ ហើយ​ក៏​ជា​ប្រទេស​ដែល​ជំពាក់​បំណុល​គេ​ច្រើនជាងគេ​លើ​ពិភព​លោក​ផងដែរ។ ប្រទេស​ជប៉ុន ក៏​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​អត្រា​កំណើត​ធ្លាក់​ចុះ និង​ចំនួន​ប្រជាជន​ដែល​មាន​វ័យចាស់ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក។ យ៉ាងណាមិញ រដ្ឋាភិបាល​ជប៉ុន​បាន​អនុញ្ញាត​ឱ្យ​ពលករ​បរទេស​មួយ​ចំនួន​ចំណាកស្រុក​ចូលមក​ធ្វើការ​ដើម្បីអាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​នៅតែ​មាន​ការ​ប្រឆាំង​កើត​មាន​ឡើង​ចំពោះ​គោលនយោបាយ​អន្តោប្រវេសន៍។

លោក Takeshi Fujimaki អតីត​ទីប្រឹក្សា​វិនិយោគិន​មហាសេដ្ឋី លោក George Soros បាន​មាន​ប្រសាសន៍​ថា៖ «គ្មាន​ហេតុ​ផលណាមួយ​ដែល​អាច​ជួយ​ឱ្យ​តម្លៃ​ប្រាក់យ៉េន កើន​ឡើង​នោះ​ទេ»។ គួរ​ដឹងដែរ​ថា លោក​ធ្លាប់​បាន​ព្រមាន​ថា រូបិយប័ណ្ណ​ជប៉ុន នឹង​កើន​ឡើង​រហូតដល់ ១៨០ យ៉េន​ស្មើនឹ​ង ១ ដុល្លារ​អាមេរិក។

តើជប៉ុន​នឹង​ដំឡើង​អត្រា​ការ​ប្រាក់​ដែរ​ឬ​ទេ?

អភិបាល​ធនាគារ​កណ្ដាល​ជប៉ុន លោក Haruhiko Kuroda បាន​លើកឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា សេដ្ឋកិច្ច​ជប៉ុន​ខ្សោយ​ខ្លាំងពេក ដែលពិបាក​ក្នុង​ការ​ដំឡើង​អត្រាការ​ប្រាក់​ឱ្យ​ខ្ពស់​ជាងនេះ។

ដូចគ្នា​ទៅ​នឹង​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក​ដែរ ពលរដ្ឋ​ជប៉ុន​កំពុង​តស៊ូ​ជាមួយ​នឹង​ការ​កើនឡើង​អតិផរ​ណា​ខ្ពស់ ប៉ុន្តែ​ហាក់បី​ដូចជា​រឿងល្អសម្រាប់​អ្នក​បង្កើត​គោលនយោបាយ ដែល​ចង់​ឱ្យ​តម្លៃ​ឡើង​ថ្លៃ​ជា​យូរមក​ហើយនោះ។

លោក Kuroda បាន​និយាយ​ថា គោល​នយោបាយ​បច្ចុប្បន្ន​របស់​ធនាគារ​គឺ​ចាំបាច់​ដើម្បី​ជួយ​ឱ្យ​ឈាន​ដល់​គោលដៅ​អតិផរណា ២%។

នេះ​ក៏​ដោយសារ​តែ​ជាច្រើន​ឆ្នាំមកនេះ ប្រទេស​ជប៉ុន បាន​ប្រឈម​មុខ​នឹង​បរិត្តផរណា ឬ​តម្លៃ​ធ្លាក់ចុះ ដែល​ជះ​ផលអាក្រក់​ដល់​សេដ្ឋកិច្ចប្រទេស​ទាំងមូល ព្រោះ​នៅ​ពេល​ដែល​តម្លៃ​បន្ត​ធ្លាក់ចុះ អ្នក​ប្រើប្រាស់​ហាក់មិន​ចង់​ទិញ​ទំនិញ​ធំៗ ដោយសារ​តែ​ពួកគេ​រំពឹងថា តម្លៃ​នឹងកាន់តែ​ចុះថោក​នាពេល​អនាគត។

តើ​ជប៉ុន​អាច​ធ្វើអ្វី​បាន?

អស់​រយៈពេល​ជាង ២​ទសវត្សរ៍​មកនេះ ប្រទេស​ជប៉ុន មិនទាន់​បាន​ប៉ះពាល់​ទីផ្សារ​រូបិយប័ណ្ណ​ពិភពលោក​ដើម្បី​បង្កើន​តម្លៃ​ប្រាក់យ៉េន​នោះទេ។ កាល​ពី​ខែ​មុន ខណៈ​រូបិយប័ណ្ណ​យ៉េន​កំពុង​ធ្លាក់​ចុះ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់ ២១ ប៊ីលាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​ឱ្យ​នៅនឹង ប៉ុន្តែ​ក៏​ត្រូវ​បាន​ធ្លាក់​ចុះ​ម្ដង​ទៀត។ បន្ទាប់​មកទៀត ទឹកប្រាក់​ចំនួន​ប្រមាណ ៣៧ ប៊ីលាន​ដុល្លារ ត្រូវ​បាន​ដាក់​ចេញដើម្បី​ជួយ​លំនឹង​សេដ្ឋកិច្ច​បន្ថែម​ទៀត ហើយ​សប្តាហ៍​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​បដិសេធ​ការ​ឈានជើង​ចូល​ជួយ​ម្ដង​ទៀត បើ​ទោះបីជា​ត្រូវបាន​គេ​ឃើញ​មាន​សញ្ញា​នៃ​ការ​អន្តរាគមន៍​ជួយ​បន្ថែម​ទៀត​ក៏​ដោយ។

អ្នក​ជំនាញ​បាន​ព្រមាន​ថា ការ​ប៉ុនប៉ង​ជួយ​ជំរុញ​ប្រាក់យ៉េន​ទាំងអស់​នេះ នឹង​មាន​ឥទ្ធិពល​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ លោក Eisuke Sakakibara អតីត​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​ហិរញ្ញ​វត្ថុ​ជប៉ុន​បាន​និយាយ​ថា៖ «នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មិនចង់​ឱ្យ​មាន​ការ​ចុះខ្សោយ​បន្ថែម​ទៀត​នៃ​តម្លៃ​ប្រាក់យ៉េន»។

តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក​ប្រើប្រាស់ និង​ម្ចាស់​អាជីវកម្ម?

តម្លៃ​ប្រាក់យ៉េន​ធ្លាក់​ចុះ​បាន​ធ្វើឱ្យ​តម្លៃ​នៃ​ទំនិញ​ទាំងអស់​ឡើង​ថ្លៃ​ខ្ពស់។ ប្រទេស​ជប៉ុន បាន​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ប្រេង និង​ឧស្ម័ន។ ដោយសារ​តែ​អត្រា​ប្តូរប្រាក់ និង​តម្លៃ​ថាមពល​កើនឡើង ចំនួន​ទឹកប្រាក់​ដែល​ចំណាយ​លើ​ការ​នាំចូល​កាល​ពី​ខែមុន​បាន​កើន​ឡើង ៤៦%។

ប៉ុន្តែ​វា​មិនមែន​ជា​ដំណឹង​អាក្រក់​ទាំងអស់​នោះ​ទេ​សម្រាប់​ម្ចាស់​អាជីវកម្ម។ ប្រាក់​ចំណូល​អ្នក​ដែល​រក​បាន​នៅ​ក្រៅ​ប្រទេស នឹង​មាន​តម្លៃ​ខ្ពស់នៅពេល​ដែល​នាំចូល​ក្នុង​ស្រុក។ ដោយសារ​ការ​នាំចេញ​មាន​ប្រមាណ ១៥% នៃ​ទំហំ​សេដ្ឋកិច្ច​សរុប​របស់​ប្រទេស ជប៉ុន វា​គឺជា​កត្តា​មួយដែល​ជួយ​ដល់​សេដ្ឋកិច្ច​ជប៉ុន​ដ៏​សំខាន់។

ទោះជាយ៉ាងណា អ្នកប្រើប្រាស់​ក្នុង​ប្រទេស​ជប៉ុន បាន​ឃើញ អំណាច​ទិញ របស់​ពួកគេ​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល​ក្នុង​រយៈពេល ១​ទសវត្សរ៍ចុង​ក្រោយ​នេះ។ កាល​ពី ១០ ឆ្នាំមុន ១ម៉ឺន យ៉េន នឹង​ទិញ​របស់​ដែល​មាន​តម្លៃ ១៣២ ដុល្លារ​អាមេរិក ប៉ុន្តែ​ឥឡូវ​នេះ​យើង​អាច​ទិញ​របស់ដែល​មាន​តម្លៃ​ត្រឹម​តែ ៦៧ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

នេះ​គឺជា​បញ្ហា​ដ៏​ចម្បង​មួយ ព្រោះ​ប្រាក់​ខែ​ជា​មធ្យម​ក្នុង​ប្រទេស​ជប៉ុន ស្ទើរតែ​មិន​បាន​កើនឡើង​សោះ​ឡើយ​ក្នុង​រយៈពេល​ជាង ៣ ទសវត្សរ៍មក​នេះ។ បញ្ហានេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​មនុស្ស​ត្រូវ​ប្រើប្រាក់​យ៉េន ដើម្បី​ចំណាយ​លើ​របស់​របរ​នៅ​បរទេស ដូចជា​ការ​ធ្វើ​ដំណើរ ឬ​បញ្ជូន​កូនៗ​របស់​ពួកគេ​ទៅ​សិក្សា​នៅ​បរទេស។

តើ​នេះ​រឿងល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែរទេ?

អំឡុងពេល​ដែល​ប្រាក់​យ៉េន ចាប់​ផ្តើម​ធ្លាក់ថ្លៃ ព្រំដែន​របស់​ប្រទេស​ជប៉ុន កំពុង​ត្រូវ​បាន​បិទ ដូច្នេះ​ ប្រជាជន​ជប៉ុន​មិន​សូវ​មាន​អារម្មណ៍​ថាទទួល​ផល​ប៉ះពាល់​អ្វី​ច្រើន​នោះ​ទេ។

ទោះជា​យ៉ាងណា​ក៏ដោយ ឥឡូវនេះ​ប្រទេស​ជប៉ុន បាន​ចាប់​ផ្តើម​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​ហើយ។

ក្នុង​ឆ្នាំ​២០១៩ ប្រទេស​ជប៉ុន ទទួល​បាន​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ប្រមាណ ៣២ លាន​នាក់ ដែល​ពួកគេ​បាន​ចំណាយ​ប្រហែល ៥​ទ្រីលានយ៉េន ដែល​ស្មើនឹ​ង ៣៣,៦ ប៊ីលាន​ដុល្លារ​អាមេរិក។

ខណៈពេល​ដែល​ចំនួន​អ្នក​ទេសចរ​នៅតែ​មាន​ចំនួន​តិច​នៅ​ឡើយ​នោះ ធនាគារ​វិនិយោគ Goldman Sachs បាន​ព្យាករថា ការ​ចំណាយរបស់​ភ្ញៀវ​ទេសចរ​បរទេស​អាច​ឈាន​ដល់ ៦,៦ ទ្រីលានយ៉េន​ក្នុង​រយៈពេល ១ ឆ្នាំ​នៅ​ពេល​ដែល​ប្រទេស​ជប៉ុន បើក​ឡើងវិញ៕