ភ្នំពេញៈ ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២ គឺជា​ឱកាស​ដ៏ល្អ​ សម្រាប់​កម្ពុជា​នៅក្នុង​ការបង្ហាញ​ពី​ការអភិវឌ្ឍ និង​ការធ្វើឱ្យ​ខ្លួនឯង​ក្លាយជា​មជ្ឈមណ្ឌល​វិនិយោគ និង​ធុរកិច្ច​ប្រកប​ដោយ​សក្តានុពល និង​រស់រវើក​នៅក្នុង​តំបន់​។

តំណាង​សហគមន៍​ធុរកិច្ច​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ទទួល​បាន​ការចាប់​អារម្មណ៍​កាន់តែ​ច្រើន​ពី​មេដឹកនាំ​ធុរកិច្ច និង​វិនិយោគិន​ក្នុង​តំបន់ និង​ពិភពលោក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នេះ​។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០ និង​ទី៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​ស្ថិតក្រោម​ប្រធានបទ «ASEAN A.C.T ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​» បាន​នាំមក​ការប្រមូលផ្តុំ​មេដឹកនាំ​ក្នុង​តំបន់ និង​ពិភពលោក​ជាច្រើន​រួមទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី​ចិន និង​ដៃគូ​សន្ទនា​ជាច្រើន​ទៀត​ដើម្បី​​ដោះស្រាយ​បញ្ហា​ប្រឈម ដំណោះស្រាយ និង​ផ្តល់​គោលនយោបាយ​មួយ​ចំនួន​ឆ្លើយតប​នឹង​ការឡើង​កម្តៅ​នាពេល​បច្ចុប្បន្ន ដោយសារ​ភាពតានតឹង​នៃ​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ភាពមិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​សកល​។

លោក អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន កម្ពុជា​ទទួល​បាន​ផលវិជ្ជមាន​ច្រើន ពិសេស​វិស័យ​សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន ក្នុង​រយៈពេល​ខ្លី ព្រោះ​នឹងមាន​គណៈប្រតិភូ​ជាច្រើន​រូប ប្រធានាធិបតី នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រុមមន្ត្រី​ជាន់ខ្ពស់ រួមទាំង​បុគ្គលិក​របស់​ពួកគេ​នឹងត្រូវ​ធ្វើដំណើរ​មក​កម្ពុជា ដោយ​ពួកគេ​នឹង​ស្នាក់​នៅក្នុង​សណ្ឋាគារ និង​បរិភោគ​អាហារ​នៅ​ភោជនីយដ្ឋាន​ជាច្រើន រួមផ្សំ​ជាមួយ​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​ពួកគេ​នឹង​ទៅលេង​តំបន់​អង្គរ​ដ៏គួរ​ឱ្យ​ចាប់អារម្មណ៍​ផ្សេងទៀត​។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការធ្វើ​ជា​ប្រធាន​អាស៊ាន កម្ពុជា​មាន​ឱកាស​ល្អ​បំផុត​ក្នុង​ការផ្សព្វផ្សាយ​កម្ពុជា​ទៅកាន់​ពិភព​ខាងក្រៅ​ដែល​ពួកគេ​សម​នឹង​វិនិយោគ​នៅ​កម្ពុជា​។ វា​ដើរតួ​ជា​ការបង្ហាញ​សម្រាប់​ពួកគេ ហើយ​សម្រាប់​ផែនការ​រយៈពេល​មធ្យម និង​វែង​ពួកគេ​នឹង​មក​ម្តងទៀត​។ ជា​ការពិត​ពួកគេ​អាច​មើលឃើញ​ដោយ​ផ្ទាល់​នូវ​ឱកាស​អាជីវកម្ម​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ សម្រាប់​ការវិនិយោគ និង​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​»​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd លោក Anthony Galliano បាន​បង្ហាញថា កម្ពុជា​ដែល​កំពុង​ធ្វើជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដែល​នេះ​គឺជា​ឱកាស​ដ៏អស្ចារ្យ​មួយ​ ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​សង្គម និង​សេដ្ឋកិច្ច​ដ៏អស្ចារ្យ​របស់​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​កម្ពុជា​បានធ្វើ​ជា​ប្រធាន​អាស៊ាន​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០០២ ហើយ​មេដឹកនាំ​ពិភពលោក​ឥឡូវនេះ​នឹង​ទៅ​ទស្សនា​ប្រទេស​ ដែល​មាន​ការផ្លាស់ប្តូរ និង​ខុសគ្នា​យ៉ាង​ខ្លាំង ដែលជា​ប្រទេស​មាន​ការរីកចម្រើន​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ខណៈ​ភ្នំពេញ​ឥឡូវនេះ​គឺជា​ទីក្រុង​ដ៏ទំនើប​ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​បាន​កែលម្អ​ជាច្រើន និង​អគារ​ខ្ពស់ៗ​កប់​ពពក​ជាច្រើន​»​។

លោក​បន្ថែមថា​៖ «​កម្ពុជា​មិនមែន​ជា​ប្រទេស​ជិតខាង​ក្រីក្រ​ទៀត​ទេ ប៉ុន្តែ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ដែល​បង្កើនល្បឿន​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​ខ្ពស់​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​។ នេះ​ជា​ជោគជ័យ​ពិតប្រាកដ​របស់​អាស៊ាន​»​។

លោក​បន្ត​ថា មាន​បញ្ហា​ជាច្រើន​ដែល​មេដឹកនាំ​ទាំងអស់​ត្រូវ​ពិភាក្សា​ដូចជា សក្តានុពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល អតិផរណា​ខ្ពស់ បញ្ហា​ខ្សែចង្វាក់​ផ្គត់ផ្គង់ ពាណិជ្ជកម្ម​ក្នុង​តំបន់ តម្លៃ​ប្រេង ប្រាក់​ដុល្លារ​ឡើងថ្លៃ សង្គ្រាម​នៅ​អ៊ុយក្រែន មីយ៉ាន់ម៉ា និង​ភាពតានតឹង​រវាង​ប្រទេស​ចិន និង​អាមេរិក​។

លោក Anthony បន្ថែមថា​៖ «​កត្តា​ដែល​នឹង​ផ្តោត​សំខាន់ៗ​រួមមាន សេដ្ឋកិច្ច​ពិភពលោក និង​ការដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ នៅពេល​ខាងមុខ ដើម្បី​ធានា​ឱ្យ​ពិភពលោក​ចៀសផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ក៏ដូចជា​ពាណិជ្ជកម្ម​អាស៊ាន និង​ការបន្ត​ការធ្វើ​សមាហរណកម្ម​»​។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីនហួរ​កាលពី​សប្តាហ៍​មុន ដោយ​លើកឡើង​ថា ជំនួប​កំពូល​នេះ​នឹងមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​មិន​ត្រឹមតែ​ សម្រាប់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អាស៊ាន​ទាំងមូល​ក៏ដូចជា​ដៃគូ​សន្ទនា​របស់ខ្លួន​ផងដែរ​។

លោក គីមហួន ដែល​នឹង​ចូលកាន់​តំណែង​ជា​អគ្គលេខាធិការ​អាស៊ាន​ពី​ខែមករា ឆ្នាំ​ ២០២៣ បាន​ប្រាប់​ស៊ីនហួរ​ក្នុង​បទសម្ភាស​ថ្មីៗ​នេះ​ថា កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​ ក្រោយ​ជំងឺ​កូវីដ​ ១៩ បញ្ហា​សន្តិសុខ ដូចជា​ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ឧបទ្វីប​កូរ៉េ ការកើនឡើង​តម្លៃ​ប្រេង​ពិភពលោក និង​តម្លៃ​អាហារ និង​​បម្រែបម្រួល​អាកាសធាតុ​ស្ថិត​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ផ្សេងទៀត​ ដែល​ជា​ប្រធានបទ​សំខាន់​នឹង​ត្រូវ​បាន​ពិភាក្សា​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​នេះ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ពេលវេលា​ដ៏សំខាន់​មួយ ដោយសារ​តែ​ប្រទេស​កម្ពុជា​នឹង​មិន​ត្រឹមតែ​នៅលើ​ផែនទី​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​នៅលើ​ផែនទី​ពិភពលោក​ផងដែរ​។ នៅពេល​ដែល​យើង​ដឹកនាំ និង​តម្រង់ទិស​នៃ​បញ្ហា​ប្រឈម​ទាំងអស់​នេះ​»​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម បង្ហាញ​ថា ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ប្រទេស​សមាជិក​អាស៊ាន​បាន​កើន​ដល់ ១,១៧២ ​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១ ​នៃ​ឆ្នាំនេះ ខណៈ​ការនាំចូល​សរុប​មាន​ចំនួន ៣,១៦៨​ ពាន់​លាន​ដុល្លារ ដែល​ធ្វើឱ្យ​ក្នុង​ត្រីមាស​​ទី​១ ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​រដ្ឋ​ជា​សមាជិក​អាស៊ាន​មាន​ទឹកប្រាក់ ៤,៣៤ ​ពាន់​លាន​ដុល្លារ​កើនឡើង ១៨ ​ភាគរយ​៕