ភ្នំពេញៈ ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) និង​ធនាគារ​រដ្ឋ​វៀតណាម​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU)​ ស្តីពី​កិច្ចសហប្រតិបត្តិការ​នវានុវត្តន៍​ហិរញ្ញវត្ថុ និង​ការទូទាត់​សាច់ប្រាក់ ដែល​ជា​វិធានការ​សំដៅ​ជំរុញ​ការរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យនេះ​ក៏ដូចជា​ជំរុញ​ការទូទាត់​ឆ្លង​ព្រំដែន​រវាង​ប្រទេស​ជិតខាង​អាស៊ាន​ទាំង​ ២។

អនុស្សរណៈ​យោគយល់​គ្នា​នេះ ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក ជា ចាន់តូ ទេសាភិបាល​ NBC និង​លោកស្រី Nguyen Thi Hon ទេសាភិបាល​ធនាគារ​រដ្ឋ​វៀតណាម ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ ២ កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ NBC ឱ្យ​ដឹងថា​៖ «​អនុស្សរណៈ​យោគយល់​គ្នា​នេះ​មាន​គោលបំណង​ពង្រឹង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (Fintech) និង​ប្រព័ន្ធ​ទូទាត់​រវាង​ប្រទេស​ទាំង​ ២ »​។

លោក តូច ចៅចេក អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា​ថា អនុស្សរណៈ​នេះ​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការទូទាត់​ឆ្លង​ព្រំដែន ឬ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ជាពិសេស​ដើម្បី​ផ្លាស់ប្ដូរ​ទៅ​ប្រើប្រាស់ KHQR ជាមួយ​ធនាគារ​នៅ​ប្រទេស​វៀតណាម​។

លោក​និយាយ​ថា​៖ «​បច្ចុប្បន្ន KHQR របស់​យើង​បាន​ធ្វើ​ជា​មួយ​នឹង​ប្រទេស​ថៃ​រួចហើយ​។ ដូច្នេះ MoU នេះ​នឹង​តភ្ជាប់​កិច្ចសហប្រតិបត្តិការ​លើ KHQR ជាមួយ​វៀតណាម​។ លើស​ពីនេះ​វា​នឹងចូលរួម​ចំណែក​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ​២ ដោយសារ​យើង​ទទួល​បាន​ប្រព័ន្ធ​ទូទាត់​ដ៏​ងាយស្រួល​»​។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន នៅក្នុង​វេទិកា​ជំរុញ​វិនិយោគ​កម្ពុជា​-​វៀតណាម ឆ្នាំ​ ២០២២ ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា បាន​លើកឡើង​ថា កម្ពុជា និង​វៀតណាម​ជា​ប្រទេស​មាន​ព្រំដែន និង​ទំនាក់​ទំនង​ការទូត​ល្អ​ជាមួយ​គ្នា​យូរ​មកហើយ ពិសេស​មុនពេល​មាន​វត្តមាន​ជំងឺ​កូវីដ​ ១៩ ចំនួន​វិនិយោគិន​វៀតណាម​មក​បណ្តាក់ទុន​នៅ​កម្ពុជា​បាន​កើន​ជា​បន្តបន្ទាប់​។ វិស័យ​ដែល​វិនិយោគិន​វៀតណាម​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ច្រើន គឺ​កសិកម្ម និង​ទូរគមនាគមន៍​។

លោក​ថ្លែង​ថា​៖ «​ក្នុងន័យនេះ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឱ្យ​វិនិយោគិន​វៀតណាម​មក​បណ្តាក់ទុន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ឱ្យ​កាន់តែ​ច្រើន​ឡើងវិញ​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ដែល​កំពុង​មាន​សក្តានុពល​ខ្ពស់​នៅ​កម្ពុជា ដូចជា​កសិកម្ម​ទំនើប ឧស្សាហកម្ម កែច្នៃ​ចំណីអាហារ និង​ឧស្សាហកម្ម​កម្មន្តសាល​ធុន​ស្រាល ជាដើម​»​។

ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម​មាន​តម្លៃ​សរុប ៤ ៦៣៣,៦៦ ​លាន​ដុល្លារ កើន​ ២២ ​ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ​។ ក្នុងនោះ​ទំនិញ​នាំ​ពី​កម្ពុជា​ទៅ​វៀតណាម​មាន​ចំនួន​ ១ ៥៥៩,៩៩ ​លាន​ដុល្លារ កើន​ ៣,១​ ភាគរយ និង​ការនាំ​ចូល​ពី​វៀតណាម ៣ ០៧៣,៦៨ ​លាន​ដុល្លារ កើន ៣៤,៥ ​ភាគរយ​។ សម្រាប់​ជញ្ជីង​ពាណិជ្ជកម្ម​ទ្វេភាគី គឺ​កម្ពុជា​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ​ ១ ៥១៣,៦៩ ​លាន​ដុល្លារ​៕