ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​លើកកម្ពស់​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ពង្រីក​ការវិនិយោគ​បន្ថែមទៀត សម្រាប់​ការស្ដារ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​។

ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន ​(ABIS) ឆ្នាំ​ ២០២២ ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ លោក​នាយក​រដ្ឋមន្ដ្រី​បាន​ចង្អុល​បង្ហាញ​ថា ទោះបី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ជា​សកល​កំពុង​ស្រាកស្រាន្ត​គួរឱ្យ​កត់សម្គាល់​ក៏​ស្ថានភាព និង​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល នៅតែ​មាន​ភាពផុយស្រួយ និង​ងាយ​រង​វិបត្តិ ដោយ​ត្រូវ​បន្ត​ប្រឈម​នឹង​បញ្ហា​ថ្មីៗ និង​កាន់តែ​ស្មុគស្មាញ​ដែល​កំពុង​កើតឡើង​ជា​បន្តបន្ទាប់​ទាំង​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​ភូមិសាស្ដ្រ​នយោបាយ​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ស្មារតី​នេះ អាស៊ាន​ត្រូវតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​បន្ត​ជំរុញ​ការធ្វើ​សេរីភាវូបនីយកម្ម ដើម្បី​លើកកម្ពស់​អាស៊ាន​ឱ្យ​កា្លយ​ជា​តំបន់​មួយ​ដែល​មាន​លក្ខណៈ​បើកចំហ តម្លាភាព បរិយាប័ន្ន ទន្ទឹមនឹង​ត្រូវ​បន្ត​រក្សា​ឱ្យបាន​នូវ «​មជ្ឈភាព​» ​និង​ «​ឯកភាព​អាស៊ាន​»​ ក្នុង​ការកសាង​ទំនាក់​ទំនង​សកល និង​តំបន់​»​។

លោក​បន្ត​ថា​៖ «​បន្ថែម​លើ​នេះ អាស៊ាន​ត្រូវ​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​នានា​ ដែល​មាន​ស្រាប់​សំដៅ​ធានាថា កិច្ចព្រមព្រៀង​ទាំងនោះ​នៅតែ​រក្សាបាន​នូវ​ទំនើបកម្ម​ទាន់សម័យ មាន​លក្ខណៈ​កាន់តែ​ប្រសើរ និង​ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​ ចំពោះ​និន្នាការ​ធុរកិច្ច និង​ការវិនិយោគ​នាបច្ចុប្បន្ន​»​។

លោក ហ៊ុន សែន ក៏​ចង្អុលបង្ហាញ​ពី​សារៈសំខាន់​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលជា​សមិទ្ធផល​ដ៏សំខាន់​សម្រាប់​អាស៊ាន និង​បាន​ពី​ការ​ខំប្រឹងប្រែង​រួម ​ក្នុង​ការបើក​ទូលាយ​សេដ្ឋកិច្ច ព្រម​ទាំង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ក្នុង​តំបន់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី​ដ៏ធំ​នេះ​នឹង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទាំង​ក្នុង និង​ក្រៅ​អាស៊ាន ក៏ដូចជា​ធ្វើឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​នូវ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​ការពិត​ការសម្រេច​បាន​នូវ​ការស្ដារ​កំណើន​សេដ្ឋកិច្ច ក៏ដូចជា​ការបើក​ដំណើរការ​សកម្មភាព​សង្គម សេដ្ឋកិច្ច​ឡើងវិញ​ក្នុង​តំបន់​នាពេល​កន្លងមក​នឹង​មិនអាច​សម្រេច​បាន​នោះទេ ប្រសិន​បើ​គ្មាន​ការចូលរួម​ចំណែក​យ៉ាងសកម្ម​ពី​វិស័យ​ឯកជន​»​។

លោក គិត ម៉េង ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​បាន​និយាយ​ថា ការស្ដារ​សេដ្ឋកិច្ច​ បន្ទាប់ពី​វិបត្តិ​នៅតែ​ជា​កិច្ចការ​អាទិភាព​របស់​ក្រុមប្រឹក្សា​។ ផលប៉ះពាល់​លើ​តំបន់​ដោយសារ​តែ​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ​សកល​ដែល​ប្រឈម​ការកើនឡើង​អតិផរណា ការរំខាន​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​កម្រិត​ខុសគ្នា​នៃ​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​បាន​ធ្វើឱ្យ​មាន​ការលំបាក​សម្រាប់​ឆ្នាំ​ ២០២២ ​។

លោក​ថ្លែងថា​៖ «​ដោយសារ​សេដ្ឋកិច្ច​កំពុង​ព្យាយាម​ជម្នះ​ត្រឡប់​មក​សភាព​ដើម​វិញ គឺជា​ការចាំបាច់​ដែល​យើង​ត្រូវ​សហការ​គ្នា​មិន​ត្រឹមតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​រួមគ្នា​រៀបចំ​អនាគត​ផងដែរ ដែល​មាន​លក្ខណៈ​ឌីជីថល និង​មិន​ប៉ះពាល់​ដល់​អាកាសធាតុ​»​។ លោក​បាន​បន្តថា​៖ «​ផ្អែកលើ​គោលការណ៍​នេះ យើងខ្ញុំ​បាន​រៀបចំ​កម្មវិធី​នៃ​កិច្ចប្រជុំ​នេះ​ដើម្បី​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​រឿង​កំពុង​កើតឡើង​នៅ​អាស៊ាន និង​បញ្ហា​គន្លឹះ​ដែល​ត្រូវ​ស្វែងយល់​សម្រាប់​ផែនការ​ឆ្នាំ​ ២០២៣»​។

យោងតាម​ការវាយតម្លៃ និង​ព្យាករ​ដោយ​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​+៣(AMRO) សេដ្ឋកិច្ច​របស់​អាស៊ាន​កំពុង​ស្ទុះ​ងើបឡើង​វិញ ដោយ​សម្រេច​បាន​អត្រាកំណើន ៣,១ ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ រួម​ជាមួយ​នឹង​អត្រា​កំណើន​រំពឹងទុក ៥,៣ ភាគរយ ក្នុង​ឆ្នាំ​ ២០២២ និង ៤,៩ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២៣ ៕