ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា (SERC) និង​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ប្រកាស​នឹង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​បុគ្គល អង្គការ ឬ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​បាន​ធ្វើការ​កៀរគរ​ទុនវិនិយោគ​ពី​សាធារណជន​ឱ្យចូល​ជា​សមាជិក ឬ​ដាក់​ប្រាក់ វិនិយោគ​ដោយ​ផ្ទាល់ ឬ​តាមរយៈ​គណនី​ធនាគារ ឬ​វិនិយោគ​នៅ​ក្នុង​វិស័យ​គ្រីបតូ (Cryptocurrency) ជាមួយ​នឹង​ការ​ទទួល​ត្រឡប់​មកវិញ​នូវ​ប្រាក់​ចំណេញ​ខ្ពស់។​

​លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ១៧ ខែ​វិច្ឆិកា​ថា ស្ថាប័ន​របស់​លោក​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ១៦ ខែ​វិច្ឆិកា ដល់​សាធារណជន ដោយ​បាន​លើក​ឡើង​ថា នាពេល​ថ្មី​នេះ មាន​អង្គការ សមាគម ក្រុមហ៊ុន និង​បុគ្គល​មួយ​ចំនួន​បាន​បន្ត​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ​អនឡាញ បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ក្រុម​តេឡេក្រាម ដើម្បី​កៀរគរ​សាធារណជន​ឱ្យចូល​ជា​សមាជិក ឬ​ដាក់​ប្រាក់​វិនិយោគ​ដោយ​ផ្ទាល់ ឬ​តាមរយៈ​គណនី​ធនាគារ​នៅ​ក្នុង​គម្រោង​នានា ឬ​គម្រោង​វិនិយោគ​ផ្សេងៗ ដោយ​សន្យា​ផ្តល់​មក​វិញ​ជា​ផល​តបស្នង ឬ​ប្រាក់​ចំណេញ​ប្រចាំខែ​ខ្ពស់។​

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​និយតករ​មូល​ប​ត្រ​កម្ពុជា​បាន​និង​កំពុង​តាមដាន និង​ស៊ើបអង្កេត​រក​ព័ត៌មាន​ពី​ក្រុម​ឆបោក​ទាំង​នេះ ក៏ដូចជា​ព័ត៌មាន​ការផ្ទេរ​ប្រាក់​ផ្សេងៗ និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ទៅ​លើ​ក្រុម​ជន​ទាំងនោះ»។​

​លោក​បន្តថា ចំពោះ​ការស៊ើបអង្កេត​ទាំងនេះ ជួប​នូវ​ការលំបាក​មួយចំនួន ដោយសារ​ក្រុម​ទាំង​នេះ​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ខ្ពស់។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ SERC រាល់​ការ​ប្រមូល​ប្រាក់​ពី​សាធារណជន​ដើម្បី​យក​ទៅ​វិនិយោគ​លើ​គម្រោង​ណាមួយ​ជាក់លាក់ ហើយ​យក​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​មក​បែង​ចែក​ដល់​អ្នក​ដាក់​ប្រាក់​វិនិយោគ​នោះ គឺជា​គម្រោង​វិនិយោគ​រួម​ដែលជា​ប្រភេទ​មួយ​នៃ​មូលបត្រ ដោយ​ត្រូវមាន​អាជ្ញាប័ណ្ណ​ជាមុន​ពី SERC។​

​ប៉ុន្តែ​ការប្រមូលប្រាក់​ពី​សាធារណជន​យកទៅ​មិនដឹង​វិនិយោគ​លើ​គម្រោង​អ្វី ហើយ​ផ្តល់​ផល​ប្រយោជន៍​ឱ្យមក​វិញ​នូវ​ប្រាក់​ចំណេញ​ក្នុង​អត្រា​ខ្ពស់​ខុស​ធម្មតា ដែល​អាចជា​រូបភាព​ប្រមូល​ប្រាក់​ពី​អ្នកថ្មី​ទៅ​ផ្តល់ឱ្យ​អ្នក​មុនៗ ដែល​សកម្មភាព​នេះ​អ្នក​ដាក់​ប្រាក់​មុនៗ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​មកវិញ ចំណែក​អ្នក​ដាក់​ប្រាក់​ក្រោយៗ​តែង​ប្រឈម​នឹង​ការបាត់​បង់ប្រាក់​របស់​ខ្លួន​ទាំងស្រុង​នៅ​ពេល​លែង​រក​បាន​អ្នក​ដាក់​ប្រាក់​ថ្មី​បន្តទៀត ដូច​មាន​បទពិសោធន៍​ករណី Telegree, EBC និង Enarita កន្លងមក។​

SERC បញ្ជាក់ថា​៖ «​គម្រោង​វិនិយោគ​ប្រភេទ​នេះ​នឹង​ដួលរលំ​ក្នុង​រយៈពេល​ដ៏​ខ្លី ថ្វី​ដ្បិត​អ្នក​ដាក់​ប្រាក់​បាន​ទទួល​ប្រាក់​ចំណូល​មក​ក៏ពិត​មែន ប៉ុន្តែ​អ្នក​ដាក់​ប្រាក់​បន្ត​ក្រោយៗ​នឹង​រង​ការ​ខាតបង់​ទាំងស្រុង»។​

​ជាមួយគ្នានេះដែរ​កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា CSX ក៏​បានចេញ​សេចក្តី​បដិសេធ​អំពី​ការ​ក្លែងបន្លំ​គ្រុប​តេឡេក្រាម​ដែល​មាន​ឈ្មោះថា «CSX Khmer» ដោយ​ថា ឈ្មោះ​នេះ​គឺ​មិន​ស្ថិត​នៅ​ក្រោម​កម្មសិទ្ធិ​របស់​ផ្សារ​មូលបត្រ​កម្ពុជា​ឡើយ។​

​កាលពី​ថ្ងៃទី ១២ ខែវិច្ឆិកា សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា បាន​ប្រកាស​រួមគ្នា​បដិសេធ​អំពី​ផ្លេតហ្វម​ទាក់ទង​ទៅ​នឹង​រូបិយវត្ថុ​គ្រីបតូ​មួយ​ចំនួន របស់​ក្រុមហ៊ុន PAYEER ដែល​បាន​ប្រើប្រាស់​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែលជា​សមាជិក​របស់​សមាគម​ទាំង ៣ ក្នុងការ​ទូទាត់ ការដាក់​ប្រាក់ និង​ដក​ប្រាក់​លើ​ការ​វិនិយោគ និង​ការ​ជួញដូរ​លើ​រូបិយវត្ថុ​គ្រីបតូ រួមមាន Bitcoin, Ethereum និង កាបូប Crypto ជាដើម៕