The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​ចិន​ បើក​ឱ្យ​កម្ពុជា​នាំ​ម្រេច និង​ជលផល​ធម្មជាតិ​ទៅ​ទីផ្សារ​របស់​ខ្លួន

ប្រទេស​ចិន​ បើក​ឱ្យ​កម្ពុជា​នាំ​ម្រេច និង​ជលផល​ធម្មជាតិ​ទៅ​ទីផ្សារ​របស់​ខ្លួន

Content image - Phnom Penh Post
កសិករប្រមូលផលម្រេចនៅខេត្តរតនគិរី កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ប្រទេស​ចិន​ បើក​ឱ្យ​កម្ពុជា​នាំ​ម្រេច និង​ជលផល​ធម្មជាតិ​ទៅ​ទីផ្សារ​របស់​ខ្លួន

ភ្នំពេញៈ រដ្ឋាភិបាល​ចិន​បាន​ចាប់ផ្តើម​អនុញ្ញាត​ឱ្យ​កម្ពុជា​ធ្វើការ​នាំចេញ​ម្រេច និង​ជលផល​ធម្មជាតិ​ទៅ​ទីផ្សារ​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​ ២១ ខែ​នេះ​តទៅ ក្រោយពី​រដ្ឋបាល​គយ​ចិន​ (GACC) បាន​ចេញ​សេចក្តី​ប្រកាស​ស្តីពី​លក្ខខណ្ឌ​តម្រូវការ​ភូតគាម​អនាម័យ​ សម្រាប់​ការនាំ​ចូល​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។

ការចាប់ផ្តើម​នាំចូល​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ប្រទេស​ទាំង ​២ ​បាន​ចូលក្នុង​ «​ពិធីសារ​នៃ​តម្រូវការ​ភូតគាម​អនាម័យ​ សម្រាប់​ការនាំចេញ​ម្រេច​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​» ត្រូវបាន​ចុះ​ហត្ថលេខា​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ទី​​ ៩ ខែវិច្ឆិកា ដោយ​លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក អ៊ី ចៀនហួរ រដ្ឋមន្ត្រី​នៃ​អគ្គរដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ (GACC) ក្នុង​ពិធី​មួយ​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន និង​លោក លី កេឈាង នាយករដ្ឋមន្ត្រី​ចិន​។

យោងតាម​ការប្រកាស​របស់ GACC នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា ដែល​ចេញ​ផ្សាយ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា ឱ្យ​ដឹងថា យោង​តាមច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ចិន និង​បទប្បញ្ញត្តិ​រវាង​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​កម្ពុជា ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ​ក្នុង​ការនាំចូល​ម្រេច​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​បាន​ឱ្យ​ដឹងថា ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​ទៅ​ការ​នាំចូល​ម្រេច​កម្ពុជា​គឺ​អនុញ្ញាត​តែ​ម្រេច​ដែល​បំពេញ​តម្រូវការ​ប៉ុណ្ណោះ​។

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត ​(KPPA) ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ទោះបី​គុណភាព​ម្រេច​កំពត​ត្រូវបាន​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទទួលស្គាល់ និង​គោរព​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ដែន​សមត្ថកិច្ច​ជាច្រើន​ហើយក៏​ដោយ ក៏​លោក​នៅតែ​រីករាយ​ចំពោះ​អ្វីដែល​កម្ពុជា​បាន​ធ្វើ​ជាមួយនឹង​អាជ្ញាធរ​ចិន​ ដើម្បី​នាំ​ម្រេច​កម្ពុជា​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​។

លោក​និយាយថា​៖ «​សម្រាប់​ម្រេច​កំពត​បញ្ហា​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៅពេល​នាំចេញ​គឺ​មិនមាន​បញ្ហា​ទេ ព្រោះ​កន្លងមក​ម្រេច​កំពត​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ជាច្រើន​រួចមកហើយ​។ ការនាំចេញ​ម្រេច​កំពត​សុទ្ធតែ​មាន​ការ​ពិនិត្យ​គុណភាព​ពី​សមាគម និង​លិខិតបញ្ជាក់​របស់​ក្រសួង​កសិកម្ម​លើ​បញ្ហា​ភូតគាម​អនាម័យ​»​។

លោក​លើកឡើង​ថា​៖ «​ម្រេច​កម្ពុជា​នឹងមាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ​នៅពេល​ដែល​ប្រទេស​ចិន​អនុញ្ញាត​ឱ្យ​មានការ​នាំចេញ​ជា​ផ្លូវការ​»​។

សម្រាប់​តម្លៃ​ម្រេច​កំពត​ក្នុង​ឆ្នាំ​ ២០២២ គឺ​រក្សា​ដូច​ឆ្នាំមុន​ដដែល ដោយ​ម្រេចខ្មៅ​តម្លៃ ១៥ ​ដុល្លារ​ក្នុង ​១ ​គីឡូក្រាម​, ម្រេច​ក្រហម ២៥ ​ដុល្លារ​, និង​ម្រេចស ២៨ ​ដុល្លារ​។ នេះ​បើតាម​លោក ងួន ឡាយ​។

លោក ចាន់ សុផល នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​បាន​ប្រាប់ថា ការនាំចេញ​ដោយផ្ទាល់​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​នឹង​បញ្ចប់​ការពឹងផ្អែក​ខ្លាំង​របស់​កម្ពុជា​លើ​ប្រទេស​ជិតខាង​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​ម្រេច​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន ៧ ៧០៤,២៥ ​តោន ថយចុះ ៧២,១២ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ ២៧ ៦៣៣,៧៧​ តោន​។

យោងតាម​ស្ថានទូត​ចិន​នៅ​ថ្ងៃទី​ ២១ វិច្ឆិកា រដ្ឋបាល​គយ​ប្រទេស​ចិន​ក៏បាន​ចេញ​សេចក្តី​ប្រកាស​មួយទៀត​ស្តីពី​លក្ខខណ្ឌ​តម្រូវការ​ភូតគាម​អនាម័យ ​សម្រាប់​ការនាំ​ចូល​ជលផល​ធម្មជាតិ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ យោងតាម​ច្បាប់​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ចិន និង​បទប្បញ្ញត្តិ​រវាង​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា​ស្តីពី​លក្ខខណ្ឌ​តម្រូវការ​ភូតគាម​អនាម័យ​ សម្រាប់​ការនាំ​ចូល​ជលផល​ធម្មជាតិ​កម្ពុជា​ទៅ​ប្រទេស​ចិន និង​ព្រមទាំង​លក្ខខណ្ឌ​តម្រូវការ​អនាម័យ​កំណត់​ដោយ​ពេទ្យ​សត្វ គឺ​ចាប់​ពីថ្ងៃ​នៃ​ប្រកាស​នេះ​តទៅ អនុញ្ញាត​នាំចូល​តែ​ជលផល​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​ដែល​សមស្រប​នឹង​លក្ខខណ្ឌ​តម្រូវការ​៕

អត្ថបទគួរចាប់អារម្មណ៍