The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​កាន់តែខ្លាំង​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​កាន់តែខ្លាំង​

Content image - Phnom Penh Post

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​កាន់តែខ្លាំង​

​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជាបាន​អះអាងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​ចូល​ជាធរ​មាននៅ​ដើមខែ​ក្រោយ ពោលគឺ​នៅ​ដើមខែ​ធ្នូ ខាងមុខនេះ​។ ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​នេះ នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ពង្រីក​ការវិនិយោគ​រវាង​កម្ពុ​ជា និង​កូរ៉េ​កាន់តែខ្លាំង​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (CKFTA) សម្រាប់​ការនាំចេញ កាលពីពេល​ថ្មីៗ​នេះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹងថា សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​នីតិវិធី​នៃ​ការនាំចេញ​ដល់​វិស័យ​ឯកជន ដើម្បី​ជំរុញ​ការនាំចេញ និង​ការទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង CKFTA ជាពិសេស​ជំរុញ​ដល់​កំណើន​ការនាំចេញ​តាមរយៈ​ការប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​តាម​កិច្ចព្រមព្រៀង CKFTA​។​

​លោកបន្តថា កិច្ចព្រមព្រៀង​នេះ នឹង​បំពេញបន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-​កូរ៉េ និង​កិច្ចព្រមព្រៀង​អា​សិប (RCEP) ដែលមាន​ស្រាប់​។ មិនតែប៉ុណ្ណោះ លោក​ថា នៅក្រោម​កិច្ចព្រមព្រៀង CKFTA កម្ពុជា​បាន​បើក​ទីផ្សារ​ចំនួន ៨៩,០៩% នៃ​បន្ទាត់​ពន្ធគយ​សរុប ខណៈដែល​ភាគី​កូរ៉េ​បាន​បើក​ទីផ្សារ​ចំនួន ៩៥,០៣% នៃ​បន្ទាត់​ពន្ធគយ​សរុប ដែល​ក្នុងនោះ​កម្ពុជា​នឹង​អាច​នាំចេញ​ទំនិញ​ក្នុង​អត្រាពន្ធគយ​សូន្យ​ភ្លាមៗ បន្ទាប់ពី​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន​ចំនួន ៩២,៣៧% នៃ​បន្ទាត់​ពន្ធគយ​សរុប​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រីមាន​សុទិដ្ឋិនិយម​ថា ក្រោយ​កិច្ចព្រមព្រៀង CKFTA បាន​ចូល​ជា​ធរមាន​នាពេល​ខាងមុខនេះ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ និង​បង្កើត​កាលានុវត្តភាព​នាំចេញ​ថ្មីៗ​បន្ថែមទៀត​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០២២ ​នេះ ទំហំ​ពាណិជ្ជ​រវាង​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង មានតម្លៃ​ជាង ៦០០​ លាន​ដុល្លារ ពោលគឺ​កើនឡើង ៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​កូរ៉េ​មានតម្លៃ ១៧៥ ​លាន​ដុល្លារ កើនឡើង​ ២១​ ភាគរយ និង​នាំ​ទំនិញ​ពី​កូរ៉េ​មកវិញ​ក្នុងតម្លៃ ៤២៦ ​លាន​ដុល្លារ ថយចុះ​៣​ភាគរយ​។​

​ពាក់ព័ន្ធ​នឹង​ការចូល​ជាធរ​មាននូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នេះដែរ ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​កម្ពុជា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុ​ក​យោល (Yoon Suk Yeol) ក៏បាន​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការកើនឡើង​នូវ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​ហើយ​និង​មាន​សុទិដ្ឋិនិយម​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នឹង​ធ្វើឱ្យ​កើនឡើង​យ៉ាងខ្លាំង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​នឹង​ជំរុញឱ្យមាន​ការវិនិយោគ​របស់​កូរ៉េ​ច្រើន​ថែមទៀត​នៅ​កម្ពុជា​ផងដែរ​។​

​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ​កម្ពុជា​-​កូរ៉េ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​កត់សម្គាល់​ដោយ​រីករាយ​ចំពោះ​ការកើនឡើង​នូវ​ការវិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ ដែល​ធ្វើឱ្យ​កូរ៉េ​ឈរ​នៅ​លេខ​រៀង​ទី​២ ក្នុងចំណោម​ដៃគូ​វិនិយោគ​ធំៗ​របស់​កម្ពុជា ខណៈ​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​លោក​ប្រធានាធិបតី យូ​ន ឱ្យ​លើកទឹកចិត្ត​ជំរុញ​ការវិនិយោគ​របស់​កូរ៉េ ឱ្យ​កាន់តែច្រើន​ថែមទៀត​នៅ​កម្ពុជា បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ បាន​អនុវត្ត​ពេញលេញ​។

​សូម​រំឭកថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី CKFTA នេះ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​អតីត​ប្រធានាធិបតី មូ​ន ចែ​អ៊ី​ន នៃ​សាធារណរដ្ឋ​កូរ៉េ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​ ២០១៩​ កន្លងទៅ​។

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២១ ខណៈ​កិច្ចព្រមព្រៀង​នេះដែរ​ក៏​នឹងត្រូវ​ចូល​ជា​ធរមាន ហើយ​ចាប់​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ​ ២០២២ ខាងមុខនេះ​។

​យ៉ាងណាមិញ តាមរយៈ​កិច្ចព្រមព្រៀង​នេះ រាជរដ្ឋាភិបាល​កម្ពុជានៅតែ​បានបង្ហាញ​ក្ដី​រំពឹងទុក​ថា​ នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ​រវាង​ប្រទេស​ទាំង​ ២ ពិសេស​ចូលរួម​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​រងគ្រោះ​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ និង​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​៕​

អត្ថបទគួរចាប់អារម្មណ៍