ភ្នំពេញៈ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចចរចា​លើ​កិច្ច​ព្រម​​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម «CAM-UAE CEPA» លើក​ទី​ ២ ចាប់ពី​ថ្ងៃទី​ ១៩-២១ ខែធ្នូ​ខាងមុខ ខណៈ​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវបាន​រំពឹងថា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​។​

​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​បើក​ការចរចា​ជុំ​ទី​១ កាលពី​ថ្ងៃទី​ ២៤-២៦ ខែតុលា ឆ្នាំ​ ២០២២ នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម ទទួលបាន​លទ្ធផល​គួរឱ្យកត់សម្គាល់​។

​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ CAM-UAE CEPA លើក​ទី ​២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលខាងមុខ លោក ប៉ាន​ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការ​ចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​នៃ CAM-UAE CEPA​ នេះ ដែល​សម្រេចបាន​នាពេល​កន្លងមក និង​ចំណុច​សំខាន់ៗ​ដែល​ត្រូវ​លើកឡើង​ក្នុង​កិច្ចចរចា​នាពេលខាងមុខ​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នោះ លោក សូរ​ស័ក្តិ បាន​ប្រាប់​ឱ្យ​ក្រុមការងារ​ចរចា​ត្រូវឱ្យ​បន្ត​ខិតខំ​ចរចា​កិច្ចព្រមព្រៀង CAM-UAE CEPA ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បុ​រេ​សកម្ម ម៉ឺងម៉ាត់ និង​ទំនួល​ខុសត្រូវ​ខ្ពស់ ដើម្បី​​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​នេះ​តាម​ការគ្រោងទុក​សំដៅ​បម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ រួមមាន អ្នក​ប្រើ​ប្រាស់ ផលិតករ ធុរជន និង​វិនិយោគិន​។​

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម និង​ជា​អនុប្រធាន​ក្រុម​ចរចា CAM-UAE CEPA លោក ប៉ែន​ សុ​វិជាតិ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ថា កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់​រៀបចំ​ការចរចា​លើក​ទី ​២ នៃ CAM-UAE CEPA ចាប់ពី​ថ្ងៃទី ​១៩-២១ ខែធ្នូ​ខាងមុខ ដែល​កិច្ច​​ចរចា​នេះ​នឹងមាន​ការចូលរួម​រប​ស់​ប្រធាន​ក្រុម​ចរចា​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ហើយក៏​នឹងមាន​ការចូលរួម​ជា​គណៈអធិបតី​របស់លោក ប៉ាន សូរ​ស័ក្តិ​។ បញ្ចូល​ធាតុ​សំខាន់ៗ​មួយចំនួន​សម្រាប់​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​អារ៉ាប់​រួម ដែលមាន​ដូចជា ផលិតផល​កសិកម្ម អាហារ​ហា​ឡា​ល់ និង​ប្រភេទ​អាហារ​កែច្នៃ​ហា​ឡា​ល់ ដែល​ធ្វើ​អំពី​សាច់គោ និង​មាន់ ជាដើម​។​

​យោងតាម​លោក សុ​វិជាតិ កិច្ច​​ព្រមព្រៀង CAM-UAE CEPA នឹង​រួមបញ្ចូល​មាននូវ​ជំពូក​សំខាន់ៗ​ដូចជា ពាណិជ្ជកម្ម​ទំនិញ​និង​សេវាកម្ម វិនិយោគ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​​ត្រូ​និក កិច្ច​សម្រួល​ពាណិជ្ជកម្ម របាំង​បច្ចេកទេស​ពាណិជ្ជកម្ម អនាម័យ​និង​ភូតគាម​អនាម័យ កម្មសិទ្ធិបញ្ញា កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​សហគ្រាស ធុន​តូច​និង​មធ្យម​។​ ល​។ ដើម្បី​អាច​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង CAM-UAE CEPA ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​និង​ទ្រទ្រង់​ខឿន​សេដ្ឋ​កិច្ច​ជាតិ​។​

​លោក​ប្រាប់ទៀតថា​៖ «​នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន គឺ​វា​មិន​ត្រឹមតែ​បើក​ច្រក​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាមរយៈ​នេះ​ផលិតផល​កម្ពុជា​មួយចំនួន​ក៏​អាច​នឹងត្រូវ​បញ្ជូនទៅ​លក់​បន្ត​នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អ្រា​ហ្វិ​ក​ផងដែរ​។ អារ៉ាប់​រួម អាច​ក្លាយជា​ច្រក​សំខាន់​មួយ​សម្រាប់​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​តំបន់​មជ្ឈិមបូព៌ា ឬ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាហ្រ្វិក​»​។​

​កា​ចរចា CAM-UAE CEPA ជាមួយ​ប្រទេស​អារ៉ាប់​រួម ត្រូវបានធ្វើ​ដោយ​ផ្ចិតផ្ចង់​បំផុត ព្រោះ​កម្ពុ​ជាមាន​គម្រោង​ធ្វើឱ្យ​វា​ក្លាយជា​កិច្ចព្រមព្រៀង​មួយ​ដែលមាន​លក្ខណៈ​គំរូ​សម្រាប់​ការចរចា​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​នៅពេល​ក្រោយ​។ នេះ​បើតាម​លោក សុ​វិជាតិ​។​

​លោក​លើកឡើង​ទៀតថា តាមរយៈ​ការចរចា​នេះ​កម្ពុជា​ក៏​នឹង​ខិតខំ​ទាញយក​អត្ថ​ប្រ​​យោជន៍​ពី​ការអភិវឌ្ឍ​វិស័យ​ថាមពល ប្រេងឥន្ធនៈ និង​ការ​​នាំចូល​ជី​កសិកម្ម ពី​ប្រទេស​អារ៉ាប់​ផងដែរ​។ ជាមួយគ្នានេះ កម្ពុជា​ក៏​អាច​បញ្ជូន​ពលករ​ជំនាញ​ទៅ​សិក្សា និង​ធ្វើការ​នៅ​ទីនោះ​ពី​បច្ចេកទេស​នៃ​ការ​​អភិវឌ្ឍ​វិស័យ​ថាមពល ប្រេង និង​បច្ចេកវិទ្យា​ថ្មីៗ​ជាដើម​។​

​បើ​យោងតាម​លោក សុ​វិជាតិ បច្ចុប្បន្ន​កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​មួយចំនួន​ទៅ​ប្រ​ទេស​អារ៉ាប់​ផងដែរ ដូចជា ស្បែកជើង គ្រឿងបន្លាស់ និង​គ្រឿង​បង្គុំ​ជាដើម​៕