ភ្នំពេញៈ លោកស្រី Jyotsana Varma នាយិកា​ប្រចាំ​ប្រ​​ទេស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ដែលមាន​និវេសនដ្ឋាន​បេសកកម្ម​នៅ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា កម្ពុជា​អាចនឹងទទួល​បាន​អត្ថប្រយោជន៍​ពីបទ​ពិសោធន៍​នានា​ក្នុងការ​បង្កើត និង​ដំណើរការ​តុលា​ការពា​ណិ​​ជ្ជ​កម្ម​។ លោកស្រី​បន្តថា បើ​គ្មាន​ប្រព័ន្ធតុលាការ​ត្រឹមត្រូវ​ដែល​មនុស្ស​គ្រប់គ្នា​អាច​ទទួល​នោះទេ វា​នឹង​ពិបាក​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ទាក់ទាញ​កា​រវិ​និ​យោគ​ប្រកបដោយ​គុណភាព​ខ្ពស់​រយៈពេល​វែង​។​

​បច្ចុប្បន្ន កម្ពុជា​កំពុង​ស្ថិតក្នុង​ដំណើរការ​បង្កើត​តុលា​ការពា​ណិ​ជ្ជ​កម្ម ខណៈ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​​ ២១ ខែមករា ឆ្នាំ​ ២០២១ បាន​ចុះហត្ថលេខា​លើ​ច្បាប់​បង្កើត​គណៈកម្មាធិកា​រ​រៀបចំ​តុលាការ​ពាណិជ្ជកម្ម​រួចរាល់​ហើយ​។​

​លោកស្រី Jyotsana Varma បាន​ថ្លែង​ក្នុង​សន្និសីទ​តុលាការ​ពាណិជ្ជកម្ម​កម្ពុ​ជា​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា​ថា ADB កំពុង​ផ្តល់ជំនួយ​បច្ចេកទេស​ដើម្បី​គាំទ្រ​ដល់​តួនាទី​របស់​តុលាការ​ក្នុងការ​បង្កើត​បរិយាកាស ធុរកិច្ច​ប្រកបដោយ​ភាពល្អប្រសើរ​។

​លោកស្រី​បន្តថា វា​ទាមទារ​ឱ្យមាន​ការ​យល់ដឹង​ច្បាស់លាស់​ថា អាជីវកម្ម​ត្រូវការ​ក្របខ័ណ្ឌ​ច្បាប់​ច្បាស់លាស់ និង​អាច​ព្យាករ​បាន​ក្នុង​ការធ្វើ​ប្រតិបត្តិ​ការ​។ អាជីវកម្ម​ក៏ត្រូវ​ការ​ប្រព័ន្ធ​ដោះ​​ស្រាយ​វិវាទ​មួយ​ដែល​អាច​ទុកចិត្តបាន មាន​ប្រសិទ្ធភាព និង​តម្លាភាព​។​

​លោកស្រី​ឱ្យដឹងទៀតថា តុលាការ​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​ធានាឱ្យមាន​ភាព​ដូចគ្នា និង​ការ​ព្យាករ​នៅក្នុង​ការ​បកស្រាយ និង​ការអនុវត្ត​ច្បាប់​របស់​ប្រទេស ហើយ​ដើម្បី​ធានាថា វិវាទ​ត្រូវបាន​ដោះស្រាយ​ដោយ​យុត្តិធម៌ និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​បើ​គ្មាន​ប្រព័ន្ធតុលាការ​ត្រឹមត្រូវ​ដែល​អាច​ផ្ដល់​សេវា​បាន​សម្រាប់​ទាំងអស់គ្នា​វា​នឹង​ពិបាក​សម្រាប់​ប្រទេសមួយ​នៅក្នុង​ការទាក់ទាញ​ការវិនិយោគ​ប្រកបដោយ​គុណភាព​ខ្ពស់​រយៈពេល​វែង​។ ដូច្នេះ តុលាការ និង​ចៅក្រម​មាន​សារៈ​សំ​​ខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​ឱ្យ​អាច​ដំណើរការ​បានល្អ​»​។​

​លោកស្រី​បន្ថែមថា​៖ «​យើង​យល់ថា​ក្រសួងយុត្តិធម៌​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​លើ​នីតិវិធី និង​ផែនការ​អនុវត្ត​នីតិវិធី​តុលាការ​ពាណិជ្ជកម្ម​នៅក្នុង​ប្រ​​ទេស​។ យើង​មាន​សេចក្តី សោមនស្ស​រីករាយ​ណាស់​ដែល​មន្ត្រី​ក្រសួង​យុ​ត្តិ​ធម៌​កំពុង​រៀបចំ​ផែនការ និង​អនុសា​​សន៍​សម្រាប់​តុលាការ​ពាណិជ្ជកម្ម នៅទីនេះ​ជាមួយ​យើង​»​។​

​លោកស្រី​បាន​បន្ថែម​ថា​៖ «​ប្រទេស​កម្ពុជា​ អាច​ទទួលបាន​អត្ថប្រយោជន៍​ពីបទ​ពិសោធន៍​ជាច្រើន​ទសវត្សរ៍​នៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ការបង្កើត និង​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​។ នោះ​ដោយសារតែ​តុលាការ​ពាណិជ្ជកម្ម​គ្រប់​ទីកន្លែង​ប្រឈម​នឹង​ការ​ចោទសួរ និង​បញ្ហា​ប្រឈម​ស្រដៀង​គ្នា​»​។

​លោកស្រី​បន្តថា ជា​ឧទាហរណ៍ តើ​អ្វី​ទៅជា​វិសាលភាព​នៃ​យុត្តាធិការ​របស់​តុលាការ​ពាណិជ្ជកម្ម​? តើ​ភាគី​គួរ​មាន​ជម្រើស​ក្នុង​ការបន្ត​នីតិវិធី​នៅ​តុលាការ​ពាណិជ្ជកម្ម ឬ​នៅ​តុលាការ​ផ្សេងទៀត​? តើ​ចៅក្រម​អាចយ​ល់ពី​បញ្ហា​អាជីវកម្ម​ក្រោម​ជម្លោះ​ពាណិជ្ជ​​កម្ម​ដោយ​របៀប​ណា​? តើ​អ្វី​ជាម​ធ្យោ​​បាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​​គ្រប់គ្រង​ជម្លោះ​ពាណិជ្ជកម្ម ហើយ​នៅតែមាន​យុត្តិធម៌​ចំពោះ​គ្រប់ភាគី​?​ដើម្បី​ផ្តល់​ឧទាហរណ៍​មួយចំនួន​។​

​លោក លឹម ហេង អនុប្រធាន​សភា​​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣០ ខែវិច្ឆិកាថា តុលា​​ការ​ពាណិជ្ជកម្ម​កម្ពុជា​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​គោលបំណង​កសាង​ទំនុក​ចិត្ត​ក្នុងចំណោម​វិនិយោគិន​។​

​លោក​និយាយថា​៖ «​នៅពេល​យើង​មាន​តុលាការ​ពាណិជ្ជកម្ម​ដែល​ដោះ​​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​សម្រាប់​ពា​​ណិ​ជ្ជ​ករ និង​វិនិយោគិន​ទាំងអស់ នៅពេលដែល​ពួកគេ​មាន​បញ្ហា​ណាមួយ​ដោយ​យុត្តិធម៌ តម្លាភាព ឆាប់រហ័ស និង​មិនមាន​អំពើពុករលួយ​នោះ​យើង​នឹង​ទទួលបាន​ទំនុកចិត្ត​ពី​វិនិយោគិន ឬ​ពាណិជ្ជករ​ក្នុងស្រុក និង​បរទេស​។ ការណ៍​នេះ​នឹងធ្វើ​ឱ្យ​យើង​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​»​។​

​លោក​បាន​បន្ថែមទៀតថា បច្ចុប្បន្ន​ជម្លោះ​អាជីវកម្ម​ភាគច្រើន​វិនិយោគិន​កំពុង​ជ្រើសរើស​សេវាកម្ម​តុលា​ការពា​ណិ​ជ្ជ​កម្ម​នៅក្នុង​ប្រទេស​សិង្ហ​បុរី ឬ​ប្រ​ទេស​បារាំង​៕