​ភ្នំពេញៈ គម្រោង​វិនិយោគ​ចំ​​នួន ៥២ ដែលមាន​ទឹកប្រាក់​ជិត ៤៦១​ លាន​ដុល្លារ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) អនុម័ត​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២២ ដែល​គម្រោង​ទាំងនោះ​គឺ​ក្នុង​វិស័យ​ជាច្រើន​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​

​ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី៣ ឆ្នាំ​ ២០២២ ឱ្យដឹងថា ក្នុង​ត្រីមាស​ទី៣ គម្រោង​វិ​និ​យោគ​ដែល​បានអនុម័ត​ដោយ CDC មាន​ចំនួន ៥២ កើនឡើង ៥​ គម្រោង​បើ​ធៀប​នឹង​ត្រីមាស​ទី៣ ឆ្នាំ​ ២០២១​។ ចំណែក​ទុនវិនិយោគ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២២ មាន ៤៦០,៨ ​លាន​ដុល្លារ កើនឡើង ១៨,៤ ​ភាគរយ​។ ការ​កើន​​ឡើង​នេះ ដោយសារ​កំណើន​គម្រោង​វិនិយោគ​លើ​ការផលិត​បន្ទះ​សូ​ឡា​, សាងសង់​មន្ទីរពេទ្យ ដំឡើងរថយន្ត​, គម្រោង​អភិវឌ្ឍន៍​តាម​កោះ និង​ការ​ពង្រីក​គម្រោង​មួយចំនួនទៀត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចំនួន​គម្រោង​ដែល​ទទួល​បានការ​អនុញ្ញាតឱ្យ​វិនិយោគ​នៅ​កម្ពុជា​បាន​កើនឡើង​ចាប់តាំងពី​រដ្ឋាភិបាល​ប្រ​កាស​បើក​ប្រទេស​ឡើងវិញ​កាលពី​ខែ​​វិច្ឆិកា ឆ្នាំ​ ២០២១​។​

​ការកើនឡើង​នេះ​វា​អាច​បណ្តាលមកពី​កត្តា​ច្រើនយ៉ាង​ដូចជា កំណើនសេដ្ឋកិច្ច​រឹងមាំ​, ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល​, ភូមិសាស្ត្រ​នៅ​កណ្តាល​តំបន់​, សម្បូរ​ធនធានធម្មជាតិ​, សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ​, មាន​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អ និង​ជាពិសេស​គឺ​កម្ពុជា​កិច្ចព្រមព្រៀង​ពា​​ណិ​ជ្ជ​កម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ជាមួយ​ប្រទេស​ជាច្រើន​។​

​លោក​ថ្លែងថា​៖ «​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត ព្រោះ​ក្រៅពី​លក្ខណៈ​អំណោយផល​នៅ​ផ្នែក​ខាងក្នុង កម្ពុជា​ក៏មាន​ទីផ្សារ​ធំៗ​ជាច្រើន​ចាំ​ទទួល​ទិញ​ទំនិញ​របស់ខ្លួន​ផងដែរ​»​។​

​លោក​បន្ថែមថា ក្រៅពីនេះ​ចំណុច​ទាំងអស់​ខាងលើ កម្ពុជា​ក៏​ទទួលបាន​ភាព​ចំណេញ​ពី​ការ​ចូលមក​បណ្តាក់​ទុន​របស់​អ្នកវិនិយោគ​ពី​ប្រទេស​មួយចំនួន​ដែល​ជួប​បញ្ហា​អស្ថិរភាព​ន​យោ​បាយ សង្គ្រាម និង​ជម្លោះ​ផ្សេងៗ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វ​ណុៈ្ណ បាន​ប្រាប់ថា កម្ពុជា​កំពុង​ក្លាយជា​កន្លែង​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​ចូលមក​បណ្តាក់ទុន ដោយ​ការវិនិយោគ​នៅ​ទីនោះ​ក្រៅពី​មាន​កម្លាំង​ពលកម្ម​ជំនាញ​សម្បូរបែប និង​ច្បាប់​វិនិយោគ​អំណោយផល ក៏មាន​ទីផ្សារ​នាំចេញ​ទៅ​ប្រទេស​ធំៗ ជាច្រើន​ផងដែរ​។​

​លោក​ថ្លែងថា​៖​ «​ជាមួយនឹង​លក្ខណៈ​អំណោយផល​ទាំងនេះ ខ្ញុំ​មាន​សុ​ទិដ្ឋិ​​និយម​ថា ចំនួន​គម្រោង​វិនិយោគ​ដែល CDC អនុម័ត​នឹង​បន្ត​កើនឡើង​ថែមទៀត​ចាប់ពីពេលនេះ​តទៅ ឬ​យ៉ាង​​ហោចណាស់​ក៏​មិន​ធ្លាក់ចុះ​ដែរ​»​។​

​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​សេរី​មួយចំនួន​បាន​ចូល​ជា​ធរមាន​រួចមកហើយ ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ពា​ណិ​​ជ្ជ​កម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់ ​(RCEP) ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២, កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃទី​ ១ ខែធ្នូ​នេះ ខណៈ​បច្ចុប្បន្ន​កម្ពុជា​ក៏​នឹងត្រូវ​បើក​កិច្ចចរចា​លើ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម «CAM-UAE CEPA» ពីថ្ងៃ​ទី​ ១៩-២១ ខែធ្នូ​ខាងមុខ​ផងដែរ​៕