The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជាទទួល​ជ័យជម្នះ​លើ​បណ្តឹងតវ៉ា ​ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ កាលពី​ឆ្នាំ​ ២០១៩

កម្ពុជាទទួល​ជ័យជម្នះ​លើ​បណ្តឹងតវ៉ា ​ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ កាលពី​ឆ្នាំ​ ២០១៩

Content image - Phnom Penh Post
អ្នកជំនាញពិនិត្យមើលគុណភាពអង្ករ​​ នៅរោងម៉ាស៊ីនកិនស្រូវមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រូបថត ហេង ជីវ័ន

កម្ពុជាទទួល​ជ័យជម្នះ​លើ​បណ្តឹងតវ៉ា ​ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ កាលពី​ឆ្នាំ​ ២០១៩

ភ្នំពេញៈ កម្ពុជាបានទទួល​ជ័យជម្នះ​លើ​បណ្តឹងតវ៉ា​ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ កាលពី​ឆ្នាំ​ ២០១៩ ដែល​បាន​ដកហូត​ការអនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំចូល​អង្ករ​គ្រាប់​វែង ​(Indica Rice) ពី​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ CRF ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ បានឱ្យដឹងថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុ​ជាមាន​ក្តី​រីករាយ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឈ្នះក្តី​ក្នុង​សំណុំរឿង​លេខ T-269/19 ដែល​គណៈកម្មការ​អឺរ៉ុប​បានដាក់​វិធានការ​រឹតត្បិត​ការអនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប តាម​បទ​ប្បញ្ញត្តិ​អនុវត្ត​លេខ 2019/76 ចុះ​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០១៩ (“​បទ​ប្បញ្ញត្តិ​អនុវត្ត​”)​។​

​សំណុំ​រឿងនេះ ត្រូវបាន​ប្តឹង​កាលពី​ថ្ងៃទី​ ១០ ខែមេសា ឆ្នាំ​ ២០១៩ ទៅកាន់​តុលាការ​នៃ​សហភាព​អឺរ៉ុប ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក សុខ ពុទ្ធិ​វុ​ធ ជាមួយនឹង​មេធាវី​អន្តរជាតិ ក្នុង​គោលបំណង​រក​យុត្តិធម៌​សម្រាប់​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប ជាពិសេស​អង្ករ​គ្រាប់​វែង ដែល​គណៈកម្មការ​អឺរ៉ុប​បានដាក់​ពន្ធ​ពីលើ​។

​សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ទៀតថា សាលក្រម​ចុះ​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ របស់​សាលាដំបូង (The General Court) នៃ​សហភាព​អឺរ៉ុប​បញ្ជាក់ថា ការដាក់​ពន្ធ​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​មកលើ​អង្ករ​គ្រាប់​វែង​របស់​កម្ពុជា​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប គឺជា​វិធានការ​ខុសច្បាប់ និង​មិនមាន​ភ័ស្តុតាង​គ្រប់គ្រាន់​។

CRF បាន​បញ្ជាក់ថា​៖ «​ជោគជ័យ​នៃ​ការឈ្នះក្តី​នេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ភាពត្រឹមត្រូវ​នៃ​ការអភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក្រោម​គោលនយោបាយ​អភិវឌ្ឍន៍​ច្បាស់លាស់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​យោងតាម CRF សម្រាប់​ព័ត៌មាន​បន្ថែម អំពី​សាលក្រម​តុលាការ គេ​អាច​ស្វែងរក​នៅលើ​គេហទំព័រ https://curia.europa.eu​។

​សហភាព​អឺរ៉ុប បានសម្រេច​យកពន្ធ​អង្ករ​ដែល​នាំចូល​ពី​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​៣​ឆ្នាំ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៨ ខែមករា ឆ្នាំ​ ២០១៩ ដោយ​ក្នុង​ឆ្នាំ​ដំបូង ​(២០១៩) តម្លៃ​ពន្ធ​មាន​ចំនួន​ ១៧៥ ​អឺរ៉ូ ក្នុង​ ១ ​តោន​, ឆ្នាំ​ទី​២​តម្លៃ ១៥០​ អឺរ៉ូ​, និង​ឆ្នាំ​ទី​៣ តម្លៃ​ ១២៥ ​អឺរ៉ូ​។ ការសម្រេច​យកពន្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​តវ៉ា​ពី​សំណាក់​ប្រទេស​អ៊ីតាលី និង​ប្រទេស​អេ​ស្ប៉ា​ញ ដែលជា​ប្រទេស​នាំចេញ​អង្ករ​ទៅកាន់​អឺរ៉ុប​។​

​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​រយៈពេល ១០ ​ខែ​ ដើមឆ្នាំ​ ២០២២ កម្ពុជា បាន​នាំចេញ​អង្ករ​សរុប ៥០៩ ២៤៩ ​តោន កើនឡើង ៤៩ ០៨០​ តោន ស្មើនឹង ១០,៦៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ មាន​ចំនួន ៤៦០ ១៦៩ ​តោន​។​

​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៣៤៨ ៥០១​ តោន ស្មើនឹង ៦៨,៤៤​ ភាគរយ អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ១៤៨ ៩៣៣​ តោន ស្មើនឹង ២៩,២៤​ ភាគរយ និង​អង្ករ​ចំហុយ​គ្រប់​ប្រភេទ​មាន​ចំនួន ១១ ៨១៥​ តោន ស្មើនឹង ២,៣២​ភាគរយ​។​

​បរិមាណ​អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន ២៣ ​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១៦៥ ៦៣០​ តោន កើនឡើង ៤៣,៤៣​ ភាគរយ​, ទិសដៅ​ប្រទេស​ចិន ចំនួន ២៣១ ៨៧៣​តោន កើនឡើង ១,១៨​ភាគរយ​, ទិសដៅ​អាស៊ាន ចំនួន ៤៨ ២៥៣ ​តោន កើនឡើង ១០,១៩​ ភាគរយ​, និង​ទិសដៅ​ដទៃទៀត មាន​បរិមាណ​សរុប ៦៣ ៤៩៣ ​តោន ថយចុះ ១១,៤៨ ​ភាគរយ​៕​

អត្ថបទគួរចាប់អារម្មណ៍