ភ្នំពេញៈ ការសិក្សា​ពី​សមិទ្ធិ​លទ្ធភាព​លើ​គម្រោង​ស្ថាបនា​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់​ទៅកាន់​សមុទ្រ​​ (​ខេត្ត​កែប​) ដំណាក់កាល​ទី​ ២ គ្រោង​នឹងត្រូវ​បញ្ចប់​នៅ​ដំណាច់​ខែមករា ឆ្នាំ​ ២០២៣ ខាងមុខ ខណៈ​អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន បញ្ជាក់ថា តម្រាយ​ផ្លូវទឹក​នេះ​នឹង​ក្លាយជា​កម្លាំងចលករ​ប​ន្ថែ​ម​ទៀត​សម្រាប់​លើកកម្ពស់​វិស័យ​ដឹក​ជញ្ជូន ក៏ដូចជា​ជំរុញ​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ​(CRBC) និង​ក្រុមហ៊ុន CCCC Water Transportation Consultants Co.,Ltd បច្ចុប្បន្នកំពុង​សិក្សា​លម្អិត​ក្នុងដំណាក់កាល​ពី​ ២ លើ​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍​និង​ប្រព័ន្ធ​ភ័ស្តុ​ភារ​កម្ម​ទន្លេបាសាក់​។ គម្រោង​នេះ​ត្រូវបាន​លោកនាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន ឯកភាព​ឱ្យ​សិក្សា​កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ​ ២០២២​។​

​ក្នុង​កិច្ចពិភាក្សា​ពិគ្រោះ​យោ​​ប​ល់​ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​លទ្ធផល​ការសិក្សា​សមិទ្ធ​លទ្ធ​ភាព​លើ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេ​បា​​សាក់ ជាមួយ​ក្រុមហ៊ុន​ទាំង ​២ ខាងលើ កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ បានឱ្យដឹងថា រហូតមកដល់​ពេលនេះ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រ​ព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់​កំពុងស្ថិត​ក្នុងដំណាក់កាល​ទី ២ នៃ​ការសិក្សា​សមិទ្ធ​លទ្ធភាព ហើយ​គ្រោង​បញ្ចប់​ការសិក្សា​ឱ្យបាន​រួចរាល់ និង​គ្រប់​ជ្រុង​​ជ្រោយ នៅ​ដំណាច់​ខែមករា ឆ្នាំ​ ២០២៣ ខាងមុខ​។​

​លោក​លើកឡើងថា គម្រោង​នេះ មាន​សារៈសំខាន់​ជា​ប្រវត្តិ​សាស្ត្រ ហេតុនេះ​សូមឱ្យ​ក្រុម​ការងារ​បច្ចេកទេស​ទាំង​អស់​បន្ត​ខិតខំ​អនុវត្ត​ការសិក្សា​លម្អិត​ឱ្យបាន​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ឱ្យបាន​ច្រើន​ជា​អតិបរមា​។​

​ប្រធាន​សមាគម​ភ័ស្តុភា​រកម្ម​​កម្ពុជា លោក ស៊ិន ច​ន្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៥ ខែធ្នូ​ថា គម្រោង​ស្ថាបនា​ផ្លូវ​នា​វាច​រណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ទៅ​សមុទ្រ​ គឺ​ពិតជា​រួមចំណែក​យ៉ាងច្រើន​ដល់​វិស័យ​ដឹកជញ្ជូន​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ព្រោះ​ប​ច្ចុ​ប្បន្ន​ការដឹក​ទំនិញ​តាមផ្លូវ​ទឹក​ពី​កំពង់ផែ​ភ្នំពេញ​ទៅ​កំពង់ផែ​សមុទ្រ គឺត្រូវធ្វើ​ឡើង​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​វៀតណាម​។​

​លោក​ថ្លែងថា​៖ «​ក្នុងនាម​អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន​យើង​សង្ឃឹមថា ផ្លូវទឹក​ដែល​រដ្ឋា​ភិ​បាល​កំពុង​សិក្សា​នេះ​នឹង​អាច​ចាប់ផ្ដើម​សាងសង់​នៅពេល​ឆាប់ៗ ដែល​វា​នឹង​ផ្តល់នូវ​ផល​ចំណេញ​យ៉ាងច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​»​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​ប្រាប់ថា គម្រោង​នេះ​នឹង​ដើរតួនាទី​ជា​ច្រក​ដ៏​សំខាន់​ក្នុង​ការតភ្ជាប់​ទំនិញ​សំខាន់ៗ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ រួម​ទាំង​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​ផងដែរ​។​

​លោក​អះអាងថា​៖ «​ផ្លូវទឹក​នេះ​នឹង​ក្លាយជា​ចំណែក​សំខាន់​សម្រាប់​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ នៅពេល​ផ្លូវ​នេះ​បើក​វា​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅតាម​ផ្លូវថ្នល់ និង​ជួយ​សន្សំ​ថវិកា​ពី​ការខូចខាត​ផ្លូវថ្នល់​ផងដែរ​»​។​

​លោក​បន្តថា នៅពេល​មាន​ផ្លូវទឹក​ត​ភ្ជាប់​ពី​កំពង់ផែ​ភ្នំពេញ​ទៅកាន់​សមុទ្រ វា​នឹងចូលរួម​ចំ​​ណែ​ក​យ៉ាងច្រើន​ដល់​ការដឹក​ជញ្ជូន​កសិផល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

​បើតាម​ក្រសួង​សាធារណការ គម្រោង​ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេ​បាសាក់ ត្រូវបាន​សិក្សា​នៅក្នុង​គោលបំណង​ដើម្បី​ជំរុញ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ឱ្យមាន​សម្ទុះ​កើនឡើង មាន​ប្រសិទ្ធភាព​ខ្ពស់ នឹង​អាចជួយ​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃដើម​ការដឹក​ជញ្ជូន និង​ភ័ស្តុភារ​កម្ម​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ជាង​មុន​។ វា​ក៏​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​នៃ​ការដឹកជញ្ជូន​ធុន​ធ្ងន់​តាមផ្លូវ​ថ្នល់ ព្រមទាំង​ងាយស្រួល​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​ប្រទេស​ជួយ​ពង្រឹង និង​ពង្រីក​ការ​​ត​ភ្ជាប់​តំបន់ និង​អន្តរជាតិ​៕​