ភ្នំពេញៈ ក្រុមហ៊ុន​សិលា​​ផេ​ប​ភើរ​ជា​ក្រុមហ៊ុន​ដែល​ផ្ដោតលើ​ការកែច្នៃ​ម្រេច​ទៅជា​ផលិត​ផល​សម្រេច ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ខណៈដែល​បច្ចុប្បន្ន​ក្រុម​​ហ៊ុន​នេះ​បាននិងកំពុង​បន្ត​នាំ​ចេញ​ផលិត​ម្រេច​ទៅកាន់​បណ្តា​ប្រទេស​ជាច្រើន​។

​ស្ថាបនិក​ក្រុមហ៊ុន​សិលា​ផេ​ប​ភើរ (Sela Pepper) ខូ​អិ​ល​ធី​ឌី បានឱ្យដឹងថា ការ​ចាប់យក​ទីផ្សារ​អន្តរជាតិ​ គឺអាស្រ័យ​លើ​ស្តង់ដា ចំណីអាហារ​ដែល​ក្រុមហ៊ុន​សិលា​ផេ​ប​ភើរ​មាន ដូច្នេះហើយ​ក្រុម​ហ៊ុន​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង គុណភាព​ដើម្បីឱ្យ​ស្របទៅនឹង​លក្ខខណ្ឌ​ស្តង់ដា​អន្តរជាតិ​។

​អ្នកនាង ស៊ឹង សុ​ផា នាយិកា​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​សិលា​ផេ​ប​ភើរ ឱ្យដឹងថា កន្លងមក​ក្រុមហ៊ុន សម្រេចបាន​នូវ​វិញ្ញាបនបត្រ​សុវត្ថិភាព​និង​ស្តង់ដា​អន្តរជាតិ​ដូចជា BRC, Sedex ( SMETA 4 Pillars ) ISO 22000, ISO 140001 , ISO 9001, OU and Halal និង Organic ( EU, USDA & JAS)​។ នៅក្នុង​ឆ្នាំ​​​ ២០២៣ ឆាប់ៗ​ខាងមុខ ក្រុមហ៊ុន​ក៏មាន​គម្រោង​បន្ត​យក​ស្តង់ដា Rain Forest Alliance ផងដែរ​ដោយ​មើលឃើញ​ការ​ព្រួយ​បារម្ភ​របស់​សកលលោក អំពី​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ និង​តម្រូវការ​ទីផ្សារ​។

​អ្នកនាង ស៊ឹង សុ​ផា បញ្ជាក់ថា ផលិតផល​ម្រេច​របស់​ក្រុម​​ហ៊ុន Sela Pepper បាន​លេច​​ឡើង​នៅលើ​ទីផ្សារ​ប្រទេស​ជា​ច្រើន​ដូចជា នៅ​ប្រទេស​ជប៉ុន ៥០០ ​កន្លែង និង online platform, ប្រទេស​ប៉ូឡូញ ក្នុង​ទីក្រុង​វ៉ា​សូវី ប្រទេស​កូរ៉េ ប្រទេស​ថៃ ហុងកុង​។ ក្រុមហ៊ុន​ក៏បាន​នាំ​ចេញ​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច​ទៅ​ប្រទេស​អាល្លឺម៉ង់ វៀតណាម និង​តៃវ៉ាន់​ផងដែរ​។​

​នាយិកា​ក្រុមហ៊ុន​រូបនេះ​បន្តថា​៖ «​ក្នុង​ឆ្នាំ​ ២០២៣​ យើង​មាន​គម្រោង​ជំរុញ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន ប្រទេស​កូរ៉េ ប្រទេស​ជប៉ុន និង​សហគមន៍ អឺរ៉ុប ហើយ​ក្រុមហ៊ុន​នឹង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ជាមួយ​កសិករ​ដាំ​ម្រេច ដើម្បី​ធានាបាន​នូវ​ផលិតផល​ដែលមាន​គុណភាព​ល្អ​ដាច់​គេ​»​។​

​ចំពោះ​ទីផ្សារ​ក្នុងស្រុក​វិញ អ្នកនាង ស៊ឹង សុ​ផា បាន​មានប្រសាសន៍ថា​៖ «​យើង​សង្កេតឃើញថា ទីផ្សារ​ក្នុងស្រុក​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយសារតែ​ប្រជាជន​ចាប់ផ្ដើម​យល់ដឹង​ពី​សុវត្ថិភាព​ចំណី​អា​ហារ និង​បង្កើន​នូវ​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​។ ម្យ៉ាងទៀត​ក៏ដោយ​សារ​កា​ររ​រីកចម្រើន​នៃ​វិស័យ​កែច្នៃ​ចំណីអាហារ​ផង​ដែរ​»​។

​នាយិកា​ក្រុមហ៊ុន​ដដែល​នេះ បាន​រៀបរាប់​អំពី​សកម្មភាព​នានា​ដែល​ក្រុមហ៊ុន​តែងតែ​ធ្វើ​ដើម្បី​ពង្រឹងគុណភាព​ម្រេច​ដូចជា ចុះ​តាមដាន​ពី​ការដាំដុះ និង​ប្រមូល​ផល បង្ហាត់បង្ហាញ​ពី​ការថែទាំ កត់ត្រា​ពី​បញ្ហា​ដែល​កសិករ​ជួបប្រទះ​ព្យាយាម ស្វែងរក​ជំនួយ និង​ជំនាញ​បច្ចេកទេស​ផ្សេងៗ​សម្រាប់​វិស័យ​ម្រេច និង​ការកែច្នៃ​ដាក់​នូវ​កិច្ចសន្យា​កសិកម្ម និង​ផ្ដល់​តម្លៃ​ខ្ពស់​ទៅលើ​ផលិតផល​ល្អ ព្រមទាំង​បង្កើតឱ្យមាន​ការ​ចូលរួម​ផ្ដល់​មតិយោបល់​លើបញ្ហា​ម្រេច​ទូទៅ​ផងដែរ​។​

​អ្នកនាង​ក៏​មិន​ភ្លេច​រំលេច​ពី​ការខិតខំ​ប្រឹងប្រែង​និង​ការជួយជ្រោមជ្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការបើក​ទីផ្សារ​ដ៏​ធំ​ទៅកាន់​ប្រទេស​ចិន និង​ទីផ្សារ​ដទៃ​ទៀត ដូចជា FTAKorea, RCEP, UEA ដែល​កំពុងធ្វើការ​ចរចា​ផងដែរ​។

​នៅ​កម្ពុ​ជាមាន​ផ្ទៃដី​ចម្ការ​ម្រេច​ប្រហែល ៦ ០០០ ហិកតា នៅក្នុង​ខេត្ត​ចំនួន​ ១៨ ដែល​ក្នុង​នោះ​ចម្ការ​ម្រេច​មាន​ច្រើន​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​៕