ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ថ្លែងថា ក្នុង​ឆ្នាំ​ ២០២៣ ចំនួន​អ្នកដំណើរ​នឹងមាន​ការកើនឡើង​រហូត​ជាង ៤​ លាន​នាក់ បើទោះបី​គិត​មកដល់​ខែមករា ឆ្នាំ​២០២៣ នេះ ការហោះហើរ​រវាង​ប្រទេស​ចិន និង​កម្ពុជា មិនទាន់មាន​ការវិវត្ត​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយក៏ដោយ​។ នេះ​បើតាម លោក​ស៊ីន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ឱ្យដឹងពី​ស្ថានភាព​នៃ​វិស័យ​អាកាសចរណ៍​រយៈពេល ១២ ខែ​ឆ្នាំ​២០២២​កន្លងមក​។​

​លោក ថ្លែងថា គិត​មកដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​រយៈ​ពេល១២​ខែ (​មករា​-​ធ្នូ​) មាន​អ្នកដំណើរ ចំនួន​ជាង ២ លាន​នាក់ ដែល​ក្នុងនោះ​មានការ​កើនឡើង​ជិត ៩០០% បើ​ធៀប​ទៅនឹង​រយៈពេល​១២​ខែ ដូចគ្នា​(​មករា​-​ធ្នូ​) នៅ​ឆ្នាំ​២០២១​ហើយ​បើ​ធៀប​ទៅនឹង រយៈពេល​១២​ខែ​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៩ អ្នកដំណើរ មាន​ចំនួន​ប្រមាណ​តែ​២៥% ប៉ុណ្ណោះ នៃ​ឆ្នាំ​២០១៩​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​បន្ថែមថា ចំនួន​ជើងហោះហើរ​មាន​ចំនួន​ជិត ៣ ម៉ឺន​ជើង ក្នុងនោះ​មានការ​កើនឡើង​ជាង​២៦០% បើ​ធៀប​ទៅនឹង​រយៈពេល​១២​ខែ​ដូចគ្នា​(​មករា​-​ធ្នូ​) នៅ​ឆ្នាំ​២០២១, បើ​ធៀប​ទៅនឹង រយៈពេល​១២​ខែ​ដូចគ្នា​នៅ ឆ្នាំ​២០១៩ គឺ ចំនួន​ជើងហោះហើរ មាន​ចំនួន​ប្រមាណ​តែ​២៨% ប៉ុណ្ណោះ​នៃ​ឆ្នាំ​២០១៩។

​យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បានឱ្យដឹងថា កាលពី​ខែសីហា ឆ្នាំ​២០២២ កន្លងមក​(​មុន​ថ្ងៃទី​៨ ខែមករា ២០២៣) ជើងហោះហើរ​រវាង​ចិន និង​កម្ពុជា មាន​ចំនួន​៣០​ជើង​ក្នុង​១​សប្តាហ៍ (​កូតា​កំណត់ដោយ​ភាគី​ចិន​) មានន័យថា​ក្រុមហ៊ុន​អាកាសចរណ៍​ខ្មែរ​អាច​ហោះ​ទៅ​ប្រទេស​ចិន​ចំនួន​១៥​ជើង​ក្នុង​១​សប្តាហ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​អាចធ្វើ​ការហោះហើរ​មកកាន់​ប្រទេស​កម្ពុជា ចំនួន​១៥​ជើង​ក្នុង​១​សប្តាហ៍​ដូចគ្នា​ផងដែរ​ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​៦​ក្រុមហ៊ុន​ដែល​កំពុង​ហោះហើរ​ចេញ​-​ចូល​កម្ពុជា មកពី​៧​គោលដៅ (destinations)​។

​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ចិន​បានប្រកាស​បើក​ប្រទេស ចាប់ពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២២ ក្រុមហ៊ុន​ទេសចរណ៍​ចិន​មួយចំនួន បានបង្ហាញ​ពី​និន្នាការ​ត​ភ្ជាប់​ជើងហោះហើរ​ឡើងវិញ តែ​យ៉ាងណាមិញ​មិនទាន់​ប្រាកដប្រជា​នោះទេ ដោយសារ​ពួកគេ​មិនទាន់​ស្នើសុំ​ការអនុញ្ញាតចុះចត​ជាក់លាក់​នៅឡើយ។​

លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​ថ្លែងថា​៖ «​កម្ពុជា​ស្វាគមន៍​នូវ​ការហោះហើរ​របស់​ចិន​មក​កម្ពុជា ហើយ​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​សម្រួល​នូវ​វិធានការ​ផ្សេងៗ ដើម្បី​បើកទូលាយ​ទទួល​ធុរជន និង​ភ្ញៀវទេសចរ​ចិន​ពេលមកដល់​កម្ពុជា​។ ជាទូទៅ​យើង​បានដឹងហើយថា បន្ទាប់ពី​ថ្ងៃទី​៨ ខែមករា ប្រទេស​ចិន​បើកចំហ​ទីផ្សារ​របស់គាត់ ឱ្យ​អ្នកដំណើរ​របស់គាត់​ហោះ​ចេញចូល​ធម្មតា ទៅកាន់​ទិសដៅ​ដែល​គាត់​ចង់ទៅ ដោយឡែក​ប្រទេស​កម្ពុជា ក៏បាន​ស្វាគមន៍​ដល់​ការតភ្ជាប់​ការហោះហើរ​ឡើងវិញ របស់​ក្រុមហ៊ុន​ចិន ពី​ខេត្ត​ទាំងឡាយណា​ដែលមាន​សក្តានុពល​មក​ប្រទេស​កម្ពុជា​»​។​

​ លោក​បាន​បន្តថា ៖«​យើង​ពិនិត្យ​មើលឃើញ​មាន​និន្នាការ​ស្នើសុំ​ទី​ចំណត​បម្រុង​ឡើងវិញ តែ​យើង​មិនអាច​រាប់​បានទេ ដោយសារ​ការសុំ​ទី​ចំណត​បម្រុង មិនមែនជា​សូចនាករ​ជាក់លាក់​នោះទេ យើង​រង់​ចាំមើល​ការស្នើសុំ​ការអនុញ្ញាតចុះចត​សិន នេះ​ទើប​អាច​រាប់បាន​ថា ជា​ចំនួន​ជាក់លាក់​»​។​

​ ជាមួយនឹង​ការលុបចោល​នូវ​គោលនយោបាយ​សូន្យ​កូ​វីដ (​គ្មាន​ការកំណត់​កូតា​ទៀតឡើយ​) លោក ស៊ីន ចាន់​សិរី​វុត្ថា ថ្លែង​ដោយ​រំពឹងទុក​ថា ជើងហោះហើរ រវាង​ចិន និង​កម្ពុជា នឹងមាន​ការកើនឡើង​ជា​លំដាប់​បន្ទាប់ពី​ចូលឆ្នាំ​ចិន​រួច​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​កាលពី​ពាក់កណ្តាល ឆ្នាំ​២០២២ កន្លងទៅ ក៏បាន​ស្នើ​ឲ្យ​ប្រទេស​ចិន បង្កើន​ចំនួន​ជើងហោះហើរ​រវាង​ប្រទេស​ទាំង​២ ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា ខណៈដែល​លោក វ៉ាង យី បាន​ឆ្លើយតប​ថា ជើងយន្តហោះ បាន​ត្រឡប់មក​ធម្មតា​វិញ​ហើយ ហើយ​ចិន នឹង​ពិចារណា​ក្នុងការ​បង្កើន​ជើងហោះហើរ​រវាង​ប្រទេស​ទាំង​២​ផងដែរ​។​

​សូម​រំ​ឭក​ផងដែរ​ថា រដ្ឋាភិបាល​ចិន​បានប្រកាស​បិទ​បញ្ចប់​ការតម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ចូលមកក្នុង​ប្រទេស ចាប់ពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៣ តទៅ ដែល​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការបើក​ប្រទេស​ឡើងវិញ គិត​ចាប់តាំងពី​បាន​បិទ​ច្រកទ្វារ​អន្តរជាតិ​១ផ្នែកធំ​កាលពីដើមឆ្នាំ​២០២០​កន្លងមក​៕