​ភ្នំពេញ​៖ ​ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​លើកឡើងថា ខ្លួន​កំពុង​ពិចារណា​កាត់បន្ថយ​ពន្ធ លើ​ទំនិញ​មួយចំនួន ដែល​ជ្រោមជ្រែង​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ការជួយ​លើកស្ទួយ​វិស័យនេះ​ឱ្យមាន​លទ្ធភាព​បន្ថែមទៀត​ក្នុងការ​ជំរុញ​ផលិតកម្ម​និង​សេវាកម្ម​របស់ខ្លួន​ដើម្បី​មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន​។​

​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ កាលពី​សប្ដាហ៍​មុន​ថា អគ្គនាយកដ្ឋាន​គយ​នឹង​ពិចារណា​ក្នុងការ​បន្ថយពន្ធ​លើ​មុខទំនិញ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ទំនិញ​បម្រើ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) វិស័យ​ផលិតកម្ម និង​វិស័យ​កសិឧស្សាហកម្ម នៅ​ឆ្នាំ​២០២៣​នេះ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ ដែលជា​វិស័យ​អាទិភាព​។​

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុងតែ​ជួប​ការលំបាក និង​កំពុង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ រដ្ឋ​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​បន្ធូរបន្ថយ​បន្ទុក​ពន្ធ​លើ​មុខទំនិញ ប្រើប្រាស់​ជា​ចាំបាច់​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ មានដូចជា​ម្ហូបអាហារ របស់របរ​ប្រើប្រាស់​មួយចំនួន ព្រោះ​បន្ទុក​ពន្ធ​ចុងក្រោយ​បំផុត គឺ​ធ្លាក់​បន្ទុក​ទៅលើ​អ្នកប្រើប្រាស់​ទាំងអស់គ្នា ជា​អ្នក​បង់ពន្ធ​» ។​

​លោក​បន្ថែមថា ក្រុម​ទំនិញ​ដែល​បម្រើឱ្យ​វិស័យ SME វិស័យ​ផលិតកម្ម និង​កសិឧស្សាហកម្ម គយ​ក៏​នឹង​ពិចារណា​ក្នុងការ​កាត់បន្ថយ​ពន្ធ​ផងដែរ ដើម្បី​ជួយ​សម្រួល​បន្ទុក​របស់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​ផលិតកម្ម​។​

​បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ ខាង​គយ​នឹង​លើកសំណើ​នេះ ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​កាត់បន្ថយ​អត្រាពន្ធអាករ​មួយចំនួន​។ លោក​បន្ថែមថា ៖«​សម្រាប់​ឆ្នាំ​២០២៣​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹងមិន​លើកសំណើ​កែប្រែ​អាករ​ពិសេស លើ​មុខទំនិញ​ដែល​នឹង​បន្ថែម​បន្ទុក ទៅលើ​អ្នកប្រើប្រាស់​នោះទេ បើសិន​ជាមាន គឺ​តិចតួច​បំផុត យើង​សុខចិត្ត​ទ្រាំទ្រ​ពី​ការបាត់បង់​ពន្ធគយ ពី​ការអនុវត្ត​កាតព្វកិច្ច​របស់​យើង ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី តែ​ទន្ទឹម​នោះ យើង​ក៏​មិន​បន្ថែម​បន្ទុក ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​យើង កំពុងស្ថិត​ក្នុងស្ថានភាព​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩​ទេ​»​។

​បច្ចុប្បន្ន អគ្គ នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កំពុងតែធ្វើការ​ក្នុង​កែសម្រួល​អត្រាពន្ធអាករ លើ​មុខទំនិញ​មួយចំនួន ដែល​ការកែសម្រួល​នេះ គឺ​មិន​សំដៅលើ​ការដំឡើង​ពន្ធ​នោះទេ គឺ​សំដៅទៅ​កាត់បន្ថយ​ពន្ធ​នាំចូល​។​

​លោក តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា បើសិនជា ខាង​គយ និង​រដ្ឋាករ មានការ​បន្ធូរបន្ថយ​ពន្ធ​នាំ​ទំនិញ ដែល​បម្រើ​ដល់​វិស័យ​SME ពិតប្រាកដ​មែន ពិតជា​នឹង​អាចជួយ​សម្រួល​បាន​ច្រើន ដល់​ម្ចាស់​SME ទាំងអស់ នៅក្នុង​កាលៈទេសៈ​នេះ។​

​លោក​បាន​បន្ថែមថា គោលនយោបាយ​ឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាល ជំរុញឱ្យមាន​ការកែច្នៃ​ច្រើន​ពី​ផលិតផល​កសិកម្ម ដើម្បី​ទៅជា​ចំណីអាហារ ដូចនេះ​រាល់​វត្ថុធាតុដើម​ផ្សេងៗ​ទៀត ដែល​នាំចូល​ពី​ក្រៅ​មក សម្រាប់​បម្រើ​ការឱ្យ​ការផលិត​នេះ គួរ​មានការ​បន្ធូរ​បន្ថយពន្ធ​លើ​ផលិតផល​ទាំងនោះ។

​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖« ក្រៅពី​ការបន្ធូរបន្ថយ​ពន្ធ​ហើយ ខ្ញុំ​យល់ថា ដើម្បី​លើកស្ទួយ​ផលិតផល​ក្នុងស្រុក និង​ជំរុញឱ្យមាន​ការប្រើប្រាស់​ផលិត​ក្នុងស្រុក​កាន់តែច្រើន ទើប​អាច​លើកស្ទួយ​អ្នក​នៅក្នុង​វិស័យ​SME​បាន​។​ម្យ៉ាងវិញទៀត វា​ក៏​ស្រប​នឹង​គោលនយោបាយ​របស់​រាជ​ដ្ឋា​ភិ​បាល ដែល​ដាក់​ចេញមក ដោយ​ត្រូវ​ធ្វើយ៉ាងណា​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​សម្រេច​ឱ្យបាន​ច្រើន​។ ហើយ​បើសិនជា​នាំ​ចូលមក ត្រូវមាន​ការបង់ពន្ធ​ឱ្យបាន​ត្រឹមត្រូវ​»​។​

​បន្ទាប់ពី​កម្ពុជា​បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដូចជា​កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េ​ជាដើម បានធ្វើឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ពន្ធគយ លើ​ទំនិញ​នាំចូល​មួយផ្នែក ប៉ុន្តែ​កន្លងមក​គយ​បាន​ពិនិត្យ និង​ដំឡើង​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​មួយចំនួន ដោយ​ផ្តោតលើ​មុខទំនិញ​ប្រណីត និង​ទំនិញ​ដែល​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន ដូចជា បារី ស្រា ជាដើម​៕