ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គាំទ្រ​ការពង្រីក​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​របស់​ក្រុមហ៊ុន​ឯកជន ដោយ​ផ្ដល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ត្រូវ​រក​ជួល​ដី​ប្រជាពលរដ្ឋ​ ដើម្បី​ដាំ​ស្មៅ​ជា​ចំណី​គោ ព្រោះ​បច្ចុប្បន្ន ក្រសួង​មិនមាន​ដី​សម្បទាន​ផ្ដល់ឱ្យ​ក្រុមហ៊ុន​ទេ​។

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ក្នុងជំនួប​ពិភាក្សា​ជាមួយ​តំណាង​ក្រុម​​ហ៊ុន​ចិញ្ចឹម​គោ​យក​ទឹកដោះ MOMO FARM នៅ​ទី​ ១៨ ខែមករា ឆ្នាំ​ ២០២៣ ដោយ​ក្រុមហ៊ុន​បង្ហាញ​ពី​គោលបំណង​ចង់​ពង្រីក​ផ្ទៃដី​ផលិតកម្ម​របស់ខ្លួន​។​

​យោងតាម​គេហទំព័រ​របស់​ក្រសួង​​កសិកម្ម​ផ្សាយ​នៅ​ថ្ងៃទី ​១៨ ខែមករា ក្រោយពី​ជំនួប​នោះបាន​ឱ្យដឹងថា​៖ «​ឯក​ឧ​ត្ត​ម​រដ្ឋមន្ដ្រី​ផ្ដល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​ជាមួយ​ពលរដ្ឋ​ដែលមាន​ដី​សម្រាប់ធ្វើ​ការដាំ​ស្មៅ​សម្រាប់​ជា​ចំណី​សត្វ​។ ក្រសួង​នឹង​ជួយ​សម្របសម្រួល ជំរុញ​ការពង្រីក​ផលិតកម្ម​គោ​យក​ទឹកដោះ​នេះ ព្រោះ​បរិមាណ​គោ​យក​ទឹកដោះ​ទូទាំងប្រទេស​មាន​ប្រមាណ​ត្រឹម ​១ ០០០ ​ក្បាល​ប៉ុណ្ណោះ​»​។

​គេហទំព័រ​នេះ​បានឱ្យដឹងថា ក្នុងជំនួប​នោះ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ប្រាប់​ក្រុមហ៊ុន​ថា បច្ចុប្បន្ន​ក្រសួង​មិនមាន​ការផ្តល់​ដី​សម្បទាន​ជូន​ក្រុមហ៊ុន​ឯកជន​ទៀត​ទេ នេះ​គឺ​ស្របតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ កាលពី​ឆ្នាំ ​២០១២​។

​គេហទំព័រ​នេះ​បញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន MOMO FARM មាន​សមត្ថ​​ភាព​ផលិត​ទឹកដោះគោ​ស្រស់​ដល់​ពាន់​លីត្រ ក្នុង​ ១ ថ្ងៃ​។ ក្រុមហ៊ុន​មាន​ផែនការ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ទឹកដោះគោ​ស្រស់​ក្នុងស្រុក ដោយ​ក្រុមហ៊ុន​ត្រូវការ​ដី​បន្ថែម​ប្រមាណ ១​ ម៉ឺន​ហិកតា​នៅ​មណ្ឌលគិរី សម្រាប់​ដំណើរ​ការផលិត​កម្មនេះ​។

​លោក វ៉ាន់ សំអឿន អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ម៉ូម៉ូ ​ហ្វា​ម បានឱ្យដឹង នៅ​ថ្ងៃទី ​១៩ ខែមករា​ថា ការស្វែងរក​ដី​សម្រាប់​ធ្វើ​អាជីវកម្ម​បន្ថែម​នៅ​ខេត្ត​មណ្ឌលគិរី​អាចជា​ទីតាំង​ ១ ​ប្រើប្រាស់​ដាំ​ដំណាំ​ផ្សេងៗ មានទឹក​គ្រប់គ្រាន់ អំណោយផល​ដល់​ការធ្វើ​អាជីវកម្ម​ចិញ្ចឹម គោ​យក​ទឹកដោះ​បាន​។ ដោយឡែក​ចំពោះ​ការស្វែងរក​ដៃគូ​ដោយ​សហ​​ការ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​យក​ដី​ដាំ​ដុះ​ស្មៅ​ចំណី​គោ​នោះ ក្រុមហ៊ុន​កំពុង​ខំប្រឹង​ធ្វើការ​ងារ ប៉ុន្តែ​នៅ​មិនទាន់បាន​ផល​អ្វី​ជា​ដុំកំភួន​នៅឡើយ​។​

​លោក​ថ្លែងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ ម៉ូម៉ូ ហ្វា​ម ចិញ្ចឹម​គោ​យក​ទឹកដោះ​មាន​ទី​​តាំងតែ​ ១ ​កន្លែង​គត់​គឺ​នៅ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល នៅជាប់​នឹង​ក្បែរ​កំពង់ដ​អរិយ​ក្សត្រ​។​

​លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​យើង​មាន​គោ​សរុប​ទាំងអស់ ១១៣ ក្បាល គោ​បូម​យក​ទឹកដោះ​មាន​ ៤១ មេ​ក្រមុំ​មាន ​៣៥ គោ​ផើម​មាន​ ២២ កូន​គោ​ញី​ដែល​ជិត​ពេញក្រមុំ​មាន ​៩ និង​កូន​គោ​ឈ្មោល​មាន ៦ ​ក្បាល​។ ក្នុង ​១ ​ថ្ងៃ ​យើង​ផលិត​ទឹកដោះគោ​បាន ៨០០ ទៅ ១ ០០០ ​លីត្រ​»​។

​លោក​ថ្លែងថា ទឹកដោះគោ​ស្រស់​ដែល​ក្រុមហ៊ុន ម៉ូម៉ូ ​ហ្វា​ម ​ផលិត​មាន​អាយុកាល​ខ្លី​ជាង​ផលិតផល​នាំចូល ដោយសារតែ ក្រុមហ៊ុន​បាន​បន្សុទ្ធ​ទឹក​​ដោះ​គោ​ហើយ​វេច​ខ្ចប់​សម្រាប់​ដាក់លក់​លើ​ទីផ្សារ​ដោយ​គ្មាន​ការ​លាយ​សារធាតុ​ ឬគ្រឿងផ្សំ​ផ្សេងៗ ដើម្បី​រក្សាទុក​យូរ​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​កត់សម្គាល់​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ចាប់ផ្តើម​ចាប់អារម្មណ៍​គាំទ្រ​ផលិត​​ផល​ទឹកដោះគោ​ស្រស់ ខ្ញុំ​សប្បាយចិត្ត​ជាង​មុន​ព្រោះ​ដោយសារ ពេលដែល​គាត់​ញ៉ាំ​ទឹកដោះគោ​យើង​ហើយ​​ គឺ​គាត់​ព្យាយាម​តាមរក​ទិញ​ទៀត ទោះបីជា​យើង​អត់​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ​ក៏ដោយ​»​។ ការផលិត​ទឹកដោះគោ​ស្រស់​ក្នុងស្រុក​ក៏មាន​សម្ភារ​បច្ចេកទេស និង​គ្រឿងចក្រ​សុទ្ធតែ​ទំនើប​៕