រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បានធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Sela Pepper ដែលជា​ក្រុមហ៊ុន​ផលិត​ម្រេច​សរីរាង្គ​ស្ថិតនៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ស្វែងយល់​ពី​ខ្សែ​ច្រវាក់​នៃ​ផលិតកម្ម​តាំងពី​ការសម្អាត​រហូត ដល់​ការ​វេច​ខ្ចប់ ព្រមទាំង​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ម្រេច​សរីរាង្គ និង​បាន​ជំ​រុញឱ្យ​ពិនិត្យ​គុណភាព​ម្រេច​នៅ​មន្ទីរពិសោធន៍​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ធ្វើការ​នាំចេញ​។​

​លោក​បាន​លើកឡើងថា​៖«​ម្រេច​សរីរាង្គ​ខ្មែរ​មានការ​ពេញនិយម​មាន​តម្រូវការ​ខ្ពស់ និង​ទាមទារ​ការផ្សព្វផ្សាយ​បន្ថែម​ឱ្យ​កាន់តែ​ទូលំទូលាយ ដោយបាន​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យធ្វើ​ការដាំ​ម្រេច​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ទទួលបាន​គុណភាព​ស្តង់ដា​ល្អ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ និង​មានតម្លៃ​ខ្ពស់​»​។

​នាឱកាស​នោះ លោក​បាន​ស្នើឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ឱ្យ​យកចិត្តទុកដាក់​ពន្យល់ ណែនាំ ដើម្បីឱ្យ​ពួកគាត់​អាច​ទទួល​វិញ្ញាបនបត្រ​ការអនុវត្ត​កសិកម្ម​ល្អ GAP នាពេល​ខាងមុខនេះ​។​

​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ការនាំចេញ​ម្រេច​ទៅកាន់​ប្រទេស​ទាំង​២០​នៅ​ជុំវិញ​ពិភពលោក ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ សម្រេចបាន​ក្នុង​បរិមាណ ៨ ៣០៣,៩២​តោន ថយចុះ​ជាង​៧០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២១ ដែល ម្រេច​នាំចេញ​បាន​ចំនួន ២៧ ៧៣០,០៧​តោន​។

​លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះ​នៃ​ការនាំចេញ​ម្រេច​នេះ គឺ​ដោយសារ​កត្តា​តម្លៃ បើ​ប្រៀបធៀប​ឆ្នាំ​២០២២ ទៅនឹង​ឆ្នាំ​២០២១ ឃើញថា តម្លៃ​ខុសគ្នា​ច្រើន និង​កត្តា​មួយទៀត ដោយសារតែ​សេដ្ឋកិច្ចពិភពលោក​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ ដែល​បានឱ្យ​ចរាចរណ៍ នៃ​ការដើរ​កម្សាន្ត​របស់​ទេស​ចរ​ក្នុង​ពិភពលោក ថយចុះ ហើយ​បើ​គ្មាន​ភ្ញៀវទេសចរ​ទេ ការបញ្ជាទិញ​គ្រឿង​បរិភោគ ដូចជា​ម្រេច​ជាដើម ក៏​ថយ​ទៅតាម​នោះដែរ​។​

​លោក​បានបញ្ជាក់​៖«​ជាធម្មតា​ទេ កសិករ​តែងតែ​ទទួលផល​ប៉ះពាល់​ហើយ នៅពេល​ការលក់​ចេញ​ថយចុះ​បែបនេះ គ្រាន់តែ​មិន​ច្រើនពេក​នោះទេ ព្រោះថា​កសិករ​ដែល​ស្តុក​ម្រេច​ទុក​ភាគច្រើន​គាត់​បាន​យល់ដឹង​ច្រើន ពី​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​ចំណូល​ចំណាយ និង​អាច​ដោះស្រាយបាន​បញ្ហា​ចំពោះមុខ​។​ចំណែក​កសិករ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែលមាន​ផលប៉ះពាល់​ដោយសារ​បញ្ហា​ការ​បង្វិល​ថវិកា​»​។

​បើតាម ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​រូបនេះ នៅមុន​ពេល​មាន​វិបត្តិ​កូ​វីដ​១៩ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ម្រេច​សរុប​មាន​ប្រមាណ ជិត​៧០០០​ហិកតា តែ​បច្ចុប្បន្ននេះ​បាន​ថយចុះ​ប្រមាណ​១០​ទៅ​២០%​។ លោក​អះអាងថា ការដាំដុះ​ម្រេច​គឺ​ភាគច្រើន សម្រាប់​បំពេញតម្រូវការ​ការនាំ​ចេញ​ប៉ុណ្ណោះ ដោយសារ​ការប្រើប្រាស់​ម្រេច​ក្នុងស្រុក​មាន​តិចតួច​ប្រមាណ​៥%​ទៅ​៧% ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ បើ​ធៀប​នឹង​ចំនួន​ម្រេច​ដែល​ផលិត​បាន​សរុប​។

​សូមជម្រាបថា ប្រទេស​កម្ពុជា មាន​ខេត្ត​ចំនួន​១៨ ដែលមាន​ការដាំដុះ​ម្រេច នៅក្នុង​នោះ​ខេត្ត ដែល​សម្បូរ​ការដាំដុះ​ម្រេច​ច្រើន​ដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និង​កំពត​ជាដើម​៕