ភ្នំពេញៈ តាមរយៈ​គោល​នយោបាយ​ស្វាយចន្ទី​របស់​រាជរដ្ឋាភិបាល ​ដែល​ទើបតែ​បានដាក់​ចេញ​ឱ្យ​អនុវត្ត​កាលពី​ពេលថ្មីៗ​នេះ ​កម្ពុជា​បានកំណត់​គោល​ដៅ​ធ្វើយ៉ាង​ណា ​កែច្នៃ​ទិន្នផល​គ្រាប់​ស្វាយចន្ទី​របស់​ខ្លួន​ ឱ្យបាន​ដល់​ ២៥ ភាគរយ ​នៃ​ទិន្នផល​សរុប ​សម្រាប់​នាំចេញ​ទៅលក់​នៅលើ​ទីផ្សារ​អន្តរជាតិ​នៅ​ត្រឹម​ឆ្នាំ ២០២៧ ​ខណៈ​បច្ចុប្បន្ន ​កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ភាគ​ច្រើន។

លោក​វ៉ា រុតសាន ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ​ឱ្យដឹងថា ​ការដាក់​គោល​ដៅ​បែប​នេះ ​ព្រោះ​រាជរដ្ឋាភិបាល​ចង់​រួមចំណែក​ជួយ​បង្កើន​ផលិត​កម្ម​ដាំដុះ ​តម្លៃ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បន្ថែម​ទៀត ​ដ្បិត​ការនាំចេញ​កន្លងមក​របស់​កម្ពុជា​ភាគ​ច្រើន​លើស​លប់​ជាគ្រាប់​ស្វាយចន្ទី​មិនទាន់​កែច្នៃ ​ហើយ​ទីផ្សារ​ធំបំផុត​គឺ​វៀតណាម។

សូម​បញ្ជាក់​ផងដែរ​ថា ​លោក​វ៉ា រុតសាន ​មិន​ត្រឹមតែ​ជាមន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ​លោក​ក៏ជា​អ្នកជំនាញ​ដាំដុះ​ស្វាយចន្ទី​១រូប​ និង​បានដាំដុះ​ដំណាំ​ស្វាយចន្ទី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក​ក៏បាន​លើកឡើង​ដែរ​ថា ​ក្នុង​ចំណោម​បរិមាណ​នាំចេញ​គ្រាប់​ស្វាយចន្ទី​សរុប​របស់​កម្ពុជា ​ដែល​មាន​ក្នុង​រង្វង់​ប្រមាណ​ជាង​១លាន​តោន​ក្នុង​១ឆ្នាំៗ ​មាន​តែ​៥ភាគរយ​ប៉ុណ្ណោះ ​ដែលជា​ផលិតផល​គ្រាប់​ស្វាយចន្ទី ​ត្រូវបាន​កែច្នៃ​រួច ​ក្រៅពី​នេះ​ជាគ្រាប់​ស្វាយចន្ទី​ស្រស់។

លោក​រុតសាន​ បញ្ជាក់ថា​៖«តាមរយៈ​ទិន្នផល ​ដែល​កម្ពុជា​ផលិតបាន​ជាង​១លាន​តោន​ក្នុង​១ឆ្នាំ ​ពិតជា​មាន​សក្តានុពល​គ្រប់គ្រាន់​ក្នុង​ការទាក់​ទាញ​វិនិយោគិន​បរទេស​ឱ្យ​បោះទុន​វិនិយោគ​ក្នុង​ឧស្សាហកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​នៅ​កម្ពុជា។ បើ​តាម​ការវាយតម្លៃ​របស់​ខ្ញុំ ​កម្ពុជា​ជាប្រទេស ​ដែល​ផលិត​គ្រាប់​ស្វាយចន្ទី​បាន​ច្រើន​ជាងគេ​មួយ​នៅ​លើ​ពិភពលោក»។

លោក​វ៉ា រុតសាន ​ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ​ការដាក់​ចេញ​គោល​នយោបាយ​ស្វាយចន្ទី​របស់​រាជរដ្ឋាភិបាល ​ពិតជា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ខ្សែ​ចង្វាក់​ផលិតកម្ម ​និង​តម្លៃ​គ្រាប់​ស្វាយចន្ទី​នៅ​កម្ពុជា ​ដែល​វា​នឹង​ជួយ​តម្លៃ​គ្រាប់​ស្វាយចន្ទី​ឱ្យកាន់តែ​ល្អប្រសើរ។ ជាពិសេស​ជួយ​ជំរុញ​កំណើន​ការ​ដាំដុះ ​និង​នាំចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ជាដើម។

ជាមួយ​គ្នានេះ​ដែរ​ ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​(សសក) ​លោក​អួន ស៊ីឡុត ​ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ដែរ​ថា ​គោល​នយោបាយ​ជាតិ​ស្វាយ​ចន្ទី ​អាច​អនុវត្ត​ទៅបាន​ ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាក់​បញ្ចូល​ថវិកា​ទៅក្នុង​ចរន្ត​នៃ​ឧស្សាហកម្ម​មួយ​នេះ។

លោក​បញ្ជាក់ថា​៖«ការចាក់​ចូល​ថវិកា​ទៅក្នុង​ឧស្សាហកម្ម​មួយ​នេះ ​សំដៅ​ដល់​ការវិនិយោគ​បន្ថែម​លើ​រោងចក្រ​កែច្នៃ ​ឃ្លាំងស្តុក ​ឡសម្ងួត​ជាដើម​ ដើម្បី​ធ្វើឱ្យ​ឧស្សាហកម្ម​មួយ​ដើរ​បានកាន់តែ​លឿន ​និង​ប្រសើរ​ឡើង ​ក្នុង​ការជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​ជាតិ។ នៅ​ក្នុង​វិស័យ​កសិកម្ម​នេះ ​ខ្ញុំនៅ​តែ​ជឿ​ជាក់​ជានិច្ច»។

ថ្មីៗ​នេះ ​សមាគម​ស្វាយចន្ទី​កម្ពុជា ​ទើបតែ​បានចុះ​អនុស្សរណៈ​យោគយល់​ ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម ​Vinacas ​ក្នុង​ការទិញ​លក់​គ្រាប់​ឆៅ​ត្រង់​ទៅ​ក្រុមហ៊ុន​កែច្នៃ​របស់​វៀតណាម ​ដើម្បី​កាត់បន្ថយ​ឈ្មួញ​កណ្តាល។ សមាគម​ស្វាយចន្ទី​កម្ពុជា ​រំពឹងថា ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ ​ដែល​កសិករ​ផលិត​បាន​នឹង​មាន​តម្លៃ​សមរម្យ ​មាន​ស្ថិរភាព ​ខណៈ​ដែល​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​តិច ​ត្រូវការ​ការបញ្ជាទិញ​គ្រាប់​ឆៅ​ពី​វៀតណាម។ ការ​ជំរុញ​នាំចេញ​គ្រាប់​ឆៅ​នេះ ​ដោយសារតែ​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​តិច​ ត្រូវការ​ការទិញ​គ្រាប់​ឆៅ​ពី​វៀតណាម​បន្ថែម​ទៀត។

សូម​រំឭកថា ​កាលពី​ចុង​ខែកុម្ភៈ ​ឆ្នាំ២០២៣ ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ធ្លាប់បាន​ថ្លែងថា ​នាពេល​ខាងមុខ​ បើ​មាន​លទ្ធភាព ​កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​ដែល​ចែកចាយ​គ្រាប់​ស្វាយចន្ទី​ដ៏​ធំ​មួយ ​ក្នុង​ចំណោម​ប្រទេស​ចែកចាយ​ធំៗ​ដទៃ​ទៀត​នៅលើ​ពិភពលោក ​ព្រោះ​ក្នុង​១ឆ្នាំ ​កម្ពុជា​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ដែល​មិនទាន់​កែច្នៃ​១លាន​តោន ​ខណៈ​ដែល​កម្ពុជា ​កែច្នៃ​ខ្លួន​ឯង​បានតិចតួច​ណាស់ ​ដែល​បានយក​មក​តាំង​ពិព័រណ៍​លក់​នាពេល​កន្លង​មក។

លោក​នាយករដ្ឋមន្រ្តី​បញ្ជាក់ថា​៖«គោល​នយោបាយ​ស្វាយចន្ទី ​ដែល​យើង​បានដាក់​ចេញ​កាលពី​ប៉ុន្មាន​ខែមុន​នោះ​ គឺ​សំដៅ​ទាក់ទាញ​ការកែច្នៃ​នៅ​ក្នុង​ស្រុក។ វៀតណាម ​និង​ឥណ្ឌា ​គឺជា​ប្រទេស ​ដែល​ចែកចាយ​គ្រាប់​ស្វាយចន្ទី​ទៅកាន់​ច្រើន​កន្លែង ​នៅលើ​ពិភពលោក ​ប៉ុន្តែ​វៀតណាម​គាត់​ទៅ​ដឹក​គ្រាប់​ស្វាយចន្ទី​មួយចំនួន​ពី​ប្រទេស​អាហ្វ្រិក​យកមក​កែច្នៃ ​ហើយ​ក៏មាន​១ផ្នែក ​ដែល​កម្ពុជា​យើង​ពឹង​ផ្អែក​លើ​ទីផ្សារ​វៀតណាម ​ដើម្បី​នាំចេញ​គ្រាប់​ស្វាយចន្ទី​ទៅ​ទីនោះ។ ឥណ្ឌា​ក៏ដូច​គ្នា ​១ផ្នែក ​ដាំដុះ​នៅ​ក្នុង​ស្រុក ​តែ​១ផ្នែក​ទៀត​ ក៏​គាត់​នាំចូល​ដែរ។ គ្រាប់​ស្វាយ​ចន្ទី​នេះ​ វា​នាំចេញ​ទៅ​កាន់​គោល​ដៅ​ទេសចរណ៍ ​នៅតាម​ទីផ្សារ​នានា​នៅលើ​ពិភពលោក»។

សូម​បញ្ជាក់ថា​ «គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយ​ចន្ទី ​ឆ្នាំ២០២២-២០២៧» ​ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី១៣ ​ខែមករា ​ឆ្នាំ២០២៣ ​ដើម្បី​អភិវឌ្ឍ​ផលិតកម្ម ​កែច្នៃ ​និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ប្រកប​ដោយ​បរិយាប័ន្ន ​ធានា​នូវ​និរន្តរភាព ​និង​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។

របាយ​ការណ៍​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា ​បានបង្ហាញ​ថា ​ក្នុង​ឆ្នាំ២០២២ ​កម្ពុជា​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ ​ចំនួន​៦៧ម៉ឺន​តោន​ គិត​ជា​ទឹកប្រាក់​១ពាន់ ​៧៧លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ប្រទេស​ដែល​នាំចូល​គ្រាប់​ស្វាយចន្ទី​ពី​កម្ពុជា ​មាន​ជាអាទិ៍ ​ប្រទេស​វៀតណាម ​ជប៉ុន​ និង​ចិន ​ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​កំពុង​តែ​សម្លឹង​មើល​ឱកាស​ក្នុង​ការនាំចូល​គ្រាប់​ស្វាយចន្ទី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ខ្លួន​ដែរ៕