ការ​មក​ដល់​ទាន់​ពេលវេលា​នៃ​ប្រាក់​កម្ចី​គ្មាន​ការ​ប្រាក់​គឺ​ដើម្បី​ជួយ​អ្នក​លក់​គ្រឿងទេស អ្នកស្រី ប្រាក់ លឹមហៀង បន្ត​ផ្តល់​ដល់​អតិថិជន​នៅ​សង្កាត់​របស់​គាត់ ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ទោះបីជា​មាន​ការ​ប្រឈម​នឹង​ការ​ផ្គត់ផ្គង់​តាម​រដូវកាល​ក៏ដោយ។

សហគ្រិន​ស្ត្រី​ដែល​មាន​គំនិត​ច្នៃប្រឌិត​រូបនេះ​ បាន​រៀបចំ​យុទ្ធសាស្រ្ត​អាជីវកម្ម​របស់​គាត់​រួច​ហើយ​សម្រាប់ រដូវក្តៅ​នេះ និង​រដូវភ្លៀង​ខាងមុខ ដោយ​ទិញ​ទំនិញ​សំខាន់ៗ​ស្តុក​ទុក​ជាច្រើន ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​គាត់​បន្ត​រីក​ចម្រើន និង​ធានា​ថា គាត់​មាន​ស្តុក​ទំនិញ​គ្រប់គ្រាន់​សម្រាប់​អតិថិជន​របស់​គាត់។

ការ​ផ្តល់​មូលនិធិ​របស់​ សុវណ្ណាភូមិ ឡាយហ្វ៍ ដល់​សហគ្រិន​ស្ត្រី​រូប​នេះ ដែល​ជា​គម្រោង​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ​នេះ បាន​ឈាន​មក​ដល់​ពេលវេលា​ដ៏​សំខាន់​ ហើយ​សម្រាប់ អ្នកស្រី លឹមហៀង ដែល​អ្នក​ស្រី​គ្រោង​នឹង​ប្រើប្រាស់​ដើមទុន​នេះ ដើម្បី​វិនិយោគ​លើ​ការ​ទិញ​ទំនិញ​ស្តុក​ទុក​បន្ថែម​សម្រាប់​ការ​ផ្លាស់ប្តូរ​តាម​រដូវកាល។

អ្នកស្រី លឹមហៀង អាយុ ៣៩ឆ្នាំ បាន​ថ្លែង​បន្ត​ថា ៖«គម្រោង​ផ្តល់​កម្ចី​ខ្នាត​តូច​ដោយ​ឥត​គិតការ​ប្រាក់​នេះ គឺ​ពិតជា​ល្អ​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​រដូវក្ដៅ​នេះ។ ខ្ញុំ​អាចទិញទំនិញ​ស្តុក​ទុក​បាន​ជិត​មួយ​ឆ្នាំ​ជាមួយ​នឹង​កម្ចី​ចំនួន ៣០០ ដុល្លារ ព្រោះ​តម្លៃ​ទំនិញ​បច្ចុប្បន្ន​គឺ​ថោក​ជាង​រដូវ​ភ្លៀង។ ខ្ញុំ​ក៏​អាច​រក​ប្រាក់​ចំណេញ​បាន​ខ្លះ​ដែរ ពីព្រោះ​វា​ជា​កម្ចី​ឥតការ​ប្រាក់»។

អ្នកស្រី​គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៥​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​សុវណ្ណាភូមិ ឡាយហ្វ៍ សម្រាប់​គម្រោង CSR របស់​ខ្លួន ជា​គម្រោង​ផ្តល់​មូលនិធិ​ដល់​សហគ្រិន​ស្ត្រី​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ខ្នាតតូច​ដោយ​សហការ​ជាមួយ Lady Saving Group ដែល​ជា​ផ្នែកមួយ​នៃ​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ Women Entrepreneurs Act។

អ្នកស្រី លឹមហៀង គឺជា​សហគ្រិន​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់។ អ្នកស្រី​ខិតខំ​តស៊ូ មិន​ចុះ​ចាញ់ សូម្បី​តែ​បន្ទាប់ពី​អាជីវកម្ម​បោកអ៊ុត និង​ស្ប៉ា របស់​គាត់​បាន​ដួលរលំ​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​ក៏ដោយ។ ផ្ទុយទៅវិញ អ្នកស្រី​បាន​បន្ត​បើក​ហាង​លក់​គ្រឿងទេស ដែល​ជួយ​លើក​កម្ពស់​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស ទឹកឃ្មុំ​ដែល​អ្នកស្រី​ទិញ​មក​ពី​ខេត្ត​មណ្ឌលគិរី ជា​ខេត្ត​ដែល​ល្បីល្បាញ​ដោយសារ​ទឹក​ឃ្មុំព្រៃ និង​ពេញ​និយម​ក្នុង​ចំណោម​អតិថិជន​របស់​គាត់​ផងដែរ។

លោក Loke Kah Meng អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុ​វណ្ណា​ភូមិ ឡាយហ្វ៍ មាន​ប្រសាសន៍​ថា ៖«វា​ពិត​ជា​គួរ​ឱ្យ​រំភើប​ណាស់ ដែល​បាន​មើលឃើញ​ស្ត្រី​កំពុង​ឈាន​ជើង​ចូល​ទៅ​ក្នុង​ពិភព​ជំនួញ​ជាមួយ​ជំនាញ ឬ ធនធាន​ហិរញ្ញវត្ថុ​មាន​កម្រិត។ គោលដៅ​នៃ​គម្រោង CSR របស់​យើង​គឺ​ជំរុញ​ទឹកចិត្ត​សហគ្រិន​ស្ត្រី​ទាំង​នេះ ហើយ​យើង​សង្ឃឹម​ថា ជាមួយ​នឹង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​តិចតួច​របស់​យើង​នេះ ពួកគាត់​អាច​ក្លាយ​ជា​សហគ្រិន​ដែល​មាន​ភាព​រីកចម្រើន និង​ទទួល​បាន​សុវត្ថិភាព​ហិរញ្ញ​វត្ថុ​ផងដែរ»។

សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ចាប់ផ្តើម​យុទ្ធនាការ CSR របស់​ខ្លួន​ដោយ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ស្ត្រី “Women Run 10k 2023” ក្នុង​ទិវា​អន្តរជាតិ​នារី ៨​ មីនា។

ព្រឹត្តិការណ៍​រត់​ប្រណាំង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ» ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ហើយ​សុវណ្ណាភូមិ ឡាយហ្វ៍ បាន​សន្យា​ថា​នឹង​ចូលរួម​វិភាគ​ទាន​ចំនួន ៤ ០០០ រៀល សម្រាប់​ការ​ចុះ​ឈ្មោះ​ចូលរួម​រត់​ម្នាក់ ដើម្បី​ផ្តល់​មូលនិធិ​ដល់​គម្រោង​គំនិត​ផ្តួចផ្តើម CSR របស់​ខ្លួន។

អ្នករត់​ប្រណាំង​ប្រមាណ ១ ៦០០ នាក់ បាន​ចូលរួម​ក្នុងការ​រត់​ប្រណាំង​ចម្ងាយ​ ១០ គីឡូម៉ែត្រ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សួនច្បារ​វត្ត​បទុមវតី មហាវិថី​សុធារស រាជធានី​ភ្នំពេញ ក្នុងនោះ​ក៏មាន​ការរត់​កម្សាន្ត​លក្ខណៈ​គ្រួសារ និង​កុមារ​ក្នុង​ចម្ងាយ ៤ គីឡូម៉ែត្រ​ផងដែរ​។​

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​នឹង​ផ្តល់​ថវិកា​ចំនួន ២ ០០០ ដុល្លារ​សម្រាប់​គម្រោង CSR ដែល​ក្នុងនោះ​ ៥០០ ដុល្លារ​នឹង​ផ្តល់ទៅឱ្យ Lady Saving Group ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សកម្មភាព​ដែល​កំពុងដំណើរការ​រ​បស់​ខ្លួន ខណៈ​សហគ្រិន​ចំនួន៥រូប ​ដែល​ត្រូវបាន​ជ្រើសរើស​នឹង​ទទួលបាន​ប្រាក់កម្ចី​ចំនួន ​៣០០ ​ដុល្លារ​ដោយ​គ្មាន​ការប្រាក់​។​

ប្រាក់កម្ចីគ្មានការប្រាក់នេះនឹងត្រូវបញ្ជូនតាមរយៈ Lady Saving Group ហើយកម្ចីត្រូវសងត្រឡប់វិញក្នុងរយៈពេល១០ខែ។ បន្ទាប់មក ប្រាក់នោះនឹងត្រូវបានចែកចាយឡើងវិញទៅឱ្យសហគ្រិនស្ត្រីផ្សេងទៀតដែលស័កិ្កសមនិងទទួល។

អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និង​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​និង​កម្មវិធី​នៃ Lady Saving Group ថ្លែង​ថា ៖«គម្រោង CSR របស់​សុវណ្ណាភូមិ ឡាយហ្វ៍ អាច​ជា​កាតាលីករ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រិន​ស្ត្រី​ដែល​គាំទ្រ​សេដ្ឋកិច្ច​របស់​យើង។ ពួកគាត់​នាំ​មក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សង្គមជាតិ​របស់​យើង តាម​រយៈ​ការ​បង្កើត​ការងារ កាត់​បន្ថយ​ភាព​ក្រីក្រ ក្លាយ​ជា​គំរូ និង​កា្លយ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​របស់​ពួកគេ»។

សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស​រហូតដល់ ២០ ភាគរយ លើ​ផលិតផល​ដ៏​ពេញនិយម​របស់ខ្លួន​គឺ SMILE Life Solutions សម្រាប់​អ្នកចូលរួម​ទិវា​រត់ប្រណាំង​ស្ត្រី​ ១០​គីឡូម៉ែត្រ​។​​ការផ្តល់ជូន​នេះ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២៣៕